កាលពីសប្ដាហ៍កន្លងទៅសារព័ត៌មាន តៃវ៉ាន់ បានចេញផ្សាយថា តារាបង្ហាញម៉ូដស្រីរូបស្អាត Hannah Quinlivan ជាភរិយារបស់តារាចម្រៀងប្រុស Jay Chou បានបង្ហោះរូបកូនប្រុសទី2 របស់នាងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ បន្ទាប់មកកាលពីយប់ថ្ងៃទី 21 កន្លងទៅ តារាចម្រៀងប្រុសវ័យ 38 ឆ្នាំរូបនេះ បានបង្ហោះរូបកូនប្រុសទាំង 2 នាក់ជាមួយភរិយារបស់លោកជាថ្មីម្ដងទៀត ដែលគេសង្កេតឃើញថា ហាក់បីដូចជាមានសេចក្ដីសុខនៅក្នុងក្រុមគ្រួសារខ្លាំងណាស់។
នៅក្នុងថ្ងៃដដែល លោក Jay Chou បានឆ្លើយឆ្លងជាមួយសារព័ត៌មានកម្សាន្តមួយរបស់កោះតៃវ៉ាន់ ថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការងារនៅក្នុងឆ្នាំថ្មីនេះ ព្រោះតាមរយៈបទ Past Life Lover ដែលជាការធ្វើការងាររួមគ្នាជាមួយតារាស្រី Hathaway ក៏ប៉ុន្ដែហេតុអីបានជានាងមិនត្រូវបានគេប្រកាសឈ្មោះឱ្យអញ្ចើញចូលរួមកម្មវិធីទទួលពានរង្វាន់ Golden Melody Awards?។ តែមិនថ្វីទេ រឿងរ៉ាវមិនសប្បាយចិត្តរបស់ Jay Chou បានរសាយបាត់អស់ នៅពេលដែលលោកបាននៅជួបជុំជាមួយក្រុមគ្រួសារលោកវិញនៅពេលល្ងាចថ្ងៃនោះ។
ទន្ទឹមនឹងការខកចិត្តរបស់ខ្លួន Jay Chouបានបន្ដបញ្ជាក់ថា “ខ្ញុំអាចនឹងមិនបានចូលរួមកម្មវីធី Golden Melody Awards ទេ តែក៏សូមអរគុណដល់អ្នកគាំទ្រគ្រប់រូប ដែលបានផ្ដល់កម្លាំងចិត្តដល់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា ជាកិត្តិយសបំផុតដែលត្រូវបានគេអញ្ចើញចូលរួមកម្មវិធីប្រគល់ពានរង្វាន់នេះ តែខ្ញុំចង់ប្រគល់ពេលវេលានេះជូនភរិយា និងកូនទាំង 2 នាក់របស់ខ្ញុំវិញ” ៕