Instagram គ្រោងនឹងបញ្ចេញមុខងារថ្មី2 ដើម្បីប្រឆាំងការមាក់ងាយតាមប្រព័ន្ធអ៊ីនធើណិត (Online Bullying) ពីសំណាក់អ្នកបញ្ចេញមតិទៅលើនរណាម្នាក់នៅលើបណ្ដាញសង្គមរបស់ខ្លួន។
ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតដោយប្រើបណ្ដាញសង្គម គឺជាបញ្ហាស្មុគស្មាញមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះ Instagram បានប្រើប្រាជ្ញាសិប្បនិម្មិត (AI) ដើម្បីកាត់បន្ថយការគំរាមកំហែងក្នុងការបញ្ចេញមតិ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ មុខងារថ្មីនេះមានតួនាទីសម្រាប់ជូនដំណឹងឱ្យអ្នកប្រើប្រាស់គិតឡើងវិញ មុននឹងបញ្ចេញមតិដែលមិនសមរម្យណាមួយទៅលើគណនីរបស់អ្នកដទៃ។
នេះជាវិធីដើម្បីកន្ត្រាក់អារម្មណ៍ដល់អ្នកប្រើប្រាស់ថា មតិរបស់ខ្លួន គឺមិនសមរម្យទេ សូមពិចារណា...។ មុខងារថ្មីទី2 គឺអាចឱ្យអ្នកប្រើដាក់ការកំណត់ (Restrict) ទៅលើគណនីណាមួយដែលអ្នកពុំចូលចិត្ត។ ការដាក់កម្រិតទៅលើមតិទាំងឡាយណាដែលអ្នកទទួលបានពីគណនីនោះ នឹងមិនត្រូវបានមើលឃើញដោយអ្នកដទៃឡើយ លើកលែងតែអ្នកអនុញ្ញាត៕