មានចម្ងល់ជាច្រើនតែងតែឆ្ងល់ថា លោក Honda ដែលគាត់ឧស្សាហ៍ដើរហើរទៅណាមកណាតែម្នាក់ឯងនោះ តើការពិត គាត់មានគូស្នេហ៍ហើយឬនៅ? ថ្ងៃនេះ ឡារ៉ែន សូមបង្ហាញពីជីវិតឯកជនរបស់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាឱ្យមិត្តអ្នកអានបានដឹង ជាពិសេសសំដៅទៅលើមនុស្សសំខាន់របស់គាត់។
Keisuke Honda មានភរិយារួចហើយ ដោយបានរៀបអាពាហ៍ពិពាហ៍នឹងនាង Misako Honda តាំងពីឆ្នាំ2008 មកម្ល៉េះ ហើយថែមទាំងមានចំណងដៃកូនប្រុសម្នាក់(មនុស្សសំខាន់ទី2)ថែមទៀតផង។ ភរិយារបស់លោក គឺជាអ្នកគ្រូបង្រៀនសាលាមត្តេយ្យម្នាក់ ហើយក៏ធ្លាប់ធ្វើជាអ្នកដឹកនាំក្រុមបាល់ទាត់នៃវិទ្យល័យមួយផងដែរ ដែលឱកាសនោះហើយបានធ្វើឱ្យអ្នកទាំង2 បានចាប់ផ្តើមស្គាល់គ្នាជាលើកដំបូង។ ភរិយារបស់គាត់ពូកែធ្វើម្ហូប ហើយថែមទាំងជាអ្នកគាំទ្រ និងផ្ដល់ជាកម្លាំងចិត្តដល់រូបលោកគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ទោះបីជាពួកគេហាក់នៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។
រំឭកផងដែរថា Keisuke Honda បានចុះកុងត្រាធ្វើជាគ្រូបង្វឹក តែស្ថិតក្រោមនាមជាអ្នកចាត់ការក្រុម (ដោយសារមិនមានសញ្ញាបត្រគ្រូបង្វឹកបាល់ទាត់) ជម្រើសជាតិកម្ពុជាកាលពីឆ្នាំ2018 ស្របពេលដែលពេលនេះ លោកទើបតែផ្ទេរចេញពីក្លិប Melburn Victory ហើយទំនេរមិនទាន់មានក្លិបថ្មីណាចែចូវនៅឡើយ៕