កាលពីពេលថ្មីៗនេះ បន្ទាប់ពីក្រុមហ៊ុន Huawei ទទួលបានភ្លើងខៀវ(បើកផ្លូវ) ពីសហរដ្ឋអាមេរិកវិញ គេប្រទៈឃើញរូបភាព render ជាច្រើនបង្ហាញពីម៉ូដែល Mate 30 ជាសែស្រឡាយធុនកណ្ដាលមួយរបស់ Huawei។
ស៊េរីស្មាតហ្វូនដែលលក់ដាច់ខ្លាំងជាងគេនៅប្រទេសចិននេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមចិន Weibo ចែកចាយយ៉ាងព្រោងព្រាត និងថា វាអាចនឹងត្រូវបានក្រុមហ៊ុនប្ដូររូបរាងពីកាមេរ៉ាខាង 4ជ្រុងការ៉េ ទៅជាកាមេរ៉ាក្រោយរាងរង្វង់ 4គ្រាប់វិញម្ដង។
តាមរយៈរូបភាពទាំងនោះ គេនៅមិនទាន់ប្រាកដជាក់ថា ជា Mate 30 ឬ Mate 30 Pro ឬយ៉ាងណានោះទេ ប៉ុន្តែឡេនស៍ Leica ដែលជាចំណែកធំជួយឱ្យស្មាតហ្វូន Huawei ជោគជ័យខ្លាំងនោះ នឹងនៅតែបន្តមានដដែល។
បណ្ដុំកាមេរ៉ាមូលនេះ មិនមែនជារឿងថ្មីឡើយ ដោយគេធ្លាប់ឃើញមានប្រើនៅលើស្មាតហ្វូន Motorola និង Nokia រួចមកហើយ ប៉ុន្តែមិនសូវល្បីល្បាញប៉ុន្មានឡើយ។ ការសម្រេចប្រើម៉ូដនេះ គឺអាចមកពី Huawei ចង់ឱ្យស្មាតហ្វូនរបស់ខ្លួនមានភាពខុសប្លែកពី iPhone និង Google Pixel ជំនាន់ថ្មី ដែលប្រើម៉ូដកាមេរ៉ារាងជ្រុង ដូច្នេះសូមរង់ចាំតាមដានជាបន្តទៀត៕