តារាប្រុសស្រីលេចធ្លោជាច្រើនដួងបានរួមគ្នាគ្រងឈុតសម្លៀកបំពាក់បុរាណតាមសម័យកាលដើម្បីប្រជែងគ្នាប្រកួតជ្រើសម៉ូដសម្លៀកបំពាក់បុរាណខ្មែរសម័យកាលណាឈ្នះដាច់គេតាមគំនិតច្នៃប្រឌិត។ គេមើលឃើញថា តារាប្រុសស្រីជាច្រើនដួងតស៊ូអំណត់ខំគ្រងទោះបីលំបាកក៏ក្នុងន័យលើកស្ទួយវប្បធម៌ខ្មែរ។
ឈុតបុរាណជាច្រើនទម្រង់ តាមសម័យកាលនិមួយបានលើកកមកបង្ហាញជាព្រឹត្តិការណ៍ធំគឺដើម្បីអបអរ«ទិវាវប្បធម៌បេតិកភណ្ឌជាតិនៃខួបការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបតិកភណ្ឌពិភពលោកឆ្នាំ២០១៩» និងជាព្រឹត្តិការណ៍ប្រកួតឈុតបុរាណប្រចាំឆ្នាំ។ តារាសិល្បៈចូលរួមសុទ្ឋសឹងជាសមាជិកគ្រួសារតារាកម្ពុជានិងជាការអបអរខួបគម្រប់៣ឆ្នាំនៃការបង្កើតក្រុមគ្រួសារតារាកម្ពុជាផងដែរ។
ការប្រកួតឈុតបុរាណខ្មែរនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកនាខេត្តកំពង់ធំដោយមានតារាសិល្បករប្រកួតគ្នាប្រមាណជិត៥០នាក់។ នៅក្នុងនោះ តារាសម្តែង ចែ រ៉ូហ្សា ដែលបានគ្រងឈុតបុរាណច្នៃដើម្បីប្រកួតដែរ បានប្រាប់ឱ្យដឹងថា លោកមានបំណងលើកស្ទួយអ្វីដែលជាវប្បធម៌ជាតិជាគោលក្នុងនាមអ្នកសិល្បៈ។ ទោះជាលំបាកបែបណាទ្រាំបានឈ្នះចាញ់មិនសំខាន់ៗលោកសប្បាយចិត្តព្រោះមិនដែលធ្លាប់គ្រងពីមុននោះទេ។
លោក បញ្ញា សិទ្ធ ដែលជាបេក្ខភាពប្រលងឈុតបុរាណដែរនោះ ក៏ប្រាប់ដែរថា លោកមានការរីករាយចិត្តដែរដោយបានចូលរួមប្រកួតឈុតបុរាណដែលនេះជាលើកទី១ហើយបានមកទស្សនាប្រាសាទបុរាណខ្មែរផងដែរ។ លោកថា នេះជាក្ដីរំភើប និងមោទនភាពក្រៃលែងដែលបានប្រឡងនូវកម្មវិធីឈុតប្រកួតបុរាណខ្មែរដើម្បីមុខមាត់សិល្បៈដូនតាយើងទោះមានការពិបាកបន្តិចក៏អាចទ្រាំបាន៕