របាយការណ៍របស់ទូរទស្សន៍ CCTV បានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលក្រុងប៉េកាំងគ្រោងនឹងដាក់ផ្កាយរណបសង្កេតផែនដីចំនួន 192ដួង ចូលទៅក្នុង “ក្រុមផ្កាយ” នៅឆ្នាំ2021 ដែលគេស្គាល់ឈ្មោះថា Xing shi dai។
ទូរទស្សន៍នេះបានឱ្យដឹងពីប្រភពមួយដែលបាននិយាយថា “វាមានសុវត្ថិភាពក្នុងការនិយាយថាផ្កាយរណបនៅតែជាឧបករណ៍គ្រប់គ្រងពីចម្ងាយ។ នោះមានន័យថា ពួកវាពុំមានមុខងារបញ្ជាដោយស្វ័យប្រវត្តិទេ។ គេរំពឹងថា ក្រុមអ្នកបង្កើតនឹងបំពាក់ប្រព័ន្ធបង្ហោះផ្កាយរណប Leo ថ្មីជាមួយសមត្ថភាពបញ្ជាខ្លួនវាដោយស្វ័យប្រវត្តិ”។
ក្រុមផ្កាយរណប Leo នឹងត្រូវបង្កើតឡើងសម្រាប់ការត្រួតពិនិត្យបរិស្ថាន ការបង្ការគ្រោះមហន្តរាយ និងការគ្រប់គ្រងចរាចរណ៍។ បច្ចេកវិទ្យា AI នឹងដំណើរការរូបភាពដែលថតបានដោយផ្កាយរណប ដោយប្រើឧបករណ៍ចាប់សញ្ញាមាន Resolution ចម្រុះ។ តាមវិធីនេះ រូបភាពដែលមានគុណភាពអន់នឹងត្រូវដកចេញ ហើយមានតែទិន្នន័យដែលមានប្រយោជន៍ប៉ុណ្ណោះដែលនឹងត្រូវបញ្ជូនត្រឡប់មកផែនដីវិញ។
ផ្កាយរណបទាំងនេះទំនងជានឹងត្រូវបាញ់បង្ហោះដោយប្រើយានបាញ់រ៉ុក្កែត Julang-1 ដែលបង្កើតឡើងសម្រាប់ការបាញ់បង្ហោះជាលក្ខណៈពាណិជ្ជកម្ម។ យាន Julang-1 មានសមត្ថភាពដឹកផ្កាយរណប1 ឬច្រើនដែលមានទម្ងន់រហូតដល់ 150គីឡូក្រាមចូលទៅតារាវិថីក្នុងកម្ពស់ 600គីឡូម៉ែត្រ។
ក្រុមអ្នកអភិវឌ្ឍន៍បានប៉ាន់ប្រមាណថា ការចំណាយលើការបាញ់បង្ហោះតាមយាន Julong-1 ម្តងៗ គឺប្រមាណ 25លានយ័ន (3.64លានដុល្លារ)។ ផ្កាយរណបទាំងនេះកំពុងត្រូវបានផលិតឡើងដោយក្រុមហ៊ុន ADASpace ដែលជាក្រុមហ៊ុនឯកជនរបស់ចិនមានមូលដ្ឋាននៅទីក្រុងឈឹងទូ នៃខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន៕