រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំសំខាន់ចំនួន2 គឺកិច្ចប្រជុំលើកទី 4 របស់រដ្ឋមន្ត្រីទេសចរណ៍ ដែលបានជំរុញកិច្ចសហប្រតិបត្តិការ ACMECS ជាពិសេសផ្នែកទេសចរណ៍ សាសនា និងម្ហូបអាហារ និងទេសចរណ៍បើកបរដោយខ្លួនឯង និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ឬ Cambodia Laos Myanma Viet Nam) លើកទី5 ដែលរៀបចំឡើងនៅខេត្តឈៀងម៉ៃប្រទេសថៃ។ នេះបើតាមការឱ្យដឹងពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា៖“កិច្ចសហប្រតិបត្តិការត្រូវផ្តោតលើទេសចរណ៍ សាសនា និងម្ហូបអាហារ។ បណ្តាប្រទេសជាសមាជិក បានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់រាងកាយរបស់ពួកគេជាមួយគ្នា ដើម្បីឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល-លោក រួមទាំងដំណើរទេសចរណ៍បើកបរដោយខ្លួនឯងនៅទូទាំងប្រទេស”។
ឯកឧត្តម ថោង ខុន ក៏បានមានប្រសាសន៍ នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរថា៖“ប្រទេសដែលស្ថិតនៅក្រោម CLMV និង ACMECS មានសក្តានុពលយ៉ាងខ្លាំងក្នុងវិស័យពុទ្ធសាសនា និងទេសចរណ៍ ដែលមានប្រវត្តិ និងវប្បធម៌ដ៏អស្ចារ្យ ដែលជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ”។
សូមបញ្ជាក់ថា យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចមេគង្គ – ចៅផៈយ៉ា – មេគង្គ) (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ឬ ACMECS គឺជាអង្គការនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដែលមានសមាសភាពពីប្រទេសថៃ ឡាវ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។ ចំណែក CLMV គឺតំណាងឱ្យប្រទេសកម្ពុជា ឡាវ ភូមា មីយ៉ាន់ម៉ា និងវៀតណាម។
រដ្ឋមន្ត្រីទេសចរណ៍ ACMEC ក៏បានអបអរសាទរកំណើនទេសចរអន្តរជាតិមកទស្សនាប្រទេសជាសមាជិក ACMECS ដែលមានចំនួន 67.71លាននាក់ ក្នុងឆ្នាំ2018 កើនឡើង 10.61%បើធៀបនឹងឆ្នាំ2017។ យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ចំនួនអ្នកទេសចរក្នុងប្រទេស CLMV មានចំនួនសរុប 29.44លាននាក់ កើនឡើង 13.96%។ ទេសចរណ៍ផ្ទៃក្នុង CLMV (Intra-CLMV Traveler) មាន ២.៥៨លាននាក់ ស្នើនឹង 9% នៃទេសចរអន្តរជាតិសរុប។
ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងទៀតថា ប្រទេសសមាជិកទាំងអស់មានសក្តានុពលផ្នែកព្រះពុទ្ធសាសនា ម្ហូបអាហារប្រកបលក្ខណៈពិសេស បង្ហាញអំពីអរិយធម៌ វប្បធម៌ ការរស់នៅស្រដៀងៗគ្នា ដែលកត្តាទាំងនេះ គឺជាភាពទាក់ទាញទេសចរដ៏សំខាន់ ឆ្លើយតបនឹងនិន្នាការទេសចរណ៍បច្ចុប្បន្ន ព្រមទាំងចូលរួមដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាកេរដំណែលរបស់មនុស្សជាតិផងដែរ។
ទន្ទឹមនឹងនេះ ប្រទេសជាសមាជិកមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលតភ្ជាប់គ្នាទៅវិញទៅមករវាងប្រទេស ACMEC និង CLMV បានកាន់តែប្រសើរឡើង ដែលនឹងអាចចូលរួមជំរុញវិស័យទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour) កាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតបនឹងនិន្នាការទេសចរណ៍សកលលោក ដែលការបើកបរដោយខ្លួនឯងឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតនេះកំពុងតែទទួលបានការពេញនិយម។
ឯកឧត្តម ថោង ខុន ក៏បានឱ្យដឹងដែរថា៖“នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍បានព្រមព្រៀងគ្នាបង្កើតផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍គ្របដណ្តប់ឆ្នាំ2019-2023 ដែលនឹងផ្តោតលើការតភ្ជាប់រវាងផ្លូវ និងច្រករបៀង ក៏ដូចជាសកម្មភាពទីផ្សារ និងទេសចរណ៍ប្រកបដោយចីរភាព”។
រដ្ឋមន្ត្រីទេសចរណ៍ CLMV ក៏បានឯកភាពគ្នាបន្តជំរុញការផ្សព្វផ្សាយឱ្យបានកាន់តែខ្លាំងថែមទៀត ដោយបានដាក់ចេញនូវផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ2019-2021ក្នុងនោះរួមមានសកម្មភាពសំខាន់ ដូចជា៖ 1-ការសម្រួលការធ្វើដំណើរក្នុងតំបន់។ 2-ការកសាងសមត្ថភាព។ 3- ជំរុញការចូលរួមពីភាគីឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន។ 4- ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី និង5-ជំរុញសុវត្ថិភាពទេសចរណ៍។
កិច្ចប្រជុំក៏បានព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្ដិការទេសចរណ៍បន្ថែមទៀតនៅក្រោមកម្មវិធីទិសដៅ 4ប្រទេស“ប្រទេស4 គោលដៅតែ1” ដោយមានគោលដៅសម្រួលដល់ការធ្វើ ដំណើរ បង្កើតផលិតផលទេសចរណ៍ថ្មី លើកកម្ពស់សុវត្ថិភាពអ្នកទេសចរ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន៕