កីឡាករវ័យ 19ឆ្នាំ Supachai Jaided(ស៊ុផាឆៃ ចៃឌេត) បានក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ថៃនៅក្នុងពានរង្វាន់ AFF SUZUKI CUP 2018 ដែលបានបង្ហាញខ្លួនឡើងយ៉ាងល្អដោយការរកគ្រាប់បាល់បានដល់ទៅ 3គ្រាប់ គិតត្រឹម 4ប្រកួតដំបូងនៃពានរង្វាន់មួយនៅពេលនោះ។
កីឡាកររូបនេះមានដើមកំណើតនៅខេត្តប៉ាតានី(ខេត្តភាគខាងត្បូង) ប្រទេសថៃ បានចូលហ្វឹកហាត់បាល់ទាត់តាំងពីវ័យ 8ឆ្នាំ បច្ចុប្បន្នជាកីឡាកររបស់ក្លិប Burriram United ដ៏ល្បីល្បាញ។ រូបគេ គឺជាកុមារាម្នាក់ក្នុងចំណោម 10នាក់ដែលត្រូវបានជ្រើសរើសពីថ្នាលបណ្ដុំបណ្ដាលទូទាំងប្រទេសទៅហ្វឹកហាត់នៅប្រទេសស៊ុយអែត។ បន្ទាប់ពីត្រឡប់មកវិញ រូបគេបានចូលរួមជាមួយក្រុម U19 ជម្រើសជាតិថៃ ហើយបានជួយឱ្យថៃលើកពាន AFF U19 Championship។
អ្វីដែលធ្វើឱ្យគ្រូបង្វឹកជម្រើសជាតិថៃ មានការចាប់អារម្មណ៍លើរូបគេនោះគឺ រូបគេមានវ័យត្រឹមតែ 18ឆ្នាំ និងត្រូវបានកោះហៅជាកីឡាករបម្រុងក្នុងឈុត U-23 ដោយកាលនោះរូបគេត្រឹមតែជាកីឡាករប្តូរចូលនៅពេលចុងម៉ោងចំនួន 3ប្រកួតប៉ុណ្ណោះ តែរូបគេរកគ្រាប់បាល់បានដល់ទៅ 3គ្រាប់៕