បច្ចុប្បន្ននេះ ប្រទេសជប៉ុនត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានសក្តានុពលខ្លាំងផ្នែកការអប់រំ ជាពិសេសលើជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម។ ស្របជាមួយនឹងភាពល្បីល្បាញនេះ ជប៉ុនក៏មានគម្រោងពង្រីកការបណ្តុះបណ្តាលដល់បណ្តាប្រទេសនានាដែលខ្លួនបានដាក់ទុនវិនិយោគ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឆ្លើយតបជាមួយនឹងទីផ្សារការងារនាយុគសម័យថ្មីនេះ។
កម្ពុជាជាប្រទេសមួយផងដែរ ដែលមានកិច្ចសហការល្អជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន។ ហេតុនេះហើយទើបជានិច្ចកាលជប៉ុនបានជួយដល់កម្ពុជាជាច្រើនលើផ្នែកអប់រំ និងបណ្តុះបណ្តាល។ នៅពេលថ្មីៗនេះវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានសហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអង្គការមូលនិធិគាំទ្រការអប់រំអន្តរជាតិ (CIESF) របស់ជប៉ុន បានបើកវគ្គបណ្តុះបណ្តាលថ្មីមួយលើជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្រោមការគាំទ្រភាពជាដៃគូពីទីភ្នាក់ងារ JICA។ វគ្គបណ្តុះបណ្តាលនេះមានឈ្មោះថា IT Passport ដែលវាជាកម្មវិធីកម្រិតដំបូងក្នុងចំណោមកម្មវិធីសំខាន់ៗជាច្រើនទៀតដើម្បីត្រៀមប្រឡងយកសញ្ញាបត្រវិស្វករបច្ចេកវិទ្យាព័ត៌មាន (Information Technology Engineers Examination – ITEE) ដែលជាកម្មវិធីទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន។ សញ្ញាបត្រនេះនឹងធ្វើឱ្យនិស្សិតទទួលបានការទុកចិត្ត និងទទួលស្គាល់ពីក្រុមហ៊ុនឯកជនជាច្រើនរបស់ជប៉ុនដែលកំពុងវិនិយោគនៅកម្ពុជា ព្រោះជំនាញ ITEE នេះជាជំនាញដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ។
តាមការបញ្ជាក់ពីវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានឱ្យដឹងថា ITEE ជាការប្រឡងវិស្វករផ្នែកបច្ចេកវិទ្យាដែលគ្រប់គ្រងដោយ IPA របស់ជប៉ុន។ វាជាការប្រឡងថ្នាក់ជាតិធំបំផុតមួយនៅក្នុងប្រទេសជប៉ុន ដែលជារៀងរាល់ឆ្នាំមានអ្នកចូលរួមប្រមាណ 600,000នាក់។ ការប្រឡងនេះត្រូវធ្វើឡើងកងតាមកាលបរិច្ឆេទនិងសំណួរដូចគ្នាជាមួយបណ្តាប្រទេសដែលជាសមាជិកនៃវិទ្យាស្ថាន ITPEC (Information Technology Professionals Examination Council) ដែលការប្រឡងនេះនឹងត្រូវធ្វើឡើង2ដងក្នុង1ឆ្នាំ គឺក្នុងខែ មេសានិងខែតុលា។
សម្រាប់កម្រិតនៃការប្រឡង ITEE នេះវិញត្រូវបានវិទ្យាស្ថាន ITPEC រៀបចំជា4កម្រិតគឺ ទី1 ការប្រឡងកម្រិត IP (IT Passport Exam) ដែលការប្រឡងនេះសម្រាប់បេក្ខជនទូទៅដែលបានបញ្ចប់ការសិក្សា ហើយចង់បានវិញ្ញាបនបត្រ ITEE ថែមទៀតដើម្បីបញ្ជាក់ពីកម្រិតជំនាញវិជ្ជាជីវៈមូលដ្ឋានផ្នែកព័ត៌មានវិទ្យា។ កម្រិតទី2 គឺការប្រឡងវិស្វករព័ត៌មានវិទ្យាមូលដ្ឋាន FE (Fundamental Information Technology Engineer Examination) សម្រាប់អ្នកជំនាញបច្ចេកវិទ្យាព័ត៌មាន និងនិស្សិតបញ្ចប់ការសិក្សា ឬនិស្សិតពាក់ព័ន្ទនឹងផ្នែកបច្ចេកវិទ្យា។ កម្រិតទី3 គឺការប្រឡងវិស្វករព័ត៌មានវិទ្យា AP (Applied Information Technology Engineer Examination) សម្រាប់អ្នកជំនាញបច្ចេកវិទ្យា និងអ្នកមានបទពិសោធការងារស្រាប់។ ចុងក្រោយកម្រិតទី4 គឺការប្រឡងកម្រិតខ្ពស់ AE (Advance Examination) សម្រាប់អ្នកជំនាញដែលមានបទពិសោធជាក់លាក់។
ស្ថាប័នដដែលបានបញ្ជាក់ផងដែរថា ការប្រឡងនេះត្រូវបានគេទទួលស្កាល់ថាជាការប្រឡងវាស់ចំណេះដឹង នៃនិស្សិតបញ្ចប់ការសិក្សាបច្ចេកវិទ្យា និងដើម្បីលើកកម្ពស់ឱកាសការងារទាំងក្នុង និងក្រៅប្រទេស ព្រោះសញ្ញាបត្រនេះទទួលស្គាល់យ៉ាងទូលំទូលាយក្នុងបណ្តាប្រទេសអាស៊ីមួយចំនួនដូចជា ចិន កោះតៃវ៉ាន់ ជប៉ុន ឥណ្ឌា កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីនម៉ុងហ្គោល មីយ៉ាន់ម៉ា ថៃ វៀតណាម និងបង់ក្លាដែស។ សម្រាប់កម្ពុជាយើងកំពុងដំណើរការដំបូងក្នុងការរៀបចំទទួលស្គាល់ផងដែរ ព្រោះកម្ពុជាមិនទាន់មានមជ្ឈមណ្ឌលប្រឡងលើកម្រិតទាំងអស់នេះ ហេតុនេះបេក្ខជនដែលមានពិន្ទុល្អពីសាលា ហើយមានបំណងចង់ប្រឡងយកសញ្ញាបត្រកម្រិតខ្ពស់នេះ នឹងទទួលបានការស្នាក់នៅ និងប្រឡងនៅប្រទេសវៀតណាម។
និស្សិតដែលចង់សិក្សាវគ្គ IT Passport អាចទាក់ទងដោយផ្ទាល់ជាមួយនឹង វិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT) ដោយការបណ្តុះបណ្តាលមានរយៈពេល3សប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី 15 ខែកក្កដា រហូតដល់ថ្ងៃទី2 ខែសីហា ឆ្នាំ2019 ខាងមុខនេះ។ ទីតាំងបណ្តុះបណ្តាលស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង៕