មួយរយៈកន្លងមកនេះ គេបានតែឃើញតារាសម្ដែង ធី លុច មមារញឹកជាមួយការរកស៊ីជំនួញនៅលើអនឡាញន៍ ច្រើនជាការសម្ញំកើបលុយពីសិល្បៈ។ ទន្ទឹមនឹងការជោគជ័យសម្រាប់ការបន្ថែមអាជីពក្រៅសិល្បៈនេះ តារាសម្ដែងប្រុសរូបសង្ហា ក៏មិនភ្លេចសកម្មភាពជួយសង្គមតាមរយៈទង្វើសប្បុរសធម៌ផងដែរ។ ជាក់ស្ដែងនៅពេលថ្មីៗនេះ លោកបានបង្ហោះរូបភាពសកម្មភាពជាមួយក្នុងការនាំយកអំណោយជាសម្ភារៈសិក្សា ទៅចែកជូនកុមារក្រីក្រដែលកំពុងខ្វះខាតខ្លាំងក្នុងការសិក្សានៅក្នុងខេត្តសៀមរាប។
លោក ធី លុច បានរៀបរាប់នៅលើបណ្ដាញសង្គមរបស់ខ្លួនថា «មកចែករំលែកសម្ភារៈសិក្សា សម្លៀកបំពាក់ នំចំណីនិងថវិការមួយចំនួនដល់ក្មេងៗដែរគាត់កំពុងខ្វះខាតនូវសម្ភារៈសិក្សាជាចាំបាច់ ចំនួន140នាក់នៅ ភូមិស្វាយលើ ឃុំស្វាយលើ ខេត្តសៀមរាប ដែលជាសាលាដាច់ស្រយាលចូលដល់ក្នុងព្រៃជ្រៅ ដែលមានការខ្វះខាតខ្លាំងមែនទែន។ ដូច្នេះខ្ញុំបាទនិងក្រុមការងារបានចូលមកចែករំលែកដល់ពួកគាត់ តាមការប្រមូលជាថវិកាជាច្រើននិងសម្ភារៈចាំបាច់ដល់ពួកគាត់នៅសាលា រលំរោទ៍។ សូមជូនបុណ្យកុសល់ដល់អ្នកទាំងអស់គ្នាផង ! »។
គួរបញ្ជាក់ផងដែរថា ទឹកចិត្តនិងក្ដីស្រឡាញ់ចែករំលែកដល់ប្អូនកុមារជាង 140 នាក់នេះ ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំងពីតារាប្រុសរូបនេះ និងទទូចថា បើមានពេលក្រោយៗទៀតនៃសកម្មភាពជួយសង្គមបែបនេះ ពួកគាត់ក៏សុំចូលរួមចំណែកផងដែរ។ បច្ចុប្បន្ននេះ លោក ធី លុច កំពុងតែជោគជ័យខ្លាំងក្នុងការនាំយកផលិតផលថែរក្សាសម្ផស្សស្របច្បាប់ និងមានទំនុកចិត្តមិនប៉ះពាល់ដល់សុខភាព មកចែកចាយដល់អតិថិជនបានប្រើប្រាស់ និងធ្វើជាតំណាងចែកចាយនៅលើទីផ្សារផងដែរ៕