ឪពុកម្តាយគ្រប់រូបតែងតែចង់ឱ្យកូនជាទីស្រឡាញ់ក្លាយជាមនុស្សក្លាហានអង់អាច តែមានទឹកចិត្តស្លូតបូត កាន់ធម៌សុចរិតនៅក្នុងខ្លួន ហើយនិងអ្វីដែលធ្វើឱ្យយើងកាន់តែសប្បាយចិត្តខ្លាំងទៅទៀតនោះ គឺពេលបានឃើញកូនរបស់យើងហ៊ាន ប្រឈមមុខ និងដោះស្រាយបាននូវរាល់បញ្ហាដែលគេជួបប្រទះ និងឈានទៅរកភាពជោគជ័យទៀតផង។ ដូច្នេះលោកឪពុកអ្នកម្តាយទាំងអស់គួរតែអប់រំបុត្រធីតារបស់ខ្លួនឱ្យមានភាពក្លាហាន ហើយចំណុចដែលគួរអប់រំ និងបង្ហាត់បង្រៀនដល់កូននោះ មានដូចជា ៖
1 . បណ្តុះផ្នត់គំនិតឱ្យកូនមានភាពក្លាហាន : យើងអាចបង្កើតនូវមោទនភាពក្នុងគ្រួសារ ដោយបង្ហាញពីពូជអម្បូរ ឬជាតិសាសន៍របស់ខ្លួនថា មានភាពក្លាហានជាងគេ នោះគឺយើងបានបង្រៀនឱ្យកូនមានភាពក្លាហាន ក្នុងការធ្វើអ្វីមួយឬដោះស្រាយបញ្ហាអ្វីមួយរួចស្រេចទៅហើយ។ ការបង្រៀនកូនឱ្យយល់ដឹងពីប្រវត្ដិសាស្ដ្រនៃពូជអម្បូរ ឬជាតិសាសន៍បែបនេះ វាអាចជាការជួយជំរុញឱ្យកូនកាន់តែមានទឹកចិត្ដអង់អាចក្លាហានឡើងថែមទៀតដែរ។
2 . ត្រូវកោតសរសើរកូននៅពេលណាដែលគេក្លាហាន ហ៊ានប្រឈមមុខ និងហ៊ានដោះស្រាយបញ្ហា : លោកឪពុកអ្នកម្ដាយ អាចបង្ហាត់បង្រៀនឱ្យកូនក្លាហានហ៊ានប្រឈមមុខនឹងបញ្ហានានាជាប្រចាំ ដូចជា ការឡើងនិយាយនៅចំពោះមុខសិស្សដូចគ្នានៅក្នុងថ្នាក់រៀន ចេះហ៊ានសម្រេចចិត្តក្នុងការជួយសង្គ្រោះមិត្តភក្តិ ឬក៏លេងកីឡាជាដើម។ នៅពេលកូនរបស់លោកអ្នកក្លាហានហ៊ានធ្វើការងារទាំងនោះបាន លោកឪពុកអ្នកម្តាយត្រូវតែចេះសរសើរ លើកទឹកចិត្ដ និងផ្ដល់កម្លាំងចិត្ដដល់កូន។ ទាំងអស់នេះ គឺជាការបង្រៀនឱ្យកូនលោកអ្នក កាន់តែមានទឹកចិត្តល្អ និងមានភាពក្លាហានឡើងផងដែរ។
3 . ត្រូវលើកពីបុគ្គលដែលមានភាពក្លាហានពិតៗក្នុងសង្គមមកប្រាប់កូន : នៅពេលគិតដល់អ្នកដែលមានសេចក្ដីក្លាហាន គឺយើងតែងនឹកទៅដល់កងទ័ព ពួកអ្នកស្ម័គ្រចិត្ត ពួកអ្នកជួយសង្គ្រោះ ឬអ្នកពន្លត់អគ្គិភ័យជាដើម។ ពួកគេទាំងនោះ អាចផ្ដល់គំរូនៃភាពក្លាហានដល់កូនរបស់លោកអ្នកបាន។ ក្រៅពីនេះ អ្នកក៏អាចសរសេរជាសុភាសិត បិទជាប់នឹងជញ្ជាំង ឬសរសេរពាក្យស្លោកលើក្ដារខៀន ដែលបណ្តុះទឹកចិត្ដកូនរបស់លោកអ្នកឱ្យមានភាពក្លាហាន ដូចជា “ភាពក្លាហាននឹងធ្វើឱ្យមនុស្សទទួលជោគជ័យ” ជាដើម។
4 . ត្រូវបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយកូនជាប្រចាំ : ជជែកលេងជាមួយកូនរបស់អ្នកជាប្រចាំ និងដោយចំហ រៀបរាប់ប្រាប់គេនូវអ្វីដែលបានកើតឡើងចំពោះខ្លួនអ្នក ពេលដែលអ្នកនៅមានវ័យប៉ុនគេ និងប្រាប់ពីវិធី និងរបៀបដោះស្រាយរាល់បញ្ហានានាដែលអ្នកធ្លាប់ជួបប្រទះនៅពេលនោះ។ ប្រសិនបើកូនរបស់អ្នក មានភាពក្លាហានហ៊ាននិយាយប្រាប់អ្នកវិញ ពីបញ្ហារបស់គេដោយចំហនោះ អ្នកអាចនឹងជួយពន្យល់គេឱ្យចេះដោះស្រាយបញ្ហាដោយភាពក្លាហាន និងសន្តិភាពបាន។
5 . ត្រូវធ្វើជាគំរូល្អដល់កូន : គំរូនៃភាពក្លាហានត្រូវចាប់ផ្ដើមពីខ្លួនអ្នកជាមុន។ ចំពោះរឿងអ្វីមួយដែលអ្នកគិតថា កូនរបស់អ្នកអាចនឹងពិបាកធ្វើបាន ឧទាហរណ៍ដូចជា ការរាំរែក ជាដើម លោកឪពុកអ្នកម្តាយអាចនឹងត្រូវឡើងរាំ ដើម្បីឱ្យកូនបានមើលឃើញពីភាពក្លាហានរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចបង្ហាញឱ្យកូនបានឃើញតាមរយៈទង្វើ និងសកម្មភាពល្អៗប្រចាំថ្ងៃទាំងឡាយណាដែលអ្នកគិតថា ល្អ និងជាគំរូល្អចំពោះកូន៕