ដើម្បីជួយដល់កសិករ អ្នកធុរកិច្ច និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងគាំទ្រយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការជំរុញការនាំចេញអង្ករឱ្យបានយ៉ាងតិច 1លានតោនក្នុង 1ឆ្នាំ ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដជាសេនាធិការបានចុះកិច្ចសន្យាពាណិជ្ជកម្មស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករនៅក្រោមក្របខ័ណ្ឌឥណទានសម្បទានផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន។
ពិធីចុះកិច្ចសន្យាបានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីព្រឹកថ្ងៃទី20 ខែមិថុនា ឆ្នាំ2019 រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co., Ltd ប្រទេសចិនក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្រោមកិច្ចសន្យាពាណិជ្ជកម្មនេះ ក្រុមហ៊ុន CITIC Construction Co., Ltd និងក្រុមហ៊ុនហ្គ្រីនត្រេដនឹងសហការសាងសង់ឃ្លាំងចំនួន 12កន្លែងដែលមានសមត្ថភាពស្តុកស្រូវ-អង្ករសរុប 827ពាន់តោន និងឡសម្ងួតចំនួន 10កន្លែងដែលមានសមត្ថភាពសម្ងួតស្រូវបាន 13ពាន់តោនក្នុង 1ថ្ងៃ។
ការសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ និងឡសម្ងួតនឹងធ្វើឡើងនៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែងកណ្តាល តាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
តាមរយៈការសាងសង់ឃ្លាំងស្ដុក និងឡសម្ងួតស្រូវនៅតាមទីតាំងយុទ្ធសាស្ត្រទាំងអស់នេះ និងការដាក់ឱ្យអនុវត្តយន្ដការស្រូវ-អង្ករស្ដុកក្នុងឃ្លាំងធ្វើជាវត្ថុបញ្ចាំសម្រាប់ខ្ចីប្រាក់ពីធនាគារឯកជន ឬហៅថាប្រតិបត្តិការដែលមានកិច្ចធានា និងជួយទប់ស្កាត់សកម្មភាពទិញ-លក់បង្ខូចថ្លៃស្រូវរបស់ឈ្មួញទុច្ចរិត និងផ្តល់ឱ្យប្រជាកសិករអាចរក្សាទុកស្រូវបានយូរដើម្បីលក់តាមតម្លៃសមរម្យ ក៏ដូចជាលទ្ធភាពទទួល-បានឥណទាននៅពេលត្រូវការចាំបាច់ផងដែរ។
ទន្ទឹមនេះ គម្រោងនេះមិនមានសេវាកិនស្រូវទេ គឺដើម្បីការពារកុំឱ្យមានការប្រកួតប្រជែងជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក។ បន្ទាប់ពីគម្រោងនេះដាក់ឱ្យប្រតិបត្តិការ កសិករ និងរោង ម៉ាស៊ីនកិនស្រូវនឹងមានឡសម្ងួត ឃ្លាំងស្តុក និងទុនបង្វិលបន្ថែម ព្រមទាំងជួយបន្ថយចំណាយ(ថ្លៃដើម)ចាប់ពីដំណាក់កាលប្រមូលផល ដល់ដំណាក់កាលលក់អង្ករ។
ជាមួយនឹងការអនុវត្តគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ រាជរដ្ឋាភិបាលសង្ឃឹមថា កម្ពុជានឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជា។
ស្របគ្នានេះដែរ ក្រុមហ៊ុនអន្តរជាតិ Buhler ជាក្រុមហ៊ុនលំដាប់ពិភពលោកដែលមានការិយាល័យកណ្តាលនៅទីក្រុងហ្សូរិច នៃប្រទេសស្វ៊ីសបានគ្រោងវិនិយោគសាងសង់ឡសម្ងួត(សៃឡូ) ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបឈានមុខគេសម្រាប់កិច្ចការកសិកម្មនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍខ្សែចង្វាក់តម្លៃស្រូវអង្ករ និងធ្វើពិពិធកម្មការនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារសកល ប្រកបដោយនិរន្តរភាព។
ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក David Wang ប្រធានក្រុមហ៊ុន Buhler Group Asia បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រចំពោះគម្រោងវិនិយោគខាងលើ និងបានជម្រាបជូនពីសាវតា និងផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនដែលមានដូចជា អាហារកែច្នៃពីគ្រាប់ធញ្ញជាតិ ទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារបច្ចេកវិទ្យា។
លោក Wang បានគូសបញ្ជាក់ថា ក្រុមហ៊ុន Buhler ផ្តោតសំខាន់លើការប្រើប្រាស់បច្ចេក វិទ្យាចុង-ក្រោយ ដើម្បីកែច្នៃផលិតផល បង្កើតភាពជាដៃគូជាមួយអ្នកប្រើប្រាស់ និងពង្រឹងនិរន្តរភាពផលិតកម្ម។ ហើយនៅកម្ពុជា លោកគ្រោងនឹងវិនិយោគសាងសង់ឡសម្ងួតទំនើបចំនួន 10ទីតាំងនៅក្នុងខេត្តគោលដៅចំនួន10 ដែលអាចស្តុកទិន្នផលស្រូវបានប្រមាណ 1លានតោន និងអាចសម្ងួតស្រូវបាន 13ពាន់តោនក្នុង 1ថ្ងៃ សម្រាប់កែច្នៃជាផលិតផលចំណីអាហារដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿយ៉ាងមុតមាំថា នៅពេលការសាងសង់បញ្ចប់ គម្រោងនេះមិនត្រឹមតែជួយពង្រឹងស្ថិរភាពតម្លៃកសិផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ជួយលើកកម្ពស់ជីវភាពប្រជាកសិករក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទដែរ។ លើសពីនេះ ឡសម្ងួតទាំងអស់ក៏នឹងផ្តល់គុណប្រយោជន៍ធំធេងដល់ការអភិវឌ្ឍវិស័យកសិពាណិជ្ជកម្មជាតិ ដែលនឹងរួមចំណែកលើកស្ទួយកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិទៀតផង៕