ក្លិបហង្សក្រហម Liverpool បានបំពេញការផ្ទេរខ្សែបម្រើស្លាបអន្តរជាតិអេហ្ស៊ីប Mohamed Salah ពីក្លិប Roma ក្នុងតម្លៃខ្លួន 36.9លានផោន (ស្មើនឹង47លានដុល្លារអាមេរិក)។
កីឡាករវ័យ 25ឆ្នាំរូបនេះ បានក្លាយជាគោលដៅទិញចូលជាយូរមកហើយ ខណៈដែល Liverpool បានបរាជ័យក្នុងការចុះហត្ថលេខាជាមួយនឹងរូបគេកាលពី 3ឆ្នាំមុន ដែលនៅពេលនោះ Salah បានចូលរួមជាមួយនឹងក្លិប Chelsea នៅមុនពេលជួបពេលវេលាដ៏ខកចិត្តមួយក្នុងក្របខ័ណ្ឌ Premier League។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រោយពីបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងក្របខ័ណ្ឌ Serie A តាមរយៈការរកបាន 29គ្រាប់ ក្នុងការបង្ហាញខ្លួន 65លើក សម្រាប់ Roma លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool ជឿជាក់ថា ខ្សែបម្រើស្លាបរូបនេះ បានធ្វើការអភិវឌ្ឍកាន់តែខ្លាំងជាងមុន ហើយល្បឿនដ៏អស្ចារ្យរបស់គេ នឹងជួយពង្រឹងក្នុងតំបន់ប្រយុទ្ធរបស់ក្រុមហង្សក្រហម។
ក្នុងពេលនិយាយទៅកាន់គេហទំព័រ Liverpoolfc.com ខ្សែបម្រើស្លាប Salah បានឲ្យដឹងថា៖ «ខ្ញុំពិតជារំភើបណាស់ក្នុងការមកទីនេះ ខ្ញុំរីករាយណាស់»។ ខ្សែបម្រើស្លាបរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំនឹងខំប្រឹង 100ភាគរយ និងផ្តល់ឲ្យនូវរាល់អ្វីៗទាំងអស់សម្រាប់ក្លិបនេះ។ ខ្ញុំពិតជាចង់ឈ្នះពានសម្រាប់ក្លិបនេះខ្លាំងណាស់»។
Salah បានបន្ថែមទៀតថា៖ «យើងមានក្រុមដ៏អស្ចារ្យមួយ និងកីឡាករឆ្នើមៗជាច្រើន។ ខ្ញុំបានទស្សនាការប្រកួតរបស់ពួកគេជាច្រើនកាលពីឆ្នាំមុន ហើយគ្រប់គ្នាពិតជាលេងបាន 100ភាគរយដើម្បីយកឈ្នះឱ្យខាងតែបាន។ គ្រប់គ្នាអាចមើលឃើញថា គ្រូបង្វឹកពិតជាខិតខំព្យាយាមយ៉ាងខ្លាំង។ ខ្ញុំសង្ឃឹមថា យើងអាចរួមគ្នាប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីឈ្នះពានសម្រាប់ក្លិបនេះ សម្រាប់អ្នកគាំទ្រ និងសម្រាប់ខ្លួនយើងផ្ទាល់»៕
ប្រភពព័ត៌មាន៖ The Guardian