ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវការរីករាយ ដែលនំបញ្ចុកខ្មែរបានបង្ហាញខ្លួននៅទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោ(World Trade Organization-WTO) នៅក្នុងកម្មវិធីសង្គម និងវប្បធម៌ នារាត្រីថ្ងៃទី 03 ខែកក្កដា ឆ្នាំ2019 នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះ។នេះបើតាមសរសេរនៅលើ បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី 04 ខែកក្កដា ឆ្នាំ2019 ។
សម្ដេចតេជោបានបញ្ជាក់ថា៖» ខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTOកាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និងវប្បធម៌។ ដូចយើងដឹងហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិយើង ដែលបង្ហាញពីសាមគ្គីភាពស្អិតរមួតវេញត្របាញ់ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែលមានគ្រឿងផ្សំជាច្រើននាំមកនូវក្លិនដ៏ឈ្ងុយ និងរសជាតិដ៏ឆ្ងាញ់ពិសាដែលនាំមកនូវសុខភាពពិតៗ»។
សម្ដេចតេជោបានបន្ថែមថា៖» យើងចូលរួមឱ្យតម្លៃ លើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរឱ្យបានកាន់តែទូលំទូលាយនៅក្នុងពិធីសំខាន់ៗតូច ធំ ទាំងក្នុង និងក្រៅប្រទេស។ សម្ដេចតេជោក៏សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ទីកន្លែង»។
គួរបញ្ជាក់ដែរថា ក្នុងខណៈដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ2019 » នារាត្រីថ្ងៃទី 03 ខែកក្កដា ឆ្នាំ2019 សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកម្មវិធីព្រឹត្តិការណ៍សង្គម និងវប្បធម៌ ដែល ប្រារព្វធ្វើឡើងនៅទីស្នាក់ការកណ្តាល អង្គការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។
ក្នុងពីធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រ៉ូប៊ែរតូ អាហ្សេវ៉េឌូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ អនុប្រធានាធិបតី និងតំណាងប្រទេសនៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាច្រើនរូប។
ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្រ្ត និងក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលរៀបចំ ព្រឹត្តិការណ៍សង្គម និងវប្បធម៌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំទាំងអស់នៃប្រទេសជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក អញ្ជើញពិសារនំបញ្ចុក និងបង្អែមប្រពៃណីជាតិខ្មែរ ដែលរៀបចំដោយអ្នកចុងភៅមកពីប្រទេសកម្ពុជា និងប្រជាពលរដ្ឋនៅសហភាពអឺរ៉ុប។
ជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ថ្នាក់ដឹកនាំ នៃអង្គការពាណិជ្ជកម្មពិភពលោក និងថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកដែលមានវត្តមានក្នុងព្រឹត្តិការណ៍សង្គម និងវប្បធម៌ គឺសុទ្ធតែសម្ដែងនូវការកោតសរសើរចំពោះរស់ជាតិ នៃម្ហូបប្រពៃណីជាតិខ្មែរគឺ«នំបញ្ចុក»ដែលមានរស់ជាត់ឈ្ងុយឆ្ងាញ់ពិសានេះផងដែរ៕