ខ្សែភាពយន្តព្រឹព្រួចរបស់ប្រទេសថៃតែងចូលចិត្តបង្កើតរឿងខ្លីៗជាច្រើន បង្កើតជាចំណោទបញ្ហាដែលធ្វើឱ្យអ្នកទស្សនាហើយជក់ចិត្តដិតអារម្មណ៍ និយាយអំពីសាច់រឿងនីមួយតៗគ្នា។ នៅក្នុងនោះ រឿង « បណ្ដាសា » ផលិតករបានរៀបគម្រោងផលិតជា ៣ ក្រុមផ្សេងៗ ដែលបង្ហាញពីរឿងខ្លី ៣ រឿងក្នុងភាពយន្ដតែមួយគឺ បណ្ដាសាវិបល្លាស បណ្ដាសាសា្នមសាក់ និងពាក្យបណ្ដាសា។ ក្រុមទាំង ៣ បានសម្រិតសម្រាំងសាច់រឿងដែលលាក់អាថ៌កំបាំង ធ្វើឱ្យអ្នកទស្សនាព្រឺរោម ភ័យប្រហោងពោះ ហើយប្រឹងតាមដានសកម្មភាពតួអង្គដែលជាអ្នកស្រាយចំណងបណ្ដាសាទាំងនោះ។
មិនខុសគ្នាពីភាពយន្ដ 3AM ដែរ ខ្សែភាពយន្តនេះត្រូវបានដឹកនាំដោយលោក Chitkum Nidarat ជាអ្នកដឹកនាំរឿងឆ្នើមក្នុងពិភពកុនខ្មោចថៃ។ លោកបានទទួលពានរង្វាន់ជាច្រើនមកហើយក្នុងការផលិតកុនថៃវាយឡុកទីផ្សារកុននៅបរទេស។ ចំពោះភាពយន្ដ « បណ្ដាសា » នេះ លោកបានសម្រិតសម្រាំងតួអង្គសំខាន់ដែលមានទេពកោសល្យខ្ពស់ដូចជា លោក David Asawon តួអង្គសំខាន់នៅវគ្គ វិបល្លាស តារាចម្រៀង Chin Chinawut Indracusin និងតារាស្រី Wanpiya Omsinnoppakul ជាតួឯកក្នុងវគ្គ បណ្ដាសាសា្នមសាក់ និងតួអង្គសំខាន់ម្នាក់ទៀតគឺ លោក Thana Chatborirak កំឡោះសង្ហាជាប្អូនប្រុសតារាសម្ដែង Boy Pakorn បង្ហាញខ្លួនក្នុងវគ្គ ពាក្យបណ្ដាសា។
សាច់រឿងទាំង ៣ ពិតជានឹកស្មានមិនដល់ ប្រសិនបើអ្នកបានទស្សនាត្រឹមតែ Trailer រឿងនេះ គឺពិតជាពោលបានថា ជាប្រភេទរឿងខ្មោចលងបះសក់ តែធាតុពិតទៅ នេះមិនមែនជារឿងរន្ធត់បែបខ្មោចលងបន្លាចទេ គឺជារឿងបែបចិត្តសាស្ត្រទៅវិញ។ សូមជម្រាបជូនថា រឿង « បណ្ដាសា » បានដាក់បញ្ចាំងឱ្យទស្សនាមុនដំបូងគេនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី11 ខែកក្កដា នេះតាមរយៈរោងភាពយន្ដ Major Cineplex ហើយក៏មានដាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយគ្រប់រោងភាពយន្ដទំនើប Major Cineplex ផងដែរ។ កាន់តែជាក់ច្បាស់ សូមធ្វើការកក់សំបុត្រទស្សនាឥលូវនេះ ៕