ថ្ងៃដែលមានអាកាសធាតុក្ដៅ ពន្លឺព្រះអាទិត្យជះកម្ដៅខ្លាំង សីតុណ្ហភាពឡើងដល់ 40 អង្សារទៅហើយ នរណាៗក៏គិតមិនខុសគ្នានោះទេ គឺមិនចង់ចាកចេញពីក្នុងផ្ទះឡើយ។ តើអ្នកបានជ្រាបឫទេថា ប្រទេសខ្លះនៅក្នុងតំបន់ប្រទេសអាស៊ានយើងក៏មានកន្លែងតំបន់ទេសចរណ៍ ដែលមានអាកាធាតុត្រជាក់ស្រស់ស្រាយពេញមួយឆ្នាំដែរ បើទោះបីជាស្ថិតនៅក្នុងរដូវក្ដៅក៏ដោយ។ តោះ! ដើម្បីកុំឱ្យរៀបរាប់កាន់តែអូសអន្លាយវែងឆ្ងាយថែមទៀត តើអ្នកទាំងអស់គ្នាបានរៀបចំវ៉ាលីសហើយឬនៅ? ថ្ងៃនេះដំណើរកម្សាន្ដរបស់ ឡារ៉ែន សូមនាំអារម្មណ៍លោកអ្នកមកស្គាល់តំបន់ទេសចរណ៍ធម្មជាតិដែលមានអាកាសធាតុត្រជាក់ សប្បាយៗដែលនៅមិនឆ្ងាយពីភ្នែករបស់លោកអ្នកប៉ុន្មានឡើយ។
Pyin Oo Lwin ប្រទេសមីយ៉ាន់ម៉ា
តំបន់ទេសចរណ៍ Pyin Oo Lwin ស្ថិតនៅក្នុងទីក្រុងដែលបានលាក់ខ្លួននៅកណ្ដាលជ្រលងភ្នំយក្សមួយ ដែលបានហ៊ុមព័ទ្ធទៅដោយព្រៃស្តុក ហើយមានកម្ពស់ខ្ពស់ជាងទឹកទន្លេដល់ទៅ1,000ម៉ែត្រ ជាហេតុផលមួយដែលធ្វើឱ្យនៅទីនោះមានអាកាសធាតុត្រជាក់ស្រស់ស្រាយពេញមួយឆ្នាំតែម្តង។ បរិយាកាសដ៏សែនរ៉ូមែនទិក បូកផ្សំជាមួយរទេះសេះដ៏គួរឱ្យទាក់ភ្នែក និងស្ថាបត្យកម្មផ្ទះរចនាបទគុមុយនីសបែបផ្ទះអង់គ្លេសទៀតនោះ គឺកាន់តែធ្វើឱ្យលោកអ្នកចង់ស្នាក់នៅទីនោះរយៈពេលយូរបំផុតនៅក្នុងរដូវកាលឈប់សម្រាកម្តងៗ។សាប៉ា ( SAPA ) ប្រទេសវៀតណាម
តំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ដែលកំពុងពេញនិយមបំផុតនៅប្រទេសវៀតណាមនោះគឺ “សាប៉ា” ដែលមានអាកាសធាតុត្រជាក់ ខ្យល់អាកាសវើតៗ សប្បាយពេញមួយឆ្នាំ។ សីតុណ្ហភាពនៅទីនោះប្រម៉ាណត្រឹម 15-16 អង្សារតែប៉ុណ្ណោះ អមដោយទស្សនីយភាពនៃភូមិដ៏ស្រស់ស្អាត និងពោរពេញទៅដោយកន្លែងទេសចរណ៍ជាច្រើនកន្លែងទៀត ដែលភ្ញៀវទេចរអាចទស្សនាវាលស្រែវែងដាច់កន្ទុយភ្នែកដូចជាកាំជណ្ដើរ ទេសភាពទន្លេសាប ទឹកជ្រោះ ដែលជាទីឋានដ៏សែនស្រស់បំព្រងក្នុងក្ដីស្រមៃរបស់លោកអ្នក។ ដោយសារតែការស្វាមគន៍រាក់ទាក់យ៉ាងកក់ក្ដៅចំពោះភ្ញៀវទេសចរពីសំណាក់ប្រជាជនរស់នៅក្នុងតំបន់នេះ ទើបតំបន់ទេសចរណ៍ សាប៉ា បានប្រែខ្លួនក្លាយជាទឹកដីគោលដៅទេសចរណ៍ដាច់គេក្នុងប្រទេសវៀតណាម។ដៀងផ្លាតូ (Dieng Plateau) ប្រទេសឥណ្ឌូនេស៊ី
ដែនដីឃ្លាំងស្រូវឃ្លាំងទឹកដ៏មានសារៈសំខាន់របស់ប្រទេសឥណ្ឌូនេស៊ី អមដោយផ្សែងអ័ព្ទព័ទ្ធភ្នំយ៉ាងស្រស់ត្រកាល បានសម្ញែងខ្លួននៅលើកំពូលភ្នំកម្ពស់2,093ម៉ែត្រពីកម្ពស់ទឹកសមុទ្រ។ អាកាសធាតុត្រជាក់ពេញមួយឆ្នាំនៅក្នុងតំបន់ទេសចរណ៍នេះ ដែលជាកន្លែងសំខាន់គឺ ស្រះមរតក ( ស្រះទឹកប្រែពណ៌) និងអាងទឹកកំពូលភ្នំភ្លើង។ ក៏ប៉ុន្ដែចំណុចពិសេសរបស់ ដៀងផ្លាតូ មួយទៀតនោះគឺ ទេសភាពមើលទៅខាងក្រោម គឺមើលពីលើកំពូលភ្នំចុះទៅខាងក្រោម គឺភ្ញៀវទេសចរនឹងបានឃើញបណ្ដុំផ្ទះតំរៀបគ្នាដូចកាំជណ្ដើរ ជាទីទាក់ភ្នែកជាខ្លាំង គឺជាទិដ្ឋភាពដែលមិនធ្លាប់បានឃើញនាពេលកន្លងមកនោះទេ។ដូចការរៀបរាប់ពីខាងលើ និងទស្សនារូបភាពខ្លះៗមួយចំនួនហើយនោះ តើអ្នកសម្រេចចិត្តចង់ទៅទស្សនាប្រទេសណាមួយដែរ? តែកុំភ្លេចថតរូបសែលហ្វីស្អាតៗបង្ហោះនៅលើបណ្ដាញសង្គមផងណា៎។ ជួបគ្នាម្ដងទៀត សូមរីករាយជាមួយដំណើរកម្សាន្ដដ៏អស្ចារ្យរបស់អ្នក ជូនពរឱ្យការធ្វើដំណើររបស់អ្នកប្រកបដោយសេចក្តីសុខ និងមានសុវត្ថិភាព៕