មានមនុស្សភាគច្រើនកំពុងប្រឈមនឹងការកើតជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ដូចជា ជំងឺមហារីក និងជំងឺវិបត្តិចិត្តជាដើម។ ក្នុងចំណោមជំងឺនានា ដែលជាប្រភេទជំងឺមិនឆ្លង តែក៏អាចជាកត្តាធ្វើឱ្យស្លាប់ និងពិការភាពច្រើនជាងគេជាពិសេសគឺ ជំងឺស្ទះសរសៃឈាមបេះដូង ជាមូលហេតុចម្បងនៃការស្លាប់ និងកំពុងកើនឡើងខ្ពស់។
អ្នកជំងឺស្លាប់ដោយសារស្ទះសរសៃឈាមបេះដូងមានចំនួនមិនតិចជាង128នាក់ក្នុងមួយឆ្នាំៗនៃប្រទេសក្នុងតំបន់អាស៊ី។ ដោយសារតែមូលហេតុខាងលើនេះហើយបានជាការតាមដាន និងការស្វែងរករោគវិនិច្ឆ័យនៃជំងឺស្ទះសរសៃឈាមបេះដូងនៅដំណាក់កាលដំបូងៗ តាមគ្រប់វិធីសាស្ត្រដែលមាន ជាពិសេសដោយមានជំនួយពីគ្រូពេទ្យឯកទេសបេះដូង ជាមួយនឹងសមត្ថភាពជំនាញវិភាគរូបភាពវេជ្ជសាស្ត្រសរសៃឈាមបេះដូង តាមរយៈម៉ាស៊ីនស្កែនបច្ចេកវិទ្យាចុងក្រោយ Multislice CT Scan ពិតជាមានសារប្រយោជន៍ខ្លាំងណាស់ ចំពោះអ្នកដែលមានរោគសញ្ញានៃជំងឺនេះ។
តែយ៉ាងណាមិញ អ្នកជំងឺស្ទះសរសៃឈាមបេះដូង ក៏ត្រូវបានគ្រូពេទ្យណែនាំឱ្យប្រើប្រាស់នូវវិធីសាស្ត្រផ្ទាល់ខ្លួនមួយចំនួនក្នុងការមើលថែរក្សាខ្លួន និងធ្វើការព្យាបាលដោយខ្លួនឯងជាបណ្តោះអាសន្ន មុនពេលអាការជំងឺកាន់តែកម្រើកឡើងធ្ងន់ធ្ងរខ្លាំងឡើង។ ឡារ៉ែន នឹងបង្ហាញជូននូវវិធីសាស្ត្រ 6ចំណុចដូចខាងក្រោម ដើម្បីជាជំនួយស្មារតីរបស់អ្នកក្នុងការទប់ទល់ជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ។
1. ទទួលទានថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានត្រឹមត្រូវ។ សូមកុំឈប់ប្រើប្រាស់ថ្នាំដោយការសម្រេចចិត្តរបស់ខ្លួនឯង ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន បើទោះបីជាមានអារម្មណ៍ថា អាការបានជាសះស្បើយល្អប្រសើរឡើងវិញក្ដី ឬមិនឃើញភាពខុសប្លែកពីអាការជំងឺកន្លងមកក៏ដោយ ក៏មិនត្រូវបញ្ឈប់ការទទួលទានថ្នាំដោយខ្លួនឯងជាដាច់ខាត។ អ្នកគប្បីទទួលបានការណែនាំពីគ្រូពេទ្យប្រចាំខ្លួន ដែលបានតាមដានប្រវត្តិជំងឺរបស់អ្នក និងធ្វើការត្រួតពិនិត្យសុខភាពបេះដូង ចង្វាក់បេះដូងជាប្រចាំថ្ងៃ ឬប្រចាំសប្ដាហ៍។
2. អ្នកត្រូវគ្រប់គ្រងលើកត្តាផ្សេងៗ ដែលអាចបណ្ដាលឱ្យអាការជំងឺកម្រើកឡើងមកវិញដូចជា គ្រប់គ្រងលើអាការសម្ពាធឈាម និងជំងឺលើសឈាមជាដើម ដើម្បីជួយឱ្យចង្វាក់បេះដូង និងលំហូរឈាមស្ថិតនៅក្នុងលំដាប់ឈាមធម្មតា។ ត្រូវគ្រប់គ្រងអាការជំងឺទឹកនោមផ្អែម កុំឱ្យលើសបរិមាណជាតិស្ករក្នុងឈាម និងត្រូវគ្រប់គ្រងបរិមាណជាតិខ្លាញ់ក្នុងសរសៃឈាមកុំឱ្យលើសដូចគ្នាដែរ។
3. ត្រូវធ្វើការណាត់ជួបគ្រូពេទ្យជារៀងរាល់1សប្ដាហ៍ម្ដង ឬមួយខែម្ដង ដើម្បីពិនិត្យសុខភាពបេះដូង។
4. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ តែប្រសិនបើអ្នកមិនច្បាស់នៅក្នុងចិត្តអំពីរបៀបហាត់ប្រាណយ៉ាងណា ដើម្បីកុំឱ្យឆាប់នឿយហត់នោះ ឬអ្នកមានបញ្ហាខ្លាចហាត់ប្រាណលើសពីកម្លាំងរបស់ខ្លួននោះ អ្នកគប្បីគួរតែពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន មុនពេលធ្វើលំហាត់ដោយខ្លួនឯង។ គ្រូពេទ្យនឹងធ្វើការវាស់សម្ពាធឈាម ចង្វាក់បេះដូង ដើម្បីបញ្ជាក់ពីការចាប់ផ្ដើមធ្វើលំហាត់ប្រាណដោយវិធីសាស្ត្រណាមួយ ក្នុងកម្រិតណាមួយដែលស័ក្ដិសមជាមួយអ្នក និងប្រាប់ពីភាពខុសប្រក្រតីនៃការធ្វើលំហាត់ប្រាណ និងគួរបញ្ឈប់ ឬបន្តទៀត។
5. តមជក់បារី និងទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ។
6. កម្ចាត់អារម្មណ៍តានតឹងរបស់អ្នកចេញពីក្នុងខ្លួន កុំឱ្យមានអារម្មណ៍តានតឹងកាន់តែធ្ងន់ធ្ងរឡើងឱ្យសោះ ព្រោះថា ប្រសិនបើអ្នកដឹងខ្លួនឯងកំពុងតែកើតអារម្មណ៍តានតឹង គួរតែបញ្ឈប់ការគិតរឿងនោះភ្លាមៗ ហើយគួរស្វែងរកវិធីសាស្ត្រ ឬក៏កន្លែងបន្ធូរអារម្មណ៍ភ្លាមៗដូចជា ការធ្វើការងារហត្ថកម្ម ទៅមើលកុន ស្ដាប់ចម្រៀងទៅមាត់សមុទ្រ ឬកន្លែងមានខ្យល់អាកាសត្រជាក់ៗ ដើម្បីជួយបន្ថយភាពតានតឹងក្នុងអារម្មណ៍ឱ្យធូរស្បើយឡើងវិញ។
បើទោះបីជាជំងឺស្ទះសរសៃឈាមបេះដូងមិនអាចព្យាបាលឱ្យជាសះស្បើយបាន100% តែអ្នកជំងឺគួរតែដឹងអំពីវិធីបង្ការ និងគ្រប់គ្រងស្ថានភាពនៃអាការជំងឺបានដោយខ្លួនឯង បន្ទាប់ពីទទួលការណែនាំពីគ្រូពេទ្យ។ អ្នកជំងឺគួរតែបញ្ឈប់ទង្វើនានា ដែលជាកត្តាហុចឱកាសដល់ការកម្រើកនៃជំងឺឡើងបាន។ អ្នកជំងឺគួរតែមិននៅក្នុងទីកន្លែងដែលស្ងប់ស្ងាត់ ហើយដាច់ដោយឡែកតែម្នាក់ឯងឡើយ ព្រោះថាខណៈបើអាការកម្រើកភ្លាមៗ នោះនឹងមានអ្នកចាំជួយអ្នក និងបញ្ចូនអ្នកទៅមន្ទីរពេទ្យទាន់ពេលវេលា៕