គ្រាដែលកញ្ញា ម៉ៅ គីមធីតា ប្រឡូកចូលសិល្បៈដំបូង ហាក់មានគំនាបពីគ្រួសារមិនចង់ឱ្យនាងដើរលើវិថីមួយនេះទេ ហេតុផលរបស់ពួកគាត់ គឺមិនចង់ឱ្យកូនស្រីត្រូវមាត់ញាតិជិតខាងរិះគន់ និងខ្លាចមានរឿងអាស្រូវឡើយ។
កញ្ញាម៉ៅ គីមធីតា ត្រូវបានគេសន្និដ្ឋានថា នាងអាចមានឱកាសទទួលបានភាពល្បីល្បាញយ៉ាងលឿនតាមរយៈរូបសម្រស់ និងទេពកោសល្យសិល្បៈ។ មានអ្នកខ្លះថែមទាំងបានទស្សទាយថា បើនាងស្រស់ស្អាតម្លឹងៗមិនយូរប៉ុន្មានទេតារាសម្ដែងម្នាក់នេះនឹងមានគូគាប់ទ្រនាប់ចិត្ដដូចជាតារាដទៃជាមិនខាន។
ជួប ម៉ៅ គីមធីតា នាងប្រាប់ថា ចាប់តាំងពីប្រឡូកចូលសិល្បៈអស់រយៈពេលជាង 5ឆ្នាំមកនេះ នាងពុំធ្លាប់បង្ករបញ្ហាស្មុគស្មាញ ឬមានរឿងមិនល្អធ្វើឱ្យអ្នកផ្ទះពិបាកចិត្ដឡើយ ពិសេសរឿងស្នេហាតែម្ដង។ ពោលគឺនាងពុំដែលយកខ្លួនទៅប្រឡូកប្រឡាក់ជាមួយរឿងស្នេហាទេ ។
ទោះជាយ៉ាងណា តារាសម្ដែងរូបនេះអះអាងថា៖ «រយៈពេលជាច្រើនឆ្នាំនេះ ប្រសិនបើខ្ញុំគិតពីរឿងស្នេហាវិញ មិនខ្វះទេអ្នកស្រឡាញ់ខ្ញុំ ប៉ុន្ដែខ្ញុំចង់គិតដោយសារតែមិនចង់យកស្នេហាមកពាក់ព័ន្ធជាមួយការងារ ដែលកំពុងតែមានភាពរីកចម្រើនល្អ។ ពិសេសខ្ញុំមិនចង់ឱ្យអ្នកផ្ទះពិបាកចិត្ដ ជាមួយខ្ញុំទេ»។
តារាញញឹមថ្ពាល់ខួចរូបនេះ បានអះអាងថា នៅពេលមានស្នេហាប្រហែលជានាងគ្មានអារម្មណ៍ផ្ដោតលើការងារច្រើនទេ។ នាងប្រឡូកចូលសិល្បៈកើតចេញពីស្រឡាញ់ និងចង់ទទួលបានភាពល្បីល្បាញ និងការគាំទ្រពីមហាជន។ ដូច្នេះនាងមិនឱ្យរឿងទាំងនោះចាក់ស្រេះនៅក្នុងជីវិតនាងឡើយ។
កញ្ញា ម៉ៅ គីមធីតា បានទទួលស្គាល់ថា៖ «កាលពីចូលសិល្បៈដំបូងអ្នកផ្ទះខ្ញុំពិតជាបារម្ភពីខ្ញុំមែន ទី1គិតរឿងសុវត្ថិភាពពេលខ្ញុំចេញធ្វើការងារយប់ព្រលប់ ទី2ខ្លាចខ្ញុំទៅរាប់អានបុរសណាម្នាក់មិនល្អតែក្រោយពីមើលឃើញជំហររឹងប៉ឺងរបស់ខ្ញុំចំពោះរឿងស្នេហា ខ្ញុំហ៊ាននិយាយថា រហូតដល់ពេលនេះគាតលែងបារម្ភលើរឿងនេះហើយ»៕