ខ្សែបម្រើប្រយុទ្ធ Alexis Sanchez បានបដិសេធក្នុងការបញ្ជាក់ពីអនាគតរបស់គេនៅឯក្លិប Arsenal ក្រោយពីបានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់ក្រុមបាល់ទាត់ជម្រើសជាតិស៊ីលី នៅពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញក្នុងព្រឹត្តិការណ៍ Confederations Cup។
តារាឆ្នើមរបស់ក្លិបកាំភ្លើងធំរូបនេះដែលត្រូវបានប្រកាសថា ជាកីឡាករឆ្នើមប្រចាំការប្រកួត បានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ក្រុមស៊ីលី តាមរយៈការរកបានគ្រាប់បាល់ទី38របស់គេ ក្រោយពីដណ្តើមយកប្រៀបផ្សេងៗលើការប្រព្រឹត្តកំហុសរបស់ខ្សែការពារអាល្លឺម៉ង់ នៅដើមតង់ទី1។
Sanchez មិនទាន់បានចុះហត្ថលេខាលើកុងត្រាថ្មីមួយនៅឡើយទេជាមួយនឹងក្លិប Arsenal និងបានព្រងើយកន្តើយទៅនឹងសំណួរមួយអំពីអនាគតរបស់គេក្នុងពេលរូបគេទទួលរង្វាន់ក្នុងនាមជាកីឡាករឆ្នើមប្រចាំការប្រកួតខាងលើ។ Sanchez បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការក្លាយជាអ្នកគ្រាប់បាល់បានច្រើនជាងគេរបស់ស៊ីលី នៅពេលនេះ។ ក្តីសុបិនរបស់យើងគឺការឈ្នះពានក្នុងយុទ្ធនាការនេះ ហើយយើងមានអារម្មណ៍ថា យើងនឹងមានឱកាសនោះ»។
បើទោះបីបណ្តោយឲ្យមានគ្រាប់បាល់នាំមុខលើក្រុមខ្លួនក៏ដោយ តែក្រុមគ្មានបទពិសោធ និងក្មេងខ្ចីរបស់អាល្លឺម៉ង់បានធ្វើការវាយបកវិញ ខណៈដែលខ្សែប្រយុទ្ធ Lars Stindl បានរកគ្រាប់បាល់ទី2របស់គេក្នុងយុទ្ធនាការនេះ ដើម្បីជួយឲ្យក្រុមម្ចាស់ជើងឯកពិភពលោកមានគ្រាប់បាល់តាមស្មើវិញ នៅមុនពេលបញ្ចប់តង់ទី1។
លទ្ធផលនេះ ធ្វើឲ្យក្រុមម្ចាស់ជើងឯកទ្វីបអាមេរិកខាងត្បូង ស៊ីលី ឈរនៅលើកំពូលតារាងនៃពូល B ដោយមានគ្រាប់បាល់ច្រើនជាងក្រុមអាល្លឺម៉ង់ ខណៈដែលក្រុមទាំងពីរមាន4ពិន្ទុដូចគ្នា ដោយនាំមុខ3ពិន្ទុលើក្រុមជម្រើសជាតិអូស្ត្រាលី និងកាមេរូន ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ដែរក្នុងការប្រកួតមុនហ្នឹង។ អាល្លឺម៉ង់ និងស៊ីលី ស្ថិតក្នុងទីតាំងដ៏រឹងមាំក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅសប្តាហ៍ក្រោយ៕
ប្រភពពី៖ Sport24