តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ គេបានឃើញថា តារាចម្រៀង កញ្ញា វុទ្ធ សុគន្ធា គ្រោងនឹងទៅបង្ហាញខ្លួននៅលើទឹកដីប្រទេសអូស្រាលី នៅអំឡុងចុងខែកក្កដា នេះហើយ ខណៈដែលសាមីខ្លួន ក៏បញ្ជាក់ប្រាប់ថា ខ្លួនពិតជាមានគម្រោងចាកចេញទៅមែន ប៉ុន្តែទៅរហូតដល់២ប្រទេសឯណោះ។
តារាចម្រៀង កញ្ញា វុទ្ធ សុគន្ធា និយាយថា នឹងពិតចាកចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលីមែន ដោយដំណើររបស់នាង នឹងចាកចេញនៅថ្ងៃទី ៣១ កក្កដា នេះហើយ ដើម្បីទៅច្រៀងនៅលើទឹកដីមួយនេះ រយៈពេល៦សប្ដាហ៍។ កញ្ញាថា ខ្លួននឹងបើកឆាកច្រៀងនៅតាមបណ្ដារដ្ឋជាច្រើនរបស់ប្រទេសអូស្ត្រាលី អមដោយវត្តមានតារាមួយចំនួនពីស្រុកខ្មែរផងដែរ ដូចជាលោក អេឡិច ចាន់ត្រា ជាដើម។ កញ្ញានឹងបន្តបេសកកម្មទៅច្រៀងនៅក្នុងប្រទេសញូហ្សេឡិនរយៈពេល២សប្ដាហ៍បន្ថែមទៀត ដែលមានន័យថា ដំណើរចាកចេញទៅច្រៀងនៅក្រៅប្រទេសលើកនេះ គឺទៅរយៈពេល២ខែ គឺមួយខែកន្លះនៅប្រទេសអូស្ត្រាលី និង កន្លះខែនៅ លើទឹកដីប្រទេសញូហ្សេឡិន។
កញ្ញា វុទ្ធ សុគន្ធា និយាយថា នាងមិនត្រៀមអ្វីច្រើនសម្រាប់ការចាកចេញនេះទេ ដោយសារតែនាងគឺជាតារាចម្រៀងប្រចាំក្រុមដែលមានឈ្មោះបោះសំលេងស្រាប់ហើយ ដែលអាចច្រៀងបានទាំងប្រភេទបទបុរាណ សម័យ និងបទបែបរាំសប្បាយៗ។ នេះជាអាជីពដែលនាងប្រឡូកមកច្រើនឆ្នាំមកហើយ ទើបនាងមិនសូវមានការបារម្ភពីការគាំទ្រ ដោយសារតែនាងគឺជាតារាអាជីពស្រាប់ ដែលអាចបត់បែនបានគ្រប់ប្រភេទបទ។ យ៉ាងណាមិញ នាងក៍បានត្រៀមខ្លួនបកស្រាយបទពិរោះៗ និងមានការសម្ដែងអោយប្លែកភ្នែកផង ដើម្បីអោយបងប្អូនបានទស្សនានៅទីនោះ សប្បាយចិត្តផងដែរ សម្រាប់ការសម្ដែងទាំង២ប្រទេសរបស់ខ្លួន។