ដើមទ្រូង គឺជាអវយវៈដ៏សំខាន់របស់នារីៗយើង ឯការយកចិត្តទុកដាក់មើលថែទាំវិញនោះ មិនពិបាកធ្វើឡើយ ដូច្នេះបើមិនចង់ឱ្យដើមទ្រូងយារធ្លាក់មុនអាយុទេនោះ អ្នកគួរបញ្ឈប់ទម្លាប់5យ៉ាងដូចខាងក្រោមនេះ។
1. ពាក់អាវទ្រនាប់ខុសខ្នាត ឬមិនចូលចិត្តពាក់តែម្តង
អាវទ្រនាប់គឺជាគ្រឿងតុបតែងកាយដែលសំខាន់បំផុតរបស់នារីៗក៏អាចថាបានដែរ ទោះជាគ្មានអ្នកណាមើលឃើញមែន តែបើសិនយើងជ្រើសរើសអាវទ្រនាប់ដែលសមល្មមនឹងខ្នាតនោះ ក្រៅពីពាក់ហើយសប្បាយខ្លួន មិនទើសទែងធុញថប់ហើយ នៅជួយឱ្យដើមទ្រូងរបស់យើងនៅចំកន្លែង និងមិនឆាប់យារទៀតផង។ នារីៗជាច្រើនចូលចិត្តជ្រើសរើសពាក់អាវទ្រនាប់ដែលមានទំហំតូចជាងបន្តិច ព្រោះគិតថា នឹងជួយរុញឱ្យដើមទ្រូងមើលទៅឃើញណែន និងជិតគ្នាឡើង តែហ្នឹងគឺជាការធ្វើបាបដើមទ្រូងខ្លួនឯងទៅវិញទេ។ អាវទ្រនាប់មានច្រើនបែបច្រើនម៉ូដឱ្យជ្រើសរើស ដូច្នេះចូរជ្រើសរើសឱ្យបានស័ក្តិសមក្នុងការប្រើប្រាស់ និងខ្នាតដែលត្រឹមត្រូវជាមួយខ្លួនអ្នកប្រសើរជាង។
2. ទទួលទានទឹកតិច
ការទទួលទានទឹកល្អចំពោះសុខភាព និងគួរជាទឹកធម្មតាប៉ុណ្ណោះ ទឹកជាអង្គប្រកបសំខាន់ក្នុងរាងកាយ និងសំខាន់ចំពោះស្បែករបស់យើង បើទទួលទានទឹកតិចនឹងហុចផលធ្វើឱ្យដើមទ្រូងមិនណែនមូលក្បំ ស្បែកឆាប់ជ្រួញយារ និងមានស្នាមមុនអាយុ។
3. មិនលាបគ្រីមការពារពន្លឺថ្ងៃលើដើមទ្រូង
រដូវក្តៅបែបនេះ ជួនកាលក៏ពាក់អាវវាលកធំ អាវអត់ស្មា ឬសូម្បីតែឈុតហែលទឹកផ្សេងៗក៏ដោយ នៅពេលពន្លឺថ្ងៃចាំងមកប៉ះស្បែកយើងដោយត្រង់នោះ វាប្រៀបដូចជាយើងបណ្តោយឱ្យពន្លឺថ្ងៃចូលមកបំផ្លាញស្បែកបរិវេណនោះផងដែរ ហើយដើមទ្រូងក៏ដូចគ្នាដែរ វានឹងបង្កឱ្យកើតបញ្ហាជ្រីវជ្រួញមុនអាយុ និងកាន់តែឆាប់យារធ្លាក់ទៀតផង។
4. ជក់បារី
ការជក់បារីហុចផលជារួមដល់រាងកាយ ហើយរាងកាយគ្រប់ផ្នែកនឹងយារធ្លាក់ទាំងអស់ មិនលើកលែងសូម្បីតែដើមទ្រូងក៏ដោយ ព្រោះបារីធ្វើឱ្យអុីឡាស្ទីនរបស់ស្បែកថយចុះ ភាពក្មេងវ័យក៏នឹងរលាយបាត់អស់ដែរ។
5. ទម្ងន់ខ្លួនឡើងចុះៗញឹកញាប់
ការសម្រកទម្ងន់ធ្វើឱ្យកើតមានផលប៉ះពាល់ដូចជា ក្នុងខណៈដែលទម្ងន់ខ្លួនរបស់អ្នកស្រកចុះហើយនោះ រឿងដំបូងគេដែលស្រកចុះទៅដែរនោះ គឺទំហំរបស់ដើមទ្រូង ដែលពេញទៅដោយជាតិខ្លាញ់ហ្នឹងឯង ដូច្នេះហើយទើបការថែរក្សាទម្ងន់ខ្លួនឱ្យនៅទៀងទាត់ជាការប្រសើរបំផុត៕