តើប្រិយមិត្តអ្នកអានធ្លាប់ដែរឬទេ តុបតែងផ្ទះយ៉ាងណា ក៏នៅតែមិនស្អាតដូចនៅក្នុងទស្សនាវដ្តីដែរ មានអារម្មណ៍ថា ដូចជា រាងទើសភ្នែក ខ្វះនេះ លើសនោះ យ៉ាងម៉េចក៏មិនដឹង? ទោះជាផ្ទះរបស់លោកអ្នកទំនើប និងមានតម្លៃថ្លៃប៉ុនណាក៏ដោយ តែរឿងការតុបតែងលម្អមិនមែនជារឿងងាយស្រួលដូចការគិតនោះទេ… ខាងក្រោមនេះ គឺជាឧទាហរណ៍ខ្លះៗដែលយើងច្រើនតែភ្លាត់ភ្លាំងក្នុងការតុបតែងផ្ទះ ដូច្នេះបើអ្នកណាមិនចង់ខុសឆ្គងក្នុងការតុបតែងផ្ទះ សូមតាមដានដូចតទៅ។
– តុបតែងផ្ទះច្រើនពេក ឡើងស៊ុបទ្រុបកុំគិតតែពីតុបតែងផ្ទះដោយរបស់តុបតែងច្រើនពោរពាស រហូតមើលទៅដូចជាចង្អៀតហប់នោះ។ បើលោកអ្នកត្រូវដើរចៀសរបស់នេះ ឬគេចរបស់នោះ ពេលដើរចេញចូលក្នុងផ្ទះនោះ ហ្នឹងបញ្ជាក់ថា លោកអ្នកមានរបស់របរច្រើនជ្រុលពេកហើយ ដូច្នេះគួរទុកដាក់ និងរៀបចំឱ្យមានកន្លែងទំនេរគ្រាន់នឹងសម្រាកខ្សែភ្នែក ខ្លះផង។
– ពេញទៅដោយរបស់ប្រមូលសន្សំទុកផ្ទះដែលពោរពេញទៅដោយរបស់ប្រមូលសន្សំដែលជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួននោះ អ្នកអាចមើលឃើញថា វាស្អាត តែអ្នកជឿទេថា ភ្ញៀវដែលមកលេង គេមិនបានគិតបែបហ្នឹងទេ ហើយគេថែមទាំងមានអារម្មណ៍ថា គួរឱ្យរំខានទៀតផង។ ដូច្នេះចូរសាកល្បងតុបតែងផ្ទះបែបស្ទីលធម្មតាៗវិញ ប្រហែលជាគួរឱ្យគយគន់ជាង មើលទៅ…។
– ទិញតុ ទូ កៅអី ឬគ្រឿងសង្ហារិមខុសទំហំបន្ទប់ទំហំរបស់វត្ថុប្រើប្រាស់ គួរឱ្យសមល្មមនឹងទំហំរបស់បន្ទប់ មិនគួរតូច ឬធំជ្រុលពេកឡើយ ដូច្នេះសូមកុំភ្លេចវាស់ទំហំទីកន្លែងដែលត្រូវដាក់តាំងជាមុន មុននឹងចេញទៅរកទិញរបស់ ទាំងនោះ។
– Wall Papers (ក្រដាសរូបភាពបិទជញ្ជាំង) មានរូបភាព និងក្បាច់ក្បូរគួរឱ្យខ្លាចវ៉លផេភើរ៍ រូបដូចសត្វពស់ ដូចសត្វចម្លែក គួរឱ្យខ្លាចញញើត… សូមសាកល្បងគិតទៅមើលថា បើមានភ្ញៀវមកលេងផ្ទះតើគេហ៊ានឈានជើងចូលមកក្នុងផ្ទះយើងដែរឬទេ? ដូច្នេះចូរកុំតុបតែងផ្ទះដោយវ៉លផេភើរ៍បែបនេះជា ដាច់ខាត។
– ដើមផ្កាជ័រពិតប្រាកដហើយថា ដើមឈើ និងផ្កា អាចជួយឱ្យផ្ទះមើលទៅស្រស់ស្អាត តែដើមផ្កាក្លែងក្លាយ ឬដើមឈើជ័រ អាចនឹងធ្វើឱ្យផ្ទះរបស់អ្នកមើលទៅមានតម្លៃថោក ឬបង្ហាញឱ្យឃើញពីចំណង់ចំណូលចិត្តរបស់អ្នកស្នាក់នៅនោះអន់ ជាដើម ដូច្នេះគួរចំណាយប្រាក់ទិញដើមផ្កាមែនទែន ដែលទោះជាថ្លៃជាងមែន តែក៏មើលទៅល្អស្រស់បំព្រង និងធម្មជាតិខ្លាំងជាងច្រើនណាស់។
– បន្ទប់គេងប្រើពណ៌ផ្កាឈូកពេញទាំងបន្ទប់តើអ្នកគិតយ៉ាងណាដែរ ពេលបានជួបមនុស្សដែលតុបតែងខ្លួនដោយពណ៌តែមួយតាំងពីក្បាលដល់ចុងជើងនោះ? ការតុបតែងបន្ទប់ឱ្យអ្វីៗគ្រប់យ៉ាងមានពណ៌ផ្កាឈូកទាំងអស់ ទោះជាមើលយ៉ាងម៉េចក៏នៅតែដូចជាមនុស្សដែលគ្មានសិល្ប:ក្នុងការតុបតែងដែរ ដូច្នេះចូរសាកល្បងរករបស់តុបតែងណាដែលមានពណ៌ស៊ីគ្នានឹងពណ៌ផ្កាឈូកខ្លះទើបប្រសើរជាង។
– មិនព្រមបកថង់ប្លាស្ទិក ឬស្រោមចេញមានវិធីផ្សេងៗទៀតជាច្រើនក្នុងការថែទាំរបស់របរប្រើប្រាស់ឱ្យនៅថ្មី ជាប់ធន់បានយូរ និងមិនប្រឡាក់ តែមិនមែនជាវិធីបែបនេះទេ…។
– ព្យួររូបភាពលើជញ្ជាំងខ្ពស់ជ្រុលពេកមើលទៅដូចជាស្អាត តែតើវានឹងរួយ-កទេពេលងើយមើលរូបភាពនោះ? រូបភាព ឬរូបថតផ្សេងៗមិនគួរព្យួរខ្ពស់ជ្រុលពេកដល់ថ្នាក់ត្រូវងើយមុខឡើងមើលនោះទេ គួរព្យួរនៅក្នុងកម្ពស់ដែលយើងអង្គុយ ឬឈរក៏អាចមើលឃើញបានដែរ វាស្រួលជាង។
– ខ្សែភ្លើងច្រវេតច្រវាត់ រញ៉េរញ៉ៃ គ្មានរបៀបខ្សែភ្លើងរបស់ទូរទស្សន៍ កង្ហារ ឬគ្រឿងប្រើប្រាស់អគ្គិសនីទាំងអស់ដែលមាននៅក្នុងផ្ទះ មិនថាតែក្នុងបន្ទប់ណាក៏ដោយ គួររៀបចំប្រមូលចង ឬរុំបញ្ចូលគ្នាជាខ្សែតែមួយ ដាក់ទៅកៀនជញ្ជាំង ទើបមើលទៅមិនកេកកាក រញ៉េរញ៉ៃ និងមានសណ្តាប់ធ្នាប់ល្អផង ។
– ដាក់កៅអីសាឡុងឃ្លាតឆ្ងាយពីគ្នាជ្រុលពេកនេះគឺជាចំណុចខុសឆ្គងមួយដែលមិនអាចទទួលយកបានជាទីបំផុត មិនចាំបាច់ដាក់កៅអីសាឡុងទៅជាប់ជញ្ជាំងពេកទេ តែគួររៀបចំឱ្យមានកន្លែងសមរម្យ និងមានរយ:ឆ្ងាយពីគ្នាសមល្មម។
បញ្ជាក់ ៖ សិល្ប:ក្នុងការតុបតែងផ្ទះ គ្មានច្បាប់វិន័យកំណត់ជាក់លាក់ឡើយ គ្រាន់តែជាពាក្យណែនាំប៉ុណ្ណោះ… ស្អាត ឬមិនស្អាតអាស្រ័យលើការនិយម និងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ៕