ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល 5ខែដើមឆ្នាំនេះ មានទំហំទឹកប្រាក់សរុបចំនួនរហូតដល់ជិត 3ពាន់លានដុល្លារ ដែលបើគិតតាមតួលេខនេះ គឺមានការកើនឡើងប្រមាណ 60% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2018។ នេះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា៖“គិតត្រឹមរយៈពេល 5ខែដើមឆ្នាំ2019កន្លងទៅនេះ ទុនវិនិយោគសរុបលើវិស័យសំណង់នៅកម្ពុជាបានបន្តកើនឡើងរហូតដល់ 2,894,357,266 ដុល្លារអាមេរិក កើនប្រមាណ60% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2018 ដែលមានត្រឹមជាង 1,777ដុល្លារសហរដ្ឋអាមេរិក”។
ឯកឧត្តម បានបន្តថា៖“តាមរយៈការកើនឡើងនូវចំនួនទុនវិនិយោគសរុបខាងលើនេះ យើងអាចធ្វើការសន្និដ្ឋានបានថា នៅដំណាច់ឆ្នាំ2019 វិស័យសំណង់នៅកម្ពុជានឹងកាន់តែមានភាពល្អប្រសើរខ្លាំងជាងឆ្នាំកន្លងទៅ”។
ឯកឧត្ដមបានបន្តទៀតថា៖“ដោយសារតែវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែមានភាពរីកចម្រើន និងអភិវឌ្ឍន៍ឥតឈប់ឈរនេះហើយ បានធ្វើឱ្យបណ្តាអ្នកវិនិយោគមកពីប្រទេសចិនជាច្រើន ក៏ដូចជាក្រុមហ៊ុនសំណង់ធំៗនៅប្រទេសកូរ៉េ ងាកមកចាប់អារម្មណ៍ជាមួយនឹងការមកស្វែងយល់ពីឱកាសវិនិយោគ និងសហការជាដៃគូជាមួយបណ្តាក្រុមហ៊ុនក្នុងស្រុកដែលកំពុងតែមានប្រតិបត្តិការនៅកម្ពុជានាពេលបច្ចុប្បន្ននេះ”។
អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា លោក ង៉ែត ជូ បានមានប្រសាសន៍ថា៖“ជាមួយនឹងភាពរីកចម្រើនលើវិស័យសំណង់នៅកម្ពុជានាពេលបច្ចុប្បន្ន វាជារឿងល្អនៅពេលមានរូបភាពបែបនេះ ព្រោះការធ្វើទស្សនកិច្ចសិក្សាអំពីឱកាសវិនិយោគជាដៃគូ វាជាចំណុចចាប់ផ្តើមដ៏ល្អមួយ”។ លោកក៏បានបង្ហាញពីសុទិដ្ឋិនិយម និងគាំទ្រឱ្យមានការចូលរួមពីសំណាក់បណ្តាក្រុមហ៊ុនបរទេសធំៗមកកាន់កម្ពុជាឱ្យកាន់តែច្រើន”។
លោកបានបន្តថា៖“បច្ចុប្បន្នវិស័យសាងសង់សំណង់ និងអចលនទ្រព្យនៅកម្ពុជា ភាគច្រើនជាការវិនិយោគរបស់ក្រុមហ៊ុនចិន ប៉ុន្តែបើមានក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ឬប្រទេសដទៃទៀតវាកាន់តែប្រសើរ និងជំរុញឱ្យវិស័យមួយនេះរីកចម្រើនខ្លាំង”។
ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងនាពេលថ្មីៗនេះថា៖“ក្នុងគោលនយោបាយ ជួយលើកស្ទួយគុណភាព ក្នុងវិស័យសំណង់នាពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងភាពរីកចម្រើន និងការអភិវឌ្ឍក្នុងវិស័យសំណង់នេះ ក្រសួងមានឯកសារក្របខ័ណ្ឌគតិយុត្ត សមល្មមជាមួយការគ្រប់គ្រងនៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។ ជាពិសេស ដើម្បីឆ្លើយតបទៅនឹងកំណើនសំណង់អគារដែលកើនឡើងឥតឈប់ឈរ និងការធានាគុណភាព ជាមួយនឹងគុណភាពសុវត្ថិភាពសំណង់ទាំងនោះ យើងមានប្រកាសលិខិតបទដ្ឋាន មួយចំនួនទៀតដែលយើងបានអនុវត្តកន្លងមក ហើយក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កំពុងតែរៀបចំច្បាប់សំណង់ថ្មីមួយ ក្នុងនោះក៏យើងពង្រឹងបានគុណភាពតាមរយៈផ្តោតជាសំខាន់ទៅលើការពង្រឹងសុវត្ថិភាពនៃគ្រឿងផ្គុំសំណង់ និងបញ្ហាអគ្គិភ័យ”។
ឯកឧត្តមបានបញ្ជាក់ថា៖“និយាយរួម គុណភាពសំណង់នៅក្នុងច្បាប់ថ្មីយើងនេះ គឺយើងពង្រឹងលើគ្រឿងផ្គុំសំណង់ និងសុវត្ថិភាពអគ្គិភ័យ ហើយក៏មានបទដ្ឋានគតិយុត្តមួយចំនួនទៀតនៅក្រោមច្បាប់សំណង់ រហូតទៅដល់32 បន្ថែមទៀត រួមមានក្រឹត្យ អនុក្រឹត្យ ប្រកាស និងប្រកាសអន្តរក្រសួងជាច្រើនទៀត”។
ឯកឧត្តមថ្លែងថា៖“មន្ត្រីជំនាញជាន់ខ្ពស់របស់ក្រសួងកំពុងតែពិនិត្យ និងសរសេរ រៀបចំតាក់តែងបន្ថែមនូវចំណុចសំខាន់ៗ ដើម្បីឱ្យទាន់ការអនុវត្ត វិស័យសំណង់នៅកម្ពុជា ដោយសង្ឃឹមថា នៅឆ្នាំខាងមុខនេះ ច្បាប់ រួមទាំងលិខិតបទដ្ឋាន ព្រមទាំងអនុក្រឹត្យទាំងនោះនឹងបានអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ”។
គួររំឭកដែរថា បច្ចុប្បន្នប្រទេសកម្ពុជាមិនមានបទប្បញ្ញត្តិ ស្តីពីសុវត្តិភាពអគ្គិភ័យនោះទេ ហើយប្រព័ន្ធពន្លត់អគ្គិភ័យជាច្រើន ដែលបានបំពាក់នៅក្នុងអគារខ្ពស់ៗ មិនបានបំពេញទៅតាមស្តង់ដាសុវត្ថិភាព ឬខ្លះត្រូវបានរចនាឡើងដោយមិនត្រឹមត្រូវទៀតផង។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទថា៖“ការវិនិយោគលើវិស័យអចលនទ្រព្យមានកំណើននេះ វាជារឿងធម្មតា ជារួម គម្រោងវាមានការវិវឌ្ឍទៅតាមការគ្រោងទុក ពុំមានឧបសគ្គអ្វីធំដុំទេ ខ្ញុំគិតថា បើគិតទៅដល់ព្រឹត្តិការណ៍ដែលកើតឡើងនៅខេត្តព្រះសីហនុ វាពុំប៉ះពាល់ដល់វិស័យនេះទាំងមូលទេ។ ខ្ញុំមើលឃើញថា វិស័យនេះនៅតែមានស្ថិរភាព ប្រព្រឹត្តទៅតាមចង្វាក់ផលិតកម្មរបស់វាជាធម្មតាចំពោះបញ្ហាដែលកើតឡើងក្នុងវិស័យសំណង់នេះ”។
លោកប្រធានសមាគមក៏បានបញ្ជាក់ថា៖“ពាក់ព័ន្ធនឹងការរីកចម្រើន វាត្រូវពឹងពាក់ ឬអាស្រ័យទៅដល់ប្រព័ន្ធផ្លូវច្បាប់ ដែលជួយឱ្យវាជួយដល់វិស័យនេះទទួលផលកាន់តែប្រសើរថែមទៀត អុីចឹងទេ វាអាចកើតឡើងនូវភាពប្រឈមនឹងបញ្ហាខ្លះក្នុងវិស័យរបស់យើង ចំពោះអ្នកដែលប្រើប្រាស់ និងអ្នកដែលកំពុងតែធ្វើការងារក្នុងវិស័យអចលនទ្រព្យ ជាពិសេសអ្នកវិនិយោគវិស័យនេះតែម្តង”។
លោក ច្រឹក សុខនីម បានមានគំនិតយ៉ាងដូច្នេះថាការវិនិយោគលើវិស័យអចលនទ្រព្យមានកំណើន ក៏យើងចង់ឱ្យវាប្រកបទៅដោយភាពរលូន ពោលគឺ វាមានកំណើនឱ្យស្របទៅតាមក្របខ័ណ្ឌច្បាប់ គឺកាន់តែប្រសើរ ព្រោះថា គ្រប់វិស័យដែលអាចរីកចម្រើនទៅបាន តែងមានច្បាប់គ្រប់គ្រងដើម្បីជាជំនួយដ៏ចាំបាច់ក្នុងការដោះស្រាយបញ្ហាដែលអាចកើតមានឡើង។
ក៏ប៉ុន្តែជាមួយគ្នានេះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា៖“ព្រឹត្តិការណ៍នៃការបាក់ស្រុតសំណង់អគារដែលកំពុងតែដំណើរការសាងសង់កម្ពស់ 7ជាន់ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួសនោះ គឺគ្រាន់តែជាហេតុការណ៍នៃគ្រោះថ្នាក់ឧបទ្ទវហេតុបច្ចេកទេសសំណង់សុទ្ធសាធ ហើយព្រឹត្តិការណ៍នេះក៏មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិយាកាសនៃការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យសំណង់ និងទីផ្សារអចលនទ្រព្យទូទៅនៅកម្ពុជានោះទេ”។
សេចក្ដីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ថា៖“ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានៅតែរីករាយទទួលស្វាគមន៍ជានិច្ច នូវរាល់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យមកកាន់កម្ពុជា ជាពិសេសលើវិស័យអចលនទ្រព្យ និងសំណង់ ដែលកំពុងតែមានភាពរីកចម្រើនយ៉ាងល្អប្រសើរ”៕