Lamborghini បានប្រកាសអំពីចំនួនលក់នៅក្នុងរយៈពេល 6ខែដំបូងនៃឆ្នាំ2019 នេះ ដែលគិតចាប់ពីថ្ងៃទី1 មករា ដល់ 30 មិថុនា លក់រថយន្តបានសរុប 4,553គ្រឿង។
ធៀបនឹងឆ្នាំ2018 ចំនួនលក់ឆ្នាំនេះបានកើនឡើងប្រមាណ 96% ដែលឆ្នាំមុនលក់បានត្រឹមតែ 2,327គ្រឿងប៉ុណ្ណោះ តែដើមឆ្នាំ2019 នេះ រថយន្ត Urus កាន់កាប់ចំណែកបានច្រើនបំផុត ដោយលក់បាន 2,693គ្រឿងក្នុងចំណោម 4,553គ្រឿងដែលលក់បាន ឬស្មើនឹងជាង 59%។
ទីផ្សារធំជាងគេបំផុតរបស់ Lamborghini គឺសហរដ្ឋអាមេរិក (លក់បាន 1,543គ្រឿង) តាមពីក្រោយដោយប្រទេសចិន, ចក្រភពអង់គ្លេស, ជប៉ុន និងអាល្លឺម៉ង់។
Lamborghini Urus កម្លាំង 641សេះ (តម្លៃ 200,000ដុល្លារ) ម៉ូដែល Urus នេះធ្លាប់ឈរលើតំណែងកំពូលខាងផ្នែកល្បឿន ជាមួយកំណត់ត្រា 304.9គ.ម/ម៉ មុននឹងត្រូវ Bentley Bentayga Speed ដណ្ដើមតំណែងបាន។ រថយន្តគោជល់នេះបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ 4.0លីត្រ ចំនួន 8ស៊ីឡាំង ផលិតកម្លាំងបាន 641សេះ៕