នៅឆ្នាំនេះ មិនខុសពីឆ្នាំមុនៗទេ ក្រសួងអប់រំ យុវជន និងកីឡា នៅតែយកចិត្តទុកដាក់ខ្លាំងលើការកម្រិតវិន័យសិស្សឱ្យបានល្អលើការប្រឡងមធ្យមសិក្សាទុតិយភូមិ។ ស្ទើរគ្រប់នីតិវិធីគ្មានការផ្លាស់ប្តូរទេ គ្រាន់តែឆ្នាំនេះខុសពីឆ្នាំមុនបន្តិច ត្រង់គ្មានអ្នកសង្កេតការណ៍ពីខាងក្រៅប៉ុណ្ណោះ។
ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំថ្មីនេះនឹងគ្មានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តពីអង្គភាពប្រឆាំងអំពើពុករលួយដូចឆ្នាំមុនៗទេ តែទោះជាយ៉ាងណាក៏ដោយ ក៏ការប្រឡងនៅតែប្រកាន់ច្បាប់តឹងរ៉ឹងដដែល។
ជំនួសឱ្យអ្នកសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយដូចឆ្នាំមុនៗ នៅឆ្នាំនេះក្រសួងអប់រំបានដាក់មន្ត្រីអប់រំជាជំនួយការអប្បមាទ និងអប្បមាទបន្ថែម ដើម្បីឱ្យគាត់ត្រួតពិនិត្យមើល និងតាមដានលើការគ្រប់គ្រងរបស់មន្ត្រីអនុរក្សនៅក្នុងបន្ទប់នីមួយៗ។ ចំពោះមន្ត្រីណាដែលត្រូវបានរកឃើញថាមានភាពមិនប្រក្រតី នោះក្រសួងអប់រំនឹងធ្វើការប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់វិធានការតាមច្បាប់ ដើម្បីឱ្យដំណើរនៃការប្រឡងប្រព្រឹត្តទៅយ៉ាងមានតម្លាភាព យុត្តិធម៌ និងស្របតាមច្បាប់អាចទទួលយកបាន៕