ពី 1ថ្ងៃទៅ 1ថ្ងៃ ពិភពលោកបាននិងកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ព្រោះរបត់នៃបច្ចេកវិទ្យា និងការប្រកួតប្រជែងកាន់តែខ្លាំងនៃប្រទេសអភិវឌ្ឍន៍នានាដែលធ្វើឱ្យតម្រូវការជំនាញចាំបាច់ត្រូវតែធ្វើការផ្លាស់ប្តូរ។ បច្ចុប្បន្ននេះមានជំនាញខ្លះសិស្សរៀនមិនទាន់ចប់ស្រួលបួលផង ពិភពលោកក៏ទៅហួសបាត់ ដែលធ្វើឱ្យការងារនោះបាត់បង់តម្លៃ ហើយសិស្ស និស្សិតត្រូវរតតាមជំនាញថ្មីៗដែលធ្វើឱ្យពួកគេចំណាយពេលវេលាច្រើនក្នុងដំណើរជីវិតដើម្បីស្វែងរកភាពរីកចម្រើនក្នុងអាជីពការងារ និងការប្រកួតប្រជែង។
លោក ប៉ិច ប៉ូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញអេឌ្យូខេសិន គ្រុប បានលើកឡើងក្នុងកម្មវិធីធ្វើបទបង្ហាញពីកម្មវិធីរបស់សាលារៀន Leaderland English Academy ថា ពិភពលោកបច្ចុប្បន្ននេះមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដែលបច្ចេកវិទ្យាកាន់តែវិវឌ្ឍលឿន មនុស្សកាន់តែត្រូវការចំណេះដឹងខ្ពស់ ហើយលើសពីនេះទៅទៀត ក៏ត្រូវការផងដែរនូវជំនាញថ្មីៗដើម្បីឱ្យទាន់បម្រែបម្រួលទាំងអស់នេះ។ របត់នៃតម្រូវការពិភពលោកអាចនឹងធ្វើឱ្យជំនាញចាស់ៗមួយចំនួនត្រូវបាត់បង់តម្លៃដោយសារតែវិធីសាស្ត្រនៃការធ្វើការងារត្រូវផ្លាស់ប្តូរ ហេតុនេះជំនាញខ្លះទម្រាំសិស្សរៀនចប់ ពិភពលោកក៏លែងត្រូវការចំណេះដឹងទាំងអស់នោះបាត់ទៅហើយ។ ទោះជាយ៉ាងនេះក្តី ប្រសិនបើយុវជនចេះជំនាញសំខាន់ៗមួយចំនួនដែលស្របនឹងរបត់នៃសតវត្សរ៍ទី21នេះ ទោះបីពិភពលោកមានភាពប្រែប្រួលដល់ណាក៏គាត់នៅតែអាចឈរជើងក្នុងទីផ្សារការងារ និងមានតម្លៃសម្រាប់គ្រប់សម័យកាលបានទាំងអស់។
លោក ប៉ិច ប៉ូឡែន បាននិយាយថា៖ “ជំនាញភាសា ភាពជាអ្នកដឹកនាំ សហគ្រិនភាព និងបច្ចេកវិទ្យា ជាជំនាញដែលពិភពលោកត្រូវការ និងរក្សាបានសារៈសំខាន់ជាប់ជានិច្ច បើទោះបីជាពិភពលោកប្រែប្រួលដល់ណាក៏ដោយ”។
ស្ថាបនិកស្ថាប័នអប់រំខាងលើបានបង្ហាញហេតុផលផងដែរថា នៅថ្ងៃអនាគតពិភពលោកនឹងកាន់តែខិតជិតគ្នា ហើយចរន្តនៃលំហូរប្រជាជនកាន់តែទូលំទូលាយទៅៗ ដែលធ្វើឱ្យប្រជាជនកាន់តែមានសេរីភាពក្នុងការធ្វើការងារ ឬរកស៊ីនៅគ្រប់ទីកន្លែង។ ហេតុនេះប្រសិនបើយុវជនចេះជំនាញភាសាច្បាស់លាស់ នោះគាត់នឹងអាចងាយស្រួលក្នុងការប្រកួតប្រជែងកាន់តែខ្លាំង ដោយគាត់អាចទៅធ្វើការងារ ឬទាញយកឱកាសការងារយ៉ាងទូលំទូលាយលើពិភពលោក មិនមែនរង់ចាំតែឱកាសការងារក្នុងស្រុកនោះទេ។ ម្យ៉ាងវិញទៀត សម្រាប់ការធ្វើអាជីវកម្មក៏ដូចគ្នាដែរ ភាសា ជាផ្នែកមួយដ៏សំខាន់ក្នុងការទំនាក់ទំនង និងជាឈ្នាន់សម្រាប់ការតភ្ជាប់អាជីវកម្ម រួមទាំងស្រាវជ្រាវឱ្យដឹងពីប្រភពចំណេះដឹងសំខាន់ៗសម្រាប់អភិវឌ្ឍន៍។ ហេតុនេះប្រសិនបើមិនមានចំណេះដឹងភាសាសកលច្បាស់លាស់ទេ យុវជនជំនាន់ថ្មីនឹងជួបផលលំបាកជាខ្លាំងលើគ្រប់ផ្នែកទាំងអស់ មិនថាការរស់នៅ ការធ្វើការងារ ឬការធ្វើអាជីវកម្មនោះទេ។
បន្ថែមពីលើនេះជំនាញភាពជាអ្នកដឹកនាំក៏ជាជំនាញមួយសំខាន់ដែរ ដែលមនុស្សមិនអាចខ្វះបាន ព្រោះបន្តិចទៀតម៉ាស៊ីនស្វ័យប្រវត្តិនឹងធ្វើការងារជំនួសមនុស្ស ដែលធ្វើឱ្យអាជីពការងារជាច្រើនអាចនឹងបាត់បង់។ តែទោះបីជាយ៉ាងនេះក៏ដោយ ជំនាញភាពជាអ្នកដឹកនាំនៅតែសំខាន់គ្រប់សម័យកាល ព្រោះម៉ាស៊ីនមិនអាចមានភាពជាអ្នកដឹកនាំបានទេ ហើយម៉ាស៊ីនក៏គ្មានភាពបត់បែនក្នុងការដឹកនាំដូចមនុស្សដែរ។ ការដែលយុវជនមានភាពជាអ្នកដឹកនាំខ្ពស់ មិនថាតែនៅពេលអនាគតនោះទេ សូម្បីតែបច្ចុប្បន្នក៏គ្រប់គ្រឹះស្ថាន និងស្ថាប័នទាំងអស់ ទាំងរដ្ឋ និងឯកជន ក៏សុទ្ធតែត្រូវការមនុស្សប្រភេទនេះដែរ ព្រោះមនុស្សដែលមានភាពជាអ្នកដឹកនាំខ្ពស់អាចធ្វើការងារមានប្រសិទ្ធភាពខ្ពស់បំផុត។
ចំណែកឯជំនាញសហគ្រិនភាពវិញ លោក ប៉ិច ប៉ូឡែន បានបញ្ជាក់ថា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់បរិបទអនាគត និងជាពិសេសសម្រាប់ប្រជាជនខ្មែរយើង ព្រោះសហគ្រិនភាពអាចជួយដល់យុវជនខ្លួនឯងផ្ទាល់ឱ្យបង្កើតបាននូវផលិតផល ឬសេវាកម្មប្រកបដោយមោទនភាពផង និងអាចជួយដល់សង្គម រួមទាំងប្រជាជនជាច្រើនផ្សេងទៀតផង តាមរយៈការផ្តល់ការងារដល់ពួកគេ។ ប្រសិនបើយុវជនចេះជំនាញសហគ្រិនភាព នោះយើងនៅតែអាចទាញយកបានផលចំណេញនៅគ្រប់កាលៈទេសៈទាំងអស់ព្រោះខណៈពេលដែលម៉ាស៊ីនកាន់តែឆ្លាត មនុស្សទូទៅកាន់តែត្រូវបត់បែន សហគ្រិនកាន់តែមានឱកាសខ្ពស់ក្នុងការគ្រប់គ្រង ហើយទាញយកប្រយោជន៍ជាវិជ្ជមានបានកាន់តែល្អ។ ហេតុនេះប្រសិនបើក្មេងៗជំនាន់ក្រោយមានចំណេះដឹងល្អផ្នែកសហគ្រិនភាព នោះពួកគេនឹងត្រៀមខ្លួនបានល្អក្នុងការទទួលយកភាពវិជ្ជមាន ដោយមិនចាំបាច់ព្រួយបារម្ភពីអនាគតនោះទេ។
លោក ប៉ិច ប៉ូឡែន បាននិយាយថា៖ “ក្នុងរបត់ដែលបច្ចេកវិទ្យាកាន់តែសំខាន់នេះ យុវជនចាំបាច់ត្រូវតែចេះបច្ចេកវិទ្យា ព្រោះទន្ទឹមនឹងម៉ាស៊ីនអាចធ្វើការងារជំនួសអាជីពមួយចំនួនបាន ពិភពលោកក៏ត្រូវការអ្នកគ្រប់គ្រងម៉ាស៊ីនទាំងអស់នោះច្រើនផងដែរ ហេតុនេះបើចេះបច្ចេកវិទ្យា យើងនៅតែជាមនុស្សដែលគេត្រូវការ”។
លោក ប៉ិច ប៉ូឡែន បានបន្ថែមទៀតថា ដោយមើលឃើញពីសារៈសំខាន់នៃចំណេះដឹងមិនអាចខ្វះបានទាំងអស់នេះហើយ ទើបយើងបង្កើតឱ្យមានសាលា Leaderland English Academy ថ្មីមួយទៀតដើម្បីផ្តល់នូវចំណេះដឹងសំខាន់ៗទាំងអស់នៅកន្លែងតែមួយ សម្រាប់បណ្តុះបណ្តាលយុវជនជំនាន់ថ្មីរបស់យើងឱ្យក្លាយជាមនុស្សដែលមានចំណេះដឹង ជំនាញ និងសក្តានុពលខ្លាំង ឆ្លើយតបជាមួយនឹងសម័យកាលថ្មី។ យើងបានបំពាក់បច្ចេកវិទ្យាទំនើបៗដូចជាកម្មវីធី AR (argument reality) ដែលអាចឱ្យសិស្សកាន់តែយល់ពីមេរៀន ដោយគ្រាន់តែយកឧបករណ៍អេឡិចត្រូនិកថតរូបភាពក្នុងសៀវភៅ នោះនឹងបង្ហាញពីព័ត៌មានកាន់តែលម្អិតពីដំណើរការនៃមេរៀននោះទាំងមូល រួមទាំងឧបករណ៍ VR (virtual reality) ជាច្រើនគ្រឿង ពីក្រុមហ៊ុន SilVRgrow TECHNOLOGY PTE LTD ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអប់រំឈានមុខគេដែលមានឧបករណ៍សម្រាប់បច្ចេកវិទ្យា VR និង AR ដើម្បីឱ្យសិស្សទទួលបទពិសោធថ្មីនៃការអប់រំកាន់តែលម្អិត ទំនើប និងច្បាស់លាស់។ បន្ថែមពីលើនេះ យើងក៏បង្កើតកម្មវីធីសិក្សាប្រកបដោយភាពយកចិត្តទុកដាក់ សំដៅផ្តល់សមត្ថភាពច្បាស់លាស់លើផ្នែកភាសា ភាពជាអ្នកដឹកនាំ សហគ្រិនភាព និងបច្ចេកវិទ្យា។
សាលារៀន LEADERLAND English Academy មានទីតាំងស្ថិតនៅ ផ្ទះលេខ 119A ផ្លូវលេខ 644 សង្កាត់ច្បារអំពៅ1 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សាលាទទួលបង្រៀនសិស្សចាប់ពីអាយុ13ឆ្នាំឡើងទៅ និងចាប់ផ្តើមបើកទទួលចុះឈ្មោះសិស្ស ចាប់ពីថ្ងៃនេះ តទៅ។ ចុះឈ្មោះចាប់ពីអំឡុងពេលនេះ រហូតដល់ថ្ងៃទី31 ខែកក្កដា នឹងទទួលបានការផ្តល់ជូនប្រូម៉ូសិន ពិសេសពីសាលាផងដែរ៕