ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងដាក់បន្ថែមរថយន្តក្រុងសាធារណៈចំនួន 100គ្រឿងទៀត ហើយនឹងបន្ថែមខ្សែផ្លូវរត់ចំនួន 5ខ្សែទៀត នៅពាក់កណ្តាលខែកក្កដា ឆ្នាំ2017នេះ ដែលរថយន្តទាំង 100គ្រឿងនេះ ជាជំនួយរបស់រដ្ឋាភិបាលចិន។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលនៃសាលារាជធានីភ្នំពេញបានឲ្យដឹងថា សាលាក្រុងកំពុងគ្រោងពង្រីកខ្សែផ្លូវរត់របស់រថយន្តក្រុងក្នុងរាជធានីភ្នំពេញឱ្យបាន10ខ្សែបន្ថែមទៀតនៅចុងឆ្នាំ2017នេះ ខណៈដែលពេលបច្ចុប្បន្នមានរថយន្តក្រុងចំនួនតែ 57គ្រឿងកំពុងដំណើរការនៅលើផ្លូវរត់ចំនួនតែ 3ខ្សែប៉ុណ្ណោះ ប៉ុន្តែលោកនៅមិនទាន់បានបញ្ជាក់អំពីខ្សែផ្លូវរត់ថ្មីទាំង10នោះនៅឡើយ។
គួរបញ្ជាក់ថា បច្ចុប្បន្នសាលារាជធានីភ្នំពេញបានលក់សំបុត្ររថយន្តក្រុងបានប្រមាណជា 6ពាន់ ទៅ7ពាន់សន្លឹកប៉ុណ្ណោះដល់អ្នកធ្វើដំណើរប្រចាំថ្ងៃ ដែលនេះជាមូលហេតុមួយធ្វើឱ្យរដ្ឋបាលក្រុងភ្នំពេញខំប្រឹងពង្រីកបន្ថែមទៀតនូវខ្សែផ្លូវរត់ថ្មី និងដាក់រថយន្តក្រុងសាធារណៈបន្ថែមទៀត៕