សមាធិជាផ្នែកយ៉ាងសំខាន់ក្នុងការអប់រំដែលនៅតាមបណ្តាប្រទេសជាច្រើនបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំដើម្បីជួយឱ្យសិស្សអាចអភិវឌ្ឍសមត្ថភាពបានល្អទាំងចំណេះដឹង និងអារម្មណ៍ព្រោះបច្ចុប្បន្ននេះក្រៅពីការអប់រំឱ្យមនុស្សមានចំណេះជំនាញច្បាស់លាស់ហើយ ពិភពលោកក៏រកឃើញផងដែរថា មនុស្សត្រូវការសុភមង្គល និងភាពស្ងប់សុខទើបអាចរស់នៅបានកាន់តែប្រសើរ។
លោក តែ ឡាយប្រធាននាយកដ្ឋានអប់រំនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា យើងដឹងហើយថាក្នុងការអភិវឌ្ឍបុគ្គលម្នាក់ៗឱ្យក្លាយជាមនុស្សពេញលេញយើងត្រូវការកម្មវិធីសិក្សាល្អៗដែលក្នុងនោះបើតាមក្រសួងអប់រំរបស់យើង គឺផ្តោតសំខាន់លើវិជ្ជាសម្បទាបំណិនសម្បទា និងចរិតសម្បទា។ ហេតុនេះកម្មវិធីបណ្តុះបណ្តាលផ្នែកផ្លូវចិត្ត (Mindfulness In School Program-MISP) ដែលយើងដាក់បញ្ចូលទៅក្នុងការសិក្សា គឺស្របទៅនឹងការបណ្តុះបណ្តាលផ្នែកបំណិនសម្បទាដើម្បីអភិវឌ្ឍកុមារឱ្យក្លាយជាមនុស្សដែលមានសុខភាពផ្នែកផ្លូវចិត្តល្អ។ ជាក់ស្តែងដូចយើងបានឃើញហើយថា យុវជនសម័យបច្ចុប្បន្ននេះបានរីកលូតលាស់ក្នុងពិភពលោកដែលពោរពេញដោយបច្ចេកវិទ្យាដែលពេលខ្លះគាត់ត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលទាមទារឱ្យមានការយកចិត្តទុកដាក់លើបញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ កម្មវិធីដែលយើងរៀបចំឡើងនេះមានគោលបំណងសំខាន់ក្នុងការជួយសិស្សានុសិស្សឱ្យគ្រប់គ្រងអារម្មណ៍បានល្អមានការផ្ចង់អារម្មណ៍ (focus) និងកាត់បន្ថយភាពតានតឹងបានកាន់តែប្រសើរតាមរយៈការធ្វើសមាធិ។
លោក តែ ឡាយ បានមានប្រសាសន៍ថា៖ “ កម្មវិធីអប់រំផ្លូវចិត្តនេះនឹងធ្វើឱ្យបញ្ញាស្មារតីរបស់សិស្សអាចអភិវឌ្ឍបានកាន់តែល្អ ហើយនៅពេលសុខភាពផ្លូវចិត្ត ឬបញ្ញាស្មារតីល្អនោះពួកគេក៏អាចទទួលយកការអប់រំបានល្អផងដែរ។ ម្យ៉ាងវិញកម្មវិធីនេះក៏អាចជួយដល់ការបង្រៀន និងអាណាព្យាបាលផងដែរ ព្រោះនៅពេលសិស្សមានការផ្តោតអារម្មណ៍ និងមានវិន័យល្អ លោកគ្រូអ្នកគ្រូក៏មានភាពងាយស្រួលក្នុងការបង្រៀនចំណែកឯអាណាព្យាបាលក៏ងាយស្រួលក្នុងការគ្រប់គ្រងកូនទៅតាមនោះដែរ”។
បើតាមអ្នកជំនាញផ្នែកអប់រំខាងលើបានលើកឡើងថា ជាធម្មតាកូនក្មេងមិនសូវផ្ចង់អារម្មណ៍បានយូរ
ទេ គេតែងតែមានអារម្មណ៍រវើរវាយ គិតច្រើនរឿងក្នុងពេលតែមួយដែលពេលខ្លះធ្វើឱ្យភ្លេចបាត់នូវអ្វីដែលគ្រូកំពុងបង្រៀននៅក្នុងថ្នាក់ទៀតផង ហេតុនេះហើយទើបយើងផ្តល់កម្មវិធីសមាធិដល់ពួកគាត់មុនពេលចាប់ផ្តើមរៀនដើម្បីឱ្យគាត់ប្រមូលអារម្មណ៍បានល្អ។ ចំពោះមនុស្សធំក៏ដូចគ្នាដែរពេលខ្លះក៏មានការលំបាកក្នុងការប្រមូលអារម្មណ៍ផងដែរ។ ជាឧទាហរណ៍ថ្ងៃសៅរ៍ អាទិត្យគាត់មានការជួបជុំសប្បាយ ហេតុនេះមកដល់ថ្ងៃចន្ទវិញ អារម្មណ៍របស់គាត់នៅតែចងចាំការសប្បាយនោះខ្លាំងពេកក៏អាចប៉ះពាល់ដល់ការងារ ឬការសិក្សាដែរ ហេតុនេះការធ្វើសមាធិអាចធ្វើឱ្យអារម្មណ៍ស្ងប់ល្អហើយងាកមកផ្តោតអារម្មណ៍ធ្វើរឿងថ្មីបានយ៉ាងប្រសើរ។
អ្នកស្រី អ៊ុក សូនីតា នាយិការងនាយកដ្ឋានអប់រំទទួលបន្ទុកម្មវិធីមត្តេយ្យ និងភាសាអង់គ្លេសសម្រាប់កុមាររបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បើនិយាយពីសុខភាពផ្លូវចិត្តថាសាលារបស់យើងមានកម្មវិធីមួយរួចទៅហើយលើសកម្មភាពប្រឹក្សាផ្លូវចិត្តនេះ យើងមានអ្នកប្រឹក្សាយោបល់ផ្នែកផ្លូវចិត្តសម្រាប់ប្រឹក្សាជាមួយសិស្សពាក់ព័ន្ធនឹងការសិក្សានិងការប្រឈមនានាជាដើម។ ទន្ទឹមនឹងនេះ យើងក៏បានដាក់បញ្ចូលផងដែរនូវកម្មវិធីថ្មីមួយដែលមានឈ្មោះថាកម្មវីធីសមាធិរឮកដឹងសតិ(Mindful In School Program) នេះឡើង ដោយយើងបានស្រាវជ្រាវឃើញថា វាមានសារៈសំខាន់ណាស់ក្នុងជំរុញឱ្យសិស្សមានអារម្មណ៍ស្ងប់ល្អជាងមុន មានទំនាក់ទំនងល្អជាមួយអ្នកទៃ និងកាត់បន្ថយភាពតានតឹងបានល្អជាងមុន។ ដូចយើងដឹងហើយថាកុមារគាត់មិនដឹងទេថា អ្វីទៅជាភាពតានតឹង អ្វីជាអារម្មណ៍ធុញថប់ ឬការធ្លាក់ទឹកចិត្ត (depression) តែគាត់អាចបញ្ចេញមកបានតាមរយៈការគំហក ការស្រែក ឬការវាយតប់ជាដើម។ ហេតុនេះការឱ្យគាត់ធ្វើសមាធិ គឺជាវិធីល្អមួយក្នុងការដោះស្រាយបញ្ហាផ្លូវចិត្តទាំងអស់នេះសម្រាប់គ្រប់វ័យ។
លោកស្រី អ៊ុក សូនីតា បាននិយាយថា៖ “កម្មវីធីនេះយើងដាក់បញ្ចូលសម្រាប់កុមារគ្រប់វ័យគឺចាប់ពីអាយុ 3ឆ្នាំរហូតដល់ 18ឆ្នាំ ដោយក្នុងនោះយើងផ្តល់នូវតិចនិក ឬសកម្មភាពជាច្រើនដើម្បីបណ្តុះបណ្តាលពួកគាត់ ដូចជាការឱ្យគាត់អង្គុយតាំងសមាធិ ហើយតាមដានដង្ហើមចេញចូល ការបង្រៀនពីវិធីធ្វើសមាធិដើរ ការបង្រៀនធ្វើសមាធិដោយការប៉ះរាងកាយ ដោយការដាក់ដៃខ្វែងគ្នាធ្វើជាសកម្មភាពមេអំបៅហើរតិចៗដើម្បីសមាធិ ការទះដៃតិចៗសម្រាប់ការធ្វើសមាធិ និងការបង្រៀនពីការធ្វើសមាធិដោយការសម្រាករាងកាយ។ សកម្មភាពនេះយើងឱ្យគាត់នៅក្នុងបន្ទប់មួយដែលមានពន្លឺមិនភ្លឺខ្លាំងពេក ហើយឱ្យគាត់សម្រាកពិចារណាពីរឿងល្អៗ និងរីករាយដើម្បីឱ្យគាត់មានសមាធិ និងសម្រាកបានស្រួល”។
លោកស្រី សូនីតា បានបន្ថែមទៀតថា តាមការស្រាវជ្រាវ និងសង្កេតមើលជាក់ស្តែងយើងឃើញថាកុមារដែលទទួលបានការធ្វើសមាធិល្អ ឬអប់រំផ្លូវចិត្តល្អភាគច្រើនគាត់មានភាពអត់ធ្មត់និងចាស់ទុំជាងក្មេងធម្មតា។ ចំណែកឯការផ្ចង់អារម្មណ៍ និងការទំនាក់ទំនងរបស់គាត់ជាមួយមិត្តភក្តិ និងអាណាព្យាបាលក៏ល្អជាងមុនដែរដែលធ្វើឱ្យអាណាព្យាបាលកាន់តែមានភាពជិតស្និទ្ធជាមួយកូនៗខ្លាំងជាងមុន។ លោកស្រីបានផ្តល់ក្តីរំពឹងថា ស្ថាប័នទាំងអស់ ទាំងរដ្ឋ និងឯកជនគួរតែយកចិត្តទុកដាក់ឱ្យបានកាន់តែខ្លាំងលើការអប់រំសុខភាពផ្លូវចិត្តដើម្បីជំរុញឱ្យសិស្សានុសិស្សមានគុណភាពនៃការរស់នៅកាន់តែប្រសើរ និងលើកកម្ពស់ភាពស្ងប់សុខក្នុងសង្គម។ ដូចយើងបានឃើញហើយថា បច្ចុប្បន្ននេះមានបញ្ហាសង្គមជាច្រើនបានកើតឡើងដោយក្នុងនោះយើងឃើញថាបញ្ហាចរាចរណ៍ក៏ជាបញ្ហាប្រឈមមួយដែរ។ ពេលមានបញ្ហាចរាចរណ៍ម្តងៗយើងឃើញថាមានមនុស្សស្រែកដាក់គ្នា ផ្ទុះកំហឹងខ្លាំងៗ ហើយពេលខ្លះស្ទើរតែស្រែកជេរគ្នាពីក្នុងយានយន្តទៀតផងដែលបញ្ហានេះកើតឡើងមកពីការគ្រប់គ្រងផ្លូវចិត្តមិនបានល្អ ហេតុនេះប្រសិនបើកុមារ ឬធនធានមនុស្សរបស់យើងបានទទួលការអប់រំផ្លូវចិត្តល្អ អនាគតទៅសង្គមនឹងអាចមានភាពល្អប្រសើរទៅតាមនោះដែរ៕