តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក គេបានឃើញថា តារាចម្រៀងសំឡេងស្រទន់លន្លង់លន្លោច អេឡិច ចាន់ត្រា គ្រោងចាកចេញពីប្រទេសកម្ពុជាទៅសម្ដែងនៅប្រទេសអូស្រ្តាលីជាមួយនិងតារាសម្តែងច្រៀងជាច្រើននាក់ទៀតដូចជា កញ្ញា ព្រះកាយច័ន្ទ កញ្ញា វុទ្ធគន្ធា លោក សៅ ឧត្តមនិងតន្ត្រីករល្បីឈ្មោះ លោក សម ប៉ិទី។ លោកបានប្រាប់ឱ្យដឹងដែរថា ទៅសម្ដែងលើកនេះ គឺសម្ដែងដល់ទៅ ៥ រដ្ឋឯណោះ ដែលសុទ្ធសឹងតែជារដ្ឋមានបងប្អូនខ្មែរអាណិកជនរស់នៅទីនោះ។
តារាសម្រៀងប្រុសរូបនេះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ក្នុងដំណើរចេញ ទៅអូស្រ្តាលីលើកនេះ អេឡិច មិនមែនចេញទៅច្រៀងដើម្បីរ៉ៃអង្គាស ប្រាក់ ដើម្បីមនុស្សធម៌ ដូចលើកមុនៗឡើយ ហើយក៏មិនមែនជាការចេញទៅលំហែរអារម្មណ៍ឱ្យសប្បាយស្បើយពីការងារដែរ។ តែសម្រាប់ការចាកចេញពីកម្ពុជាម្ដងនេះគឺលោកត្រូវបានទទួលការអញ្ជើញពីសមាគមវប្បធម៌ និងកីឡាខ្មែរនៅអូស្ត្រាលី ដែលហៅកាត់ថា KACSI ឱ្យទៅសម្ដែងច្រៀងដើម្បីលើកស្ទួយពីវប្បធម៌ខ្មែរឱ្យបរទេសបានឃើញ និងចូលរួមកម្មវិធីការប្រលងបវរកញ្ញាខ្មែរនៅអូស្ដា្រលី ក៏ដូចជាច្រៀងរាំជូនបងប្អូនខ្មែរនៅទីនោះបានរាំកម្សាន្ដសប្បាយរីករាយនារដូវកាលឈប់សម្រាក។
លោកថា ការសម្ដែងរបស់លោកនឹងប្រព្រឹត្តិទៅក្នុងរដ្ឋ Canberra , Queensland , Melbourne , Sydney , Adeliade ដែលមានកាលបរិច្ឆេតសម្ដែងខុសៗគ្នា ហើយសរុបគឺមានរយៈពេលមួយខែពេញតែម្ដង។ លោកបានប្រាប់ឡារ៉ែនទៀតថា លោកត្រៀមចាកចេញពីប្រទេសកម្ពុជានៅដើមខែ សីហា ខាងមុខនេះហើយ។ លោករំពឹងថានិងមានការគាំទ្រចូលរួមទស្សនាកម្សាន្ដយ៉ាងច្រើនកុះករពីពុកម៉ែបងប្អូនខ្មែរទាំងអស់គ្នានៅអូស្ដ្រាលី ដែលជាកម្លាំងចិត្តដល់ការសម្ដែងសម្រាប់សិល្បករខ្មែរយើ។ លោកបញ្ជាក់ថា ចំពោះថវិការដែលប្រមូលបានពីការលក់សំបុត្រនៅថ្ងៃសម្ដែងនោះ នឹងត្រូវបានបរិច្ចាគជូនអង្គការ Global House នៅកម្ពុជា ដើម្បីសាងសង់ផ្ទះជូនបងប្អូនជនពិការផងដែរ៕