ថ្មីៗនេះ ព្រឹត្តិការណ៍ដង្ហែប្រកួតឈុតបុរាណខ្មែរ ពីគ្រួសារតារាកម្ពុជា នៅប្រាសាទសំបូរព្រៃគុក អបអរគំរប់ខួប២ឆ្នាំ នៃប្រាសាទសំបូរព្រៃគុក ចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរៀបចំឡើងយ៉ាង កក្រើកនៅខេត្តកំពង់ធំ ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ ក្រោយការរៀបចំបានបញ្ចប់ដោយជោគជ័យនោះ ពេលនេះយើងសូមបង្ហាញតារាប្រុសស្រីចំនួន ០៦រូប ដែលទទួលពានរង្វាន់ក្នុងកម្មវិធីនេះ ផ្នែកគ្រងឈុតបុរាណ សមជាងគេ។
* លេខ១ ផ្នែកបុរសបានទៅលើ លោក ឌួង តារាផាឌីន តារាចម្រៀងសំលេង២ ដែលគ្រងឈុត ព្រះគ្រូព្រាហ្មបុរោហិត ដែលជាគ្រូអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ ក្នុងពេលកម្ពុជា គោរពព្រហ្មញ្ញសាសនា និង លេខ១ ផ្នែកនារី គឺកញ្ញា ភីយ៉ា តារាសម្ដែង គ្រងឈុតស្រីទេព ដោយឈុតដែលនាងគ្រង គឺជាការច្នៃថ្មីចេញពី ជញ្ជាំងប្រាសាទអង្គរ ហើយរក្សាទម្រង់ដើមផ្នែកបុរាណ។
* លេខ ២ ផ្នែកបុរស លោក បញ្ញា សិទ្ធ តារាចម្រៀង គ្រងឈុតទេពតា និង លេខ២ ស្រី កញ្ញា វណ្ណា វត្តី តារាចម្រៀង គ្រងឈុតព្រះនាងទេពអប្សរាមកុដកំពូល៣ មិនធ្លាប់មាន ជាឈុតស្រាវជ្រាវថ្មី គ្រឿងថ្មី តែ
រក្សារចនាបទដើមលើជញ្ជាំងប្រាសាទ។
* លេខ ៣ ផ្នែកបុរស បានទៅលើ លោក ដា វិសាល បុរសឯកលេខ១វាយនភណ្ឌ២០១៩ និងជាក្រុមបង្ហាញម៉ូដ BN គ្រងឈុតព្រះលក្ខណ៍ ក្នុងរឿងរាមកេរ្តិ៍ និងលេខ៣ ស្រី កញ្ញា ពេជ្រ ចរណៃ តារាសម្ដែង គ្រងឈុតល្ខោនខោល។
គួរបញ្ជក់បន្ថែមថា កម្មវិធីប្រកួតគ្រងឈុតបុរាណខ្មែរ និងកម្មវិធីប្រពៃណីផ្សេងៗទៀត គឺត្រូវបានធ្វើឡើង ដើម្បីលើកស្ទួយល្ខោន ខោលខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីយនៃមនុស្សជាតិ។ ថែរក្សាសម្លៀកបំពាក់ បំពាក់ទម្រង់បុរាណខ្មែរ និងបណ្តុះគំនិតឲ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សា និង ចូលរួមលើកស្ទួយ សម្បត្តិវប្បធម៌ ដើម្បីឲ្យពិភពលោកកាន់តែស្គាល់ពីកម្ពុជា ជាពិសេសគឺស្គាល់ពីវប្បធម៌របស់ខ្មែរ៕