ឧប្បត្តិហេតុ គឺជារឿងដែលមិនអាចស្មានដឹងមុនថា វានឹងកើតឡើងនៅពេលណា ចំពោះអ្នកណា និងដោយរបៀបណានោះឡើយ ដូច្នេះស្ត្រីដែលកំពុងមានគភ៌ គួរតែមើលថែទាំ និងប្រុងប្រយ័ត្នខ្លួនឯងឱ្យបានល្អបំផុត និងព្យាយាមចៀសវាងពីអ្វីដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃ ដូចជា អ្នកមានគភ៌ច្រើនតែរអិលដួលក្នុងបន្ទប់ទឹក ជាដើម ដូច្នេះគួររកបន្ទះការពារការរអិលយកមកក្រាលពីលើកម្រាលឥដ្ឋដើម្បីការពារទុកជាមុន តែបើសិនជាមានឧប្បត្តិហេតុកើតឡើងយ៉ាងនឹកស្មានមិនដល់វិញនោះ ស្ត្រីមានគភ៌ត្រូវពិនិត្យមើលខ្លួនឯងឱ្យច្បាស់លាស់ថា តើរឿងដែលកើតឡើងនោះ វាមានប៉ះពាល់អីធ្ងន់ធ្ងរដល់ខ្លួនឯង និងកូនក្នុងផ្ទៃឬក៏អត់?
វិធី 3យ៉ាងក្នុងការពិនិត្យមើលរាងកាយរបស់អ្នកមានគភ៌ក្រោយពេលកើតមានឧប្បត្តិហេតុណាមួយ ៖
1. ពិនិត្យមើលថា តើមានអាការឈឺគភ៌ដែរឬទេ?
នៅពេលមានឧប្បត្តិហេតុកើតឡើង ស្ត្រីមានគភ៌ត្រូវពិនិត្យមើលថា តើផ្ទៃពោះមានទៅបោកប៉ះនឹងអ្វីដែរឬទេ? ហើយបើមិនមានអាការឈឺចុកចាប់អ្វីទេនោះ គឺរាប់ថាជាសំណាងល្អរបស់អ្នកហើយ តែបើកើតមានអាការបន្តិចឈឺ បន្តិចបាត់ទៅវិញនោះ បញ្ជាក់ថា អាចនឹងមានការប្រសូតមុនពេលកំណត់ហើយ និងបើសិជានឈឺបែបរឹងៗក្នុងពោះជាប់រហូត នោះបញ្ជាក់ថាស្បូនអាចនឹងសកខ្លួនមុនពេលកំណត់។ តែបើសិនជាឈឺពោះខ្លាំង និងមានអាការឈឺនៅលើមាត់ស្បូន និងអាចមានការធ្លាក់ឈាមផងនោះ បើសិនជួបអាការបែបនេះ ចូរកុំបង្អង់យូរ ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។
2. ពិនិត្យមើលថា តើមានឈាមចេញមកតាមមាត់ស្បូនដែរឬទេ?
ព្រោះថា បើសិនមានឈាមចេញមកនោះ អាចនឹងទៅរួចដែលថា ស្បូនសកខ្លួន។ បើមានឈាមចេញមកតិច ក៏មិនសូវជាគ្រោះថ្នាក់អីប៉ុន្មានទេ និងអាចព្យាបាលបាន តែបើមានឈាមចេញមកច្រើនដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីមានគភ៌ខ្លួនឯងនោះ គ្រូពេទ្យអាចនឹងត្រូវឱ្យធ្វើការប្រសូតភ្លាមតែម្តង ដោយមិនបាច់គិតថា គភ៌មានអាយុប៉ុន្មានហើយនោះទេ។
3. ពិនិត្យមើលថា តើកូននៅរើល្អ និងខ្លាំងដូចមុនដែរឬទេ?
បន្ទាប់ពីអ្នកម្តាយមានគភ៌ទទួលរងឧប្បត្តិហេតុហើយ បើកូននៅក្នុងផ្ទៃនៅតែរើ ឬធាក់ដូចប្រក្រតីនោះ ប្រហែលជាគ្មានបញ្ហាអ្វីទេ តែបើកូននៅស្ងៀម លែងរើ លែងធាក់ ទោះជាធ្វើការជំរុញហើយក៏នៅតែមិនរើដដែលនោះ អ្នកម្តាយត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ហើយកុំបង្អង់យូរ។
ឧប្បត្តិហេតុ គឺជារឿងដែលមិនអាចការពារជាមុនបានទេ តែអាចរកវិធីចៀសវាងបានដោយការប្រុងប្រយ័ត្ន និងចៀសវាងពីទង្វើណាដែលប្រថុយប្រថាននឹងឧប្បត្តិហេតុ តែបើសិនជាកើតមានឧប្បត្តិហេតុដោយចៃដន្យណាមួយឡើងមែននោះ ចូរអ្នកមានគភ៌ទាំងឡាយចាំទុកថា មិនមានឈឺពោះ មិនមានធ្លាក់ឈាម និងកូននៅរើនិងធាក់ដូចមុនដដែល… បើមានអាការ 3យ៉ាងនេះ បញ្ជាក់ថា អ្នកម្តាយ និងកូនក្នុងផ្ទៃនៅមានសុវត្ថិភាពល្អដដែលទេ៕