នៅព្រឹកថ្ងៃ៥ ខែកក្កដា ឆ្នាំ២០១៩ ចាងហ្វាងផលិតកម្មមហាហង្ស និងដៃគូសហការក្រុមហ៊ុនថៃ All that one co.,Ltd បានរៀបចំកម្មវិធីសន្និសីទកាសែតប្រកាសឱ្យដឹងថា តារាខ្មែរ និងតារាថៃ នឹងបើកការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពទ្រង់ទ្រាយធំមួយ នៅថ្ងៃទី២៩ សីហា ខាងមុខនេះ ដើម្បីប្រមូលថវិកាលក់សប្បុរសធម៌ ទៅទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង។
កម្មវិធឺនេះ ក៏នឹងមានការប្រកួតរវាងក្រុមបាល់ទាត់ល្បីឈ្មោះមួយរបស់ថៃ ONCE UNITED ជាមួយនឹងក្រុមបឹងកេតរបស់កម្ពុជា ដែលជាប្រកួតមិត្តភាពទ្រង់ទ្រាយផ្លូវការផងដែរ។
លោក អ៊ិន សុភិន បានថ្លែងឱ្យដឹងថា គោលបំណងដែលលោករៀបចំកម្មវិធីនេះឡើង គឺដើម្បីចូលរួមចំណែក ក្នុងទ្រទ្រង់ ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ នឹងធ្វើឡើងនៅកីឡាជាតិពហុដ្ឋានអូឡាំពិក ដោយក្រៅពីក្លឹបបាត់ទាត់កម្ពុជា-ថៃ ក៏មានការចូលរួមតារាសិល្បៈកម្ពុជា-ថៃ ដែលនឹងធ្វើការសម្ដែងប្រគំតន្រ្ដី ក្រោយបញ្ចប់ការប្រកួត។ ចំពោះថវិកាដែលប្រមូលបានពីការលក់ សំបុត្រ និងអ្នកឧបត្ថម្ភមកពីបណ្ដារក្រុមហ៊ុននានា ត្រូវដាក់ចូលក្នុងមូលនិធិគន្ធបុប្ផា ហើយមិនមែនមានតែក្រុម បាល់ទាត់ Cambodia Super Star របស់មហាហង្សនោះទេ ដែលចូលប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ពោលគឺតារាគ្រប់រូប អាចចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួន នៅក្នុងមូលនិធីនេះបាន។
លោក អ៊ិន សុភិន បាននិយាយបន្តថា «ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់បំផុសបំផុលឲ្យតារាខ្មែរទាំងអស់ ចូលរួម អភិវឌ្ឃន៍វិស័យកីឡា និងចូលរួមកម្មវិធីសប្បុរសធម៌ ដើម្បីជួយដល់កុមារនៅកម្ពុជា ដែលកំពុងតែព្យាបាលនៅ មន្ទីរពេទ្យគន្ធបុប្ផា ទាំង៥កន្លែង ក្នុងប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមថា ប្រជាជនបងប្អូនខ្មែរទាំងអស់ នឹងចូលរួមគាំទ្រទស្សនាឲ្យបានច្រើនកុះករ ក៏ដូចជាលើកស្ទួយវិស័យសុខាភិបាល និងវិស័យកីឡា ផងដែរ»។
ចំពោះតម្លៃលក់សំបុត្រ មានតម្លៃ១ម៉ឺន សម្រាប់កន្លែងធម្មតា និងតម្លៃ២ម៉ឺនរៀល សម្រាប់កន្លែង VIP ដោយនឹងមានការលក់ចំនួន ១៥កន្លែង។ កម្មវិធីនេះ ក៏មានការចូលរួមឧបត្ថម្ភ មូលនិធិពីថ្នាក់ដឹកនាំធំៗនៅ ក្នុងប្រទេសកម្ពុជា ហើយជាពិសេសមានការគាំទ្រ ដោយសម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃប្រទេសកម្ពុជាផងដែរ៕