មិនមែនទ្រព្យសម្បត្តិ ឥទ្ធិពល ឬភាពល្បីល្បាញនោះទេ ដែលធ្វើឱ្យមនុស្សមានសេចក្តីសុខពិតប្រាកដនោះ ហេតុនេះហើយទើបគេសង្កេតឃើញថា ប្រទេសតូចៗមួយចំនួនបានដណ្តើមតំណែងជាប្រទេសដែលប្រ-ជាជនមានសេចក្តីសុខក្នុងសន្ទស្សន៍ល្អៗពីប្រទេសមហាអំណាចធំៗដែលមានការអភិវឌ្ឍឆាប់រហ័ស។ មនុស្សភាគច្រើនប្រហែលជាគិតថាអាមេរិក ចិន ឬប្រទេសដែលមានឧស្សាហកម្មធំៗ មានឥទ្ធិពលខាងសេដ្ឋកិច្ចក្នុងពិភពលោក ជាប្រទេសដែលមានពិន្ទុផ្នែកប្រជាជនមានសេចក្តីសុខខ្ពស់ជាងគេលើពិភពលោកហើយមើលទៅ តែតាមពិតទៅ នៅក្នុងតារាងនៃប្រទេសមានសេចក្តីសុខជាងគេលើពិភពលោកសម្រាប់ឆ្នាំ 2019 (world happiness report) បានបង្ហាញថា អាមេរិកស្ថិតនៅលើចំណាត់ថ្នាក់លេខ18 ចិនស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ86 អង់គ្លេសស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ19 និងប្រទេសធំៗមួយចំនួនទៀតមិនមែនស្ថិតនៅចន្លោះចាប់ពីលេខ1 ដល់លេខ10នោះទេ។ ផ្ទុយមកវិញ ប្រទេសតូចមួយចំនួនៗ ដែលប្រទេសខ្លះមិនសូវមាន GDP ខ្ពស់ផង តែបែរជាស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលៗនៃតារាងទៅវិញ។
ប្រទេសមួយចំនួនដែលបានប្រែក្លាយខ្លួនពីប្រទេសលំបាក និងគ្មានសេចក្តីសុខបានបង្ហាញពីវិធីសាស្ត្រដើម្បីជំរុញឱ្យមានការប្រែប្រួលយ៉ាងល្អប្រសើរសម្រាប់នាំភាពសុខសាន្តពិតប្រាកដមកជូនប្រជាជន។ នៅឆ្នាំ1948 ប្រទេស Costa Rica បានកាត់បន្ថយ ឬលុបចោលមិនឱ្យមានកងយោធាច្រើន ដើម្បីទុកថវិកាឱ្យបានកាន់តែច្រើនសម្រាប់ចំណាយទៅលើផ្នែកអប់រំ ដែលជាលទ្ធផលមកដល់បច្ចុប្បន្ននេះ ស្ថានភាពនៃការរស់នៅរបស់ប្រជាជនបានល្អប្រសើរឡើងខ្លាំងជាងប្រទេសអ្នកមានមួយចំនួន ដូចជាចក្រភពអង់គ្លេស និងអាមេរិកជាដើម។ នៅក្នុងឆ្នាំ2017 ពួកគេបានវិនិយោគថវិកាប្រមាណ 7.4% នៃផលិតផលក្នុងស្រុកសរុប (GDP) ទៅលើវិស័យអប់រំ។ ការធ្វើបែបនេះ គឺធ្វើឱ្យប្រជាជនចាប់ផ្តើមមានកម្រិតនៃការយល់ដឹងខ្ពស់ឡើង ហើយកាត់បន្ថយស្ថានភាពអនាធិបតេយ្យ និងអំពើទុច្ចរិតនៅក្នុងសង្គម និងនាំមកនូវការកើនឡើងនូវសុចរិតភាព និងប្រសិទ្ធភាពការងារដែលមិនយូរមិនឆាប់ ពួកគេអាចរៀបចំប្រព័ន្ធសេវាសាធារណៈបានយ៉ាងល្អ រួមទាំងទទួលបានធនធានមនុស្សល្អៗយ៉ាងច្រើនសម្រាប់អភិវឌ្ឍន៍ប្រទេសទៀតផង។
ប្រទេសប៊ូតាន ត្រូវបានគេស្គាល់ថា ជាប្រទេសមួយដែលស្ងប់ស្ងាត់ ដែលមាន GDP តិច តែមានភាពល្បីល្បាញរហូតពិភពលោកចាត់ទុកប្រទេសមួយនេះថា ជាដែនដីនៃសេចក្តីសុខ។ ប៊ូតាន បានបំភ្លេចចោល GDP តែផ្តោតសំខាន់លើការកសាងគុណភាពរបស់មនុស្ស ព្រោះពួកគេអាចបណ្តុះផ្នត់គំនិតមនុស្សឱ្យចេះរស់នៅជាមួយធម្មជាតិ និងពឹងពាក់ធម្មជាតិដោយការទាញផលប្រយោជន៍ប្រកបដោយនិរន្តរភាព។ ពួកគេចេះរស់នៅក្នុងជីវភាពរីករាយជាមួយនឹងធនធានដែលពួកគេទទួលបានពីធម្មជាតិ ហើយចេះសោយសុខជាមួយជីវិតដែលរស់នៅបែបសហគមន៍ និងចេះជួយគ្នាគ្រប់កាលៈទេសៈ។ ដោយសារតែបែបនេះហើយ ទើបធ្វើឱ្យប្រទេសប៊ូតាន បានក្លាយជាតំបន់ដ៏ស្មោះត្រង់ចំពោះគ្នា ហើយជាកន្លែងដែលប្រជាជនអាចបង្កបង្កើនផលដំណាំសុខភាពច្រើនជាងគេ។ ចំពោះបរិស្ថានវិញ ក៏ជាប់លំដាប់ថ្នាក់ខ្ពស់បំផុតដែលជាហេតុធ្វើឱ្យប្រជាជនមានសុខភាពល្អ និងមិនចំណាយច្រើនលើការព្យាបាលជំងឺ និងមានថាមពលគ្រប់គ្រាន់សម្រាប់ការសិក្សាពីចំណុចល្អៗនៃការរស់នៅ ដើម្បីបន្តភាពរីកចម្រើនដោយមិនអាចអវត្តមានបាននូវផ្នត់គំនិតរក្សាសេចក្តីសុខសម្រាប់មនុស្សគ្រប់គ្នា និងសង្គមសួនរួម។
ចំពោះប្រទេសនូវែលសេឡង់វិញ ពួកគេបានផ្តោតសំខាន់លើការផ្តល់សេវារក្សាសុខភាពផ្លូវចិត្ត និងចំណាយថវិកាច្រើនដើម្បីអភិវឌ្ឍផ្នែកដ៏សំខាន់នេះ។ក្នុងចំណោមថវិការាប់ពាន់លានដុល្លារនោះរដ្ឋាភិបាលក៏ផ្តោតការយកចិត្តទុកដាក់ខ្លាំងផងដែរ លើការជួយស្តារគ្រួសារដែលទទួលរងអំពើហិង្សា និងកុមារក្រីក្រ ព្រោះគេផ្តោតការយកចិត្តទុកដាក់ខ្លាំងលើកុមារ ដែលជាធនធានសំខាន់សម្រាប់អនាគតសង្គម។ ការធ្វើបែបនេះជាគោលការណ៍សំខាន់មួយនៃគោលដៅរបស់រដ្ឋាភិបាលដែលចង់វិនិយោគយូរអង្វែងដើម្បីស្វែងរកសុភមង្គលសម្រាប់ប្រជាជន ប្រសើរជាងការកើនឡើងនៃសេដ្ឋកិច្ចតែមួយមុខហើយការរស់នៅរបស់ប្រជាជនកាន់តែលំបាកទៅវិញ៕