បន្ទាប់ពីទទួលបានប្រជាប្រិយភាពនៅក្នុងរឿង «ក្រមុំបាយឆា» មក គេសង្កេតឃើញថា កញ្ញា ឈិន សៀវម៉ី កំពុងតែខំប្រឹងប្រែងទាញយកប្រជាប្រិយភាពបន្ថែមទៀតពីមហាជនតាមរយៈការតុបតែងខ្លួន។
កន្លងមកកញ្ញា ឈិន សៀវម៉ី ត្រូវបានគេដឹងថា ជាតារាសម្ដែងម្នាក់និយមការស្លៀកពាក់រម្យទម ប៉ុន្ដែមួយរយៈចុងក្រោយនេះនាងបានធ្វើឱ្យអ្នកគាំទ្រ និងប្រុសៗមួយចំនួនហាក់ស្លុងអារម្មណ៍ជាខ្លាំងជាមួយការតុបតែងខ្លួនបែបសិចស៊ីរបស់នាង ពិសេសនៅពេលនាង Live ផ្ទាល់តាមរយៈបណ្ដាញសង្គម ដោយមានការតុបតែងខ្លួនបែបសិចស៊ី Cute Cute …។
កញ្ញា ឈិន សៀវម៉ី ទទួលស្គាល់ថា មួយរយៈចុងក្រោយនេះនាងពិតជានិយមតុបតែងខ្លួនបែបសិចស៊ី Cute Cute មែន ជាពិសេសគឺនៅពេលចូលរួមក្នុងកម្មវិធីមង្គលការ ឬជប់លៀងអ្នកសិល្បៈដូចគ្នា។ នាងបន្ដថា នាងចង់ធ្វើការកែប្រែខ្លួនឯងខ្លះ ព្រោះនាងជាអ្នកសិល្បៈមិនចង់ធ្វើអ្វីដដែលៗឡើយ គ្រាន់តែទង្វើរបស់នាងមិនធ្វើឱ្យជ្រុលហួសហេតុ ឬរងការរិះគន់ពីមហាជនឡើយ។
នាងបន្ដថា៖ «កន្លងមកខ្ញុំមិនដែលហ៊ានស្លៀកពាក់សិចស៊ីទេ តែដោយយល់ថា ខ្លួនជាអ្នកសិល្បៈគួរតែមានការផ្លាស់ប្ដូររបៀបតុបតែងខ្លួន ឱ្យមើលទៅប្លែកភ្នែកខ្លះ អ៊ីចឹងហើយទើបខ្ញុំចាប់ផ្ដើមស្លៀកពាក់សិចស៊ីខ្លះៗទៅ»។
គេសង្កេតឃើញថា នៅពេលដែលកញ្ញា ឈិន សៀវម៉ី តុបតែងខ្លួនបែបសិចស៊ីលាយឡំ និងពាក្យសំដីផ្អែមស្រទន់និយាយតាមការ Live ផ្ទាល់ បានធ្វើឱ្យអ្នកគាំទ្ររបស់នាង ជក់ចិត្ដដិតអារម្មណ៍ជាមួយនឹងកាយវិការរបស់នាងជាខ្លាំង ដែលគេជឿថា នាងកំពុងតែប្រើភាពសិចស៊ីនេះមកទាក់ទាញចិត្តមហាជន និងអ្នកគាំទ្ររបស់ខ្លួនហើយ។
តារាសម្ដែងកំពុងតែឡើងកូដម្នាក់នេះ បញ្ជាក់ថា ការស្លៀកពាក់ប្រចាំថ្ងៃរបស់នាង គឺធ្វើឡើងដើម្បីតែភាពស្រស់ស្អាតប៉ុណ្ណោះ។ កន្លងមកនាងក៏ធ្លាប់បានដឹងព័ត៌មានអំពីការដាក់ពិន័យរបស់ក្រសួងទៅលើតារាសិល្បៈដែរ នៅពេលដែលពួកគេស្លៀកពាក់សិចស៊ី ដូច្នេះហើយទើបនាងមានការប្រុងប្រយ័ត្នណាស់ មុនពេលស្លៀកពាក់ចេញទៅក្រៅម្ដងៗ។
សៀវម៉ី បញ្ជាក់ថា ៖ «មុនពេលចេញទៅណាម្ដងៗ ខ្ញុំពិនិត្យមើលខ្លួនឯងច្រើនលើក ច្រើនសាណាស់ទើបសម្រេចចិត្ដចេញទៅ ប្រសិនបើពុំដូច្នោះទេ អាចនឹងមានបញ្ហា ឬទទួលរងនូវការរិះគន់ខ្លាំង។ ផ្ទុយទៅវិញការតុបតែងខ្លួនរបស់ខ្ញុំតែងទទួលបានការសរសើរពីអ្នកគាំទ្រច្រើន ទើបខ្ញុំរក្សាការស្លៀកពាក់បែបនេះ»៕