សកម្មភាពថតសម្អាងរបស់ អ្នកនាង តូច ស្រីពេជ្រ មិនត្រូវបានគេចាប់អារម្មណ៍ប៉ុន្មានទេ តែម្នាក់ៗផ្ដោតការចាប់អារម្មណ៍ពីសកម្មភាពថតម៉ូដរបៀបកូនកំលោះកូនក្រមុំ រវាងកញ្ញា មរកត កូនស្រីអ្នកនាង និង តួឯកក្មេង ដាវណ្ណ រីគី ដែលកូនកំលោះរបស់តារាសម្ដែងអ្នកនាង ចាន់ សោភ័ណ្ឌ ហៅ រ៉េតរ៉ូស ច្រើនជាង។
រូបថតដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកត្រូវបានម្នាក់ៗលាន់មាត់និយាយថា ចាស់ទុំទាំងសងខាងកំពុងផ្គូរផ្គងឱ្យក្មេងទាំងពីរបន្សល់ទុកអនុស្សាវរីយ៍ទោះរស់នៅឆ្ងាយគ្នា។ យ៉ាងណាមិញ ប្រភពពីចាស់ទុំទាំងសងបានអះអាងថា រវាងកូនស្រីអ្នកនាង តូច ស្រីពេជ្រ និង ដាវណ្ណ រីគី ធ្លាប់ថតជាមួយគ្នាតាំងពីនៅក្មេងវ័យម៉្លេះ ដោយពេលពួកគេម្នាក់ៗពេញវ័យ ក៏នៅតែចូលចិត្តគ្នា។ ជាក់ស្ដែង គឺសកម្មភាពថតសម្អាងការដែលបានធ្វើឡើង គឺសមីខ្លួនកញ្ញា មរកត ជាអ្នកពេញចិត្ត ស្របជាមួយភាគីកូនប្រុសតែម្ដង ដោយម្ដាយៗទាំងសងខាងអត់មានជំរុញនោះទេ។
យ៉ាងណាមិញ អ្នកនាង តូច ស្រីពេជ្រ និយាយថា អ្នកនាងបង្កើតបានតែរូបកាយកូនស្រីប៉ុណ្ណោះ ចំណែកទឹកចិត្តគឺអត់បង្ខំទេ។ អ្នកនាងថារវាងកូនស្រីរបស់ខ្លួន និង ដាវណ្ណ រីគី ពួកគេទាំងពីរធ្លាប់បានសម្ដែងជាមួយគ្នាតាំងពីតូចៗមកម្លេះ ហើយដោយសារតែអ្នកទាំងពីរក៏នៅតែរត់រកគ្នា ទើបអ្នកនាងទាក់ទងឱ្យថតជាកូនកំលោះកូនក្រមុំរួមគ្នា មុនពេលអ្នកនាង និងកូនស្រីត្រលប់ទៅអាមេរិកវិញ។ អ្នកនាងថា មិនទាន់ដឹងថាទំនាក់ទំនងរាប់គ្នារវាងកូនស្រី និង ដាវណ្ណ រីគី ឈានដល់ចំណុចនោះទេ ប៉ុន្តែបើក្មេងៗទាំងរាប់គ្នាជាមិត្ត ឬ លើសពីនេះ គឺអ្នកនាងរីករាយទទួលយក។
ទន្ទឹមជាមួយនឹងការបង្ហើបរបស់ អ្នកនាង តូច ស្រីពេជ្រ កាន់តែមានការចាប់អារម្មណ៍ ដោយសារតែក្មេងៗទាំងពីរសុទ្ធតែជាតួសម្ដែងធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា ហើយម្ដាយៗទាំងសងខាងគឺរាប់គ្នាដូចជាគ្រួសារតែមួយទៀត ថ្វីដ្បិតថា ម្ខាងនៅអាមេរិក ហើយម្ខាងនៅកម្ពុជា។ កាន់តែចាប់អារម្មណ៍ទៅទៀត គឺក្មេងៗទាំងពីរក្រោយពេលពេញរូបពេញរាង គឺសង្ហានិងស្រស់ស្អាតសមគ្នាគ្មានពីរ ប្រសិនបើក្លាយជាគូស្នេហ៍ដូចការប៉ាន់ស្មាន៕