ការវិនិយោគសាធារណៈបានបំពេញតួនាទីជាមធ្យោបាយយ៉ាងសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមផ្សេងទៀតដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ការស្តារ កសាង និងអភិវឌ្ឍប្រទេស។ នេះបើតាមរដ្ឋមន្ត្រីស្តីទីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានថ្លែងនៅក្នុងសិក្ខាសាលាស្តីពី“ការគ្រប់គ្រងការវិនិយោគសាធារណៈ”។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា ការវិនិយោគសាធារណៈនៅកម្ពុជាត្រូវបានចាប់ផ្តើមពីដំណាក់កាលដំបូងនៅដើមទសវត្សរ៍ឆ្នាំ1990 ក៏ប៉ុន្តែពេលនោះ គឺកម្ពុជាត្រូវពឹងផ្អែកទាំងស្រុងលើហិរញ្ញប្បទានសហការពីដៃគូអភិវឌ្ឍន៍។ ក្នុងការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធបន្ថែមពីលើប្រភពហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដែលរហូតមកទល់នឹងពេលនេះ ការវិនិយោគសាធារណៈ គឺមានទំហំប្រមាណ 8%នៃផ.ស.ស ដែលក្នុងនោះ 1/3 បានពីថវិកាជាតិ និង 2/3ទៀតបានមកពីដៃគូអភិវឌ្ឍន៍ដែលជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង។
នៅចុងឆ្នាំ2019 នេះ រាជរដ្ឋាភិបាលគ្រោងនឹងដាក់ចេញនូវអនុក្រឹត្យស្តីពីការគ្រប់គ្រង ការវិនិយោគសាធារណៈដែលជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ2018- 2025 និងដើម្បីបំពេញភាពគ្រប់ជ្រុងជ្រោយ និងភាពពេញលេញនៃការកែទម្រង់ប្រព័ន្ធថវិកា។
ឯកឧត្តមបានថ្លែងថា កន្លងមកយើងបានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍មួយចំនួនជាបន្តបន្ទាប់សម្រាប់គ្រប់គ្រងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយដូចនេះយើងមានភាពចាំបាច់ និងបន្ទាន់ក្នុងការរៀបចំប្រព័ន្ធនេះឡើងវិញ តាមរយៈការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងការវិនិយោគសាធារណៈឱ្យកាន់តែប្រសើរឡើង ស្របតាមឧត្តមានុវត្តជាអន្តរជាតិ និងតំបន់សំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងចីរភាពនៃការវិនិយោគ ទាំងគម្រោងអភិវឌ្ឍន៍ និងទាំងថវិកា។
ឯកឧត្ដមបានថ្លែងបញ្ជាក់ថា៖ “ទោះបីយើងមិនទាន់មានក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងការវិនិយោគសាធារណៈក្តី ក៏ប៉ុន្តែកន្លងមកនេះ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងការវិនិយោគសាធារណៈ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការបានធ្វើឱ្យការវិនិយោគសាធារណៈរបស់យើងនៅតែមានទំហំតូចនៅឡើយ ក៏ប៉ុន្តែវាបានដើរតួសំខាន់ក្នុងការ-ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការអភិវឌ្ឍប្រទេសទាំងមូល”។
ជាក់ស្តែង យើងបានឃើញហើយថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជារយៈពេលជាង 20ឆ្នាំមកនេះ មានកំណើន 7.7% ក្នុង 1ឆ្នាំជាមធ្យម ក្នុងនោះការវិនិយោគរបស់ជាតិទាំងមូលរួមទាំងការវិនិយោគផ្ទាល់ពីបរទេសផង មានមិនដល់ប្រមាណ 30% ទេ ដែលនេះជាការបញ្ជាក់ឱ្យឃើញថា ការប្រើប្រាស់ធនធានរបស់យើងមានប្រសិទ្ធភាព។ បើយើងក្រឡេកមើលប្រទេសដទៃទៀត គេវិនិយោគប្រមាណពី 40-50% ជាធនធានជាតិដើម្បីសម្រេចកំណើនសេដ្ឋកិច្ច 7% ហើយពេលខ្លះទៀតថែមទាំងមិនអាចសម្រេចបានគោលដៅនេះផង។
ក៏ប៉ុន្តែ ទោះបីជាយ៉ាងនេះក្តី យើងនៅមិនទាន់ត្រេកត្រអាលនឹងលទ្ធផលនេះទេ ហើយយើងនៅតែគិតថា យើងនៅមានភាពខ្វះខាតនៅឡើយ ទាំងជាយន្តការ ស្ថាប័នច្បាប់ និងធនធានមនុស្សព្រោះតម្រូវការវិនិយោគកាន់តែធំទៅៗ ហើយវិវឌ្ឍកាន់តែស្មុគស្មាញថែមទៀត ជាពិសេសគម្រោងវិនិយោគដែលមានទឹកប្រាក់ធំ។ ដូច្នេះការគ្រប់គ្រងការវិនិយោគសាធារណៈ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ និងការបែងចែកធនធាន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានចីរភាព។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ក្នុងគោលដៅខាងលើនេះ រាជរដ្ឋាភិបាលគ្រោងនឹងដាក់ចេញនូវអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈនៅចុងឆ្នាំ2019 នេះ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ2018-2025 ដើម្បីបំពេញភាពគ្រប់ជ្រុងជ្រោយ និងភាពពេញលេញនៃការកែទម្រង់ប្រព័ន្ធថវិកាមួយ ដែលអាចគ្របដណ្តប់ទាំងថវិកាចរន្ត និងថវិកាមូលធនទាំងនៅកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអាចឆ្លើយតបទៅនឹងការរៀបចំក្របខ័ណ្ឌចំណាយរយៈពេលមធ្យម និងការពង្រឹងថែមទៀតនូវសមាហរណកម្មថវិកាពីគ្រប់ប្រភព ទាំងមកពីប្រភពថវិកាជាតិ ដៃគូអភិវឌ្ឍន៍ និងតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនផងដែរ៕