នៅយប់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ នេះ ផលិតកម្មខ្មែរមេគង្គបានដាក់សម្ពោធភាពយន្ដដ៏ល្អរបស់ខ្លួនមានចំណងជើងថា « ព្រឺ » ដែលមានវត្តមានតារាសិល្បៈជាច្រើនដួងល្បីៗឈ្មោះ បានចូលរួមនៅក្នុងបរិវេណរោងភាពយន្ដ Major Cineplex ផ្សារទំនើបអ៊ីនអន១។
ពីអ្នកដឹងនាំរឿង លោក Olivier Van Bockstael អ្នកនិពន្ធរឿង «ព្រឺ» បានថ្លែងអះអាងថា លោកហ៊ានភ្នាល់ជាមួយទស្សនិកជនថា គ្មានអ្នកណាស្មានត្រូវទេថា «អ្នកណាជាឃាតក?» ក្នុងនៅក្នុងខ្សែភាពយន្តនេះ។ រឿង «ព្រឺ» សរសេរឡើងដើម្បីពញ្ញាក់អារម្មណ៍ទស្សនិកជន និងឱ្យគ្រប់គ្នាស្លុង ជាមួយអ្នកគ្រូមាលា ដែលមកបង្រៀននៅភូមិដាច់ស្រយាល មានរឿងឃាតកម្ម ដ៏គួរឱ្យភ័យខ្លាច។ អ្វីគួរឱ្យខ្លាចបំផុតគឺ នាងមិនអាចទុកចិត្តអ្នកណា សូម្បីតែអ្នកស្និទ្ធស្នាល។ ខ្សែភាពយន្តរឿង «ព្រឺ» ក៏នាំមកជូននូវទស្សនីយភាពដ៏ស្រស់ស្អាតនៅតំបន់មួយ និងការចូលរួមសម្តែងពីតារាស្រស់ស្អាត មានទេពកោសសល្យ កញ្ញា វណ្ណៈ បូរមី និង មឿន ឯកសុភារិទ្ធ និងតួជាច្រើនទៀត។ កាន់តែពិសេសលោកស្រី ស្វែង សុជាតា តារាសម្តែងបានគ្រប់ទម្រង់ ក៏បង្ហាញមុខក្នុងរឿង «ព្រឺ» ក្នុងនាមជាជនគួរឱ្យសង្ស័យម្នាក់ដែលអាចជាឃាតករផងដែរ។
សូមជម្រាបផងដែរថា ក្នុងពិធីសម្ពោធនោះ ក្រៅពីល្ខោនបាសាក់ ក៏មានក្រុមចម្រៀងរ៉ក់ និងវត្តមានតារាសិល្បៈជាច្រើន ខណៈដែលផលិតករក៏ចូលរួមជាភ្ញៀវកិត្តិយសច្រើន ធ្វើឱ្យពិធីសម្ពោធរឿង«ព្រឺ ឬ Fear» កាន់តែអឹកអធឹក។ តួសម្ដែងក្នុងវង់ល្ខោនបាសាក់២រូប គឺតួអង្គយក្ស និងតួអង្គនាគ បានបង្កើតនូវផ្ទាំងទស្សនិយភាពយ៉ាងល្អប្លែកភ្នែក ធ្វើឱ្យទម្រង់ល្ខោនបាសាក់ទទួលបានការចាប់អារម្មណ៍ ក្នុងពេលយុវវ័យ ស្ទើរបំភ្លេចចោលទៅហើយ។ លោក សាហារ៉ា ពិធីករប្រកាសថា គឺជាការជ្រើសរើសមួយដ៏ល្អ ដែលទម្រង់ល្ខោនបាសាក់ត្រូវបានផលិតករភាពយន្តមួយនេះ លើកយកមកបង្ហាញក្នុងពិធីសម្ពោធរឿងខុសប្លែកពីគេ។ លោកបានទាំងទទូចឱ្យផលិតករដទៃទៀត រួមគ្នាលើកស្ទួយល្ខោនបាសាក់ឱ្យបានកាន់តែច្រើនក្នុងពិធីផ្សេង ក្រៅតែពីបុណ្យក្នុងវត្តអារ៉ាមនោះផង។
តើអ្នកគាំទ្រទាំងអស់ហ៊ានភ្នាល់ ជាមួយអ្នកដឹកនាំរឿងដែរឬអត់ថា «អ្នកណាជាឃាតក?» បើចង់ជាក់ច្បាស់សូមរកកក់សំបុត្រទស្សនាចាប់ពីថ្ងៃនេះតទៅគ្រប់រោងភាពយន្ដទំនើប ក៏ប៉ុន្ដែបើអ្នកបានទស្សនាហើយ សូមកុំប្រាប់មិត្តភ័ក្ដរបស់អ្នកឱ្យសោះថា នរណាជាឃាតក ព្រោះដើម្បីឱ្យមិត្តរបស់អ្នកបានទស្សនា និងរំជើបរំជួលតាមសាច់រឿងដែលនឹកស្មានមិនដល់៕