អ្នកគ្រូ សរ កេសារ៉ា ត្រូវបានមហាជនជាច្រើនស្គាល់ថា ជាតារាសម្ដែងជើងចាស់ដែលមានរូបសម្រស់ស្រស់ស្អាត និងជាម្ចាស់ផលិតកម្មភាពយន្ដផងដែរ។ អ្នកគ្រូត្រូវបានតារាសិល្បករជាច្រើនគោរពស្រឡាញ់និងឱ្យតម្លៃអ្នកគ្រូ ក្នុងការសម្ដែង ដែលក្រៅពីនោះ អ្នកគ្រូក៏ជាសាស្ត្រាចារ្យសិល្បៈមួយរូបបានជួយតម្រង់ទិសដល់តារាក្មេងៗជាច្រើនទៀតផងដែរ។
តែពេលថ្មីនេះៗ ពិធីខួបកំណើតរបស់អ្នកស្រី សរ កេសារ៉ា នៅក្នុងឆ្នាំនេះ មានការចូលរួមពីភ្ញៀវកិត្តិយសភាគច្រើនជាអ្នកមានមុខមាត់ ដោយក្នុងកម្មវិធីក៍មានសកម្មភាពដើរម៉ូត និងបកស្រាយបទចម្រៀងរបស់ក្រុមសិល្បៈមួយក្រុមនោះផង។ ខុសពីម្ចាស់ខួបកំណើតភាគច្រើន ដែលតែងបួងសួងសុំឱ្យខ្លួនមានសុខភាពល្អ មានសម្រស់ស្រស់ស្អាត និងមានជោគជ័យក្នុងជីវិត សម្រាប់អ្នកគ្រូសរ កេសារ៉ា ម្ចាស់ផលិតកម្ម កេសារ៉ាភាពយន្ត បែរជាបួងសួងផ្សេង ក្នុងពិធីខួបកំណើតដែលបានធ្វើឡើងកាលពីថ្ងៃទី ១៤ កក្កដា ឆ្នាំ២០១៩។
អ្នកស្រី កេសារ៉ា បញ្ជាក់ថា ខួបកំណើតឆ្នាំនេះ អ្នកស្រីមិនសូវផ្ដោតលើការជូនពរខ្លួនឯងនោះទេ ដោយអ្នកស្រីមានបំណងជូនពរឱ្យភ្ញៀវកិត្តិយស និងអ្នកសិល្បៈមានសុខភាពល្អ និងកាន់តែជោគជ័យនៅក្នុងសិល្បៈ។ អ្នកស្រីថា អ្នកស្រីចង់ឃើញតារាសិល្បៈទាំងអស់កាន់តែជោគជ័យទ្វេរដង និងកាន់តែមានការរីកចំរើនកុំឱ្យចាញ់ប្រទេសជិតខាង។ អ្នកស្រីនឹងបន្តដើរតួជាអ្នកចូលរួមលើកស្ទួយសិល្បៈ តាមរយៈការផលិតភាពយន្តថ្មីៗ និងបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយឱ្យមានជំនាញសិល្បៈតាមលទ្ធភាព ខណៈដែលអ្នកស្រីក៏នឹងបង្កើនសមត្ថភាពក្នុងការទាក់ទងផលិតករ និងអ្នករៀបចំកម្មវិធីនៅក្រៅប្រទេស ដើម្បីផ្ដល់ឱកាសឱ្យតារាខ្មែរបានកាន់តែច្រើនផងដែរ ខណៈដែលអ្នកស្រីធ្លាប់បានស្វះស្វែងឱ្យផលិតករខ្មែរ និងតារាខ្មែរ បានចូលរួមក្នុងមហោស្រពអន្តរជាតិនានា និងបានសម្ដែងជាមួយផលិតករបរទេសជាហូរហែរមកហើយ។ យ៉ាងណាមិញ អ្នកស្រីក៍សម្ដែងអារម្មណ៍ខកចិត្ត ចំពោះស្នាដៃផលិតកុនកន្លងមក ដែលទទួលបានការគាំទ្រតិចតួច។
អ្នកស្រី សរ កេសារ៉ា បន្តថា អ្នកស្រីធ្វើខួបកំណើតរាល់ឆ្នាំ គ្រាន់តែចង់ជួបជុំមិត្តភ័ក្ត្រ និងផលិតករតែប៉ុណ្ណោះ។ នៅក្នុងពិធីនោះ អ្នកស្រីដែលត្រូវគេស្គាល់ថា ជាតារាសម្ដែងជើងចាស់មួយរូប បានតែងឈុតជានារីខ្មែរ ដោយលម្អជាមួយនឹងផ្កាភ្ញីលើសក់ផង។ អ្នកស្រីថា ពិធីខួបកំណើតឆ្នាំនេះ អ្នកស្រីសប្បាយចិត្តបំផុតគឺបានជូនពរបងប្អូនអ្នកសិល្បៈគ្រប់រូប ដោយអ្នកស្រីបញ្ជាក់ថាសារជូនពររបស់អ្នកស្រី មិនមែនសម្រាប់តែតារាសិល្បៈ និងផលិតករដែលចូលរួមប៉ុណ្ណោះទេ តែក៏ជូនពរចំពោះតារាសិល្បៈទាំងអស់ តាមរយៈបណ្ដាញសារព័ត៌មានផងដែរ៕