ការបើកជើងហោះហើរអន្តរជាតិដើម្បីគាំទ្រវិស័យអាកាសចរណ៍ជាមួយនឹងស្តង់ដាពិភពលោកទាក់ទងនឹងសុវត្ថិភាព និងនិរន្តរភាព គឺជាការជំរុញទំនាក់ទំនងអាជីវកម្មក្នុងការធ្វើពាណិជ្ជកម្ម ការធ្វើវិនិយោគ រួមទាំងបង្កើនជើងហោះហើរសម្រាប់វិនិយោគិន និងភ្ញៀវទេសចរ និងរួមចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច។
ឯកឧត្តម ជា អូន រដ្ឋលេខាធិការរដ្ឋលេខាធិការអាកាសចរស៊ីវិលបានថ្លែងថា កម្ពុជា និងឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ដូចតាមការគ្រោងទុក។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី Citilink បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាចំណុចសំខាន់ថ្មីមួយក្នុងការតភ្ជាប់ដោយត្រង់រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ីតពីលើកដំបូងនៅឆ្នាំ1969 ហើយអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសទាំង2 បានចុះអនុស្សរណៈយោគយល់ស្តីពីការតភ្ជាប់តាមផ្លូវអាកាសជាថ្មីនៅក្នុងឆ្នាំ2006។
ឯកឧត្តមបានមានប្រសាសន៍ថា៖“កិច្ចព្រមព្រៀងសេវាអាកាសចរណ៍ និង MoU រវាងប្រទេសទាំង2 បានជួយយើងឱ្យចរចា និងបង្កើតជើងហោះហើរដោយត្រង់នេះ។ ដោយផ្អែកលើអង្គការអាកាសចរណ៍ស៊ីវិល អន្តរជាតិ និងតម្រូវការនៅកម្ពុជា យើងក៏បានពិនិត្យមើលរចនាសម្ព័ន្ធក្រុម-ហ៊ុន ឯកសារ និងទិដ្ឋភាពច្បាប់ផ្សេងៗទៀត ដើម្បីធានាថា ការហោះហើរមកប្រទេសកម្ពុជាបានបំពេញតាមស្តង់ដាជាតិ និងអន្តរជាតិ”។
ឯកឧត្តមបានបន្ថែមថា៖ “យើង គឺជាអាជ្ញាធរដែលធ្វើឱ្យការហោះហើរមានសុវត្ថិភាព និងមានស្ថិរភាព”។ យើងក៏បានចេញវិញ្ញាបនបត្រប្រតិបត្តិការយន្តហោះបរទេសទៅឱ្យក្រុមហ៊ុន Citilink ផងដែរ”។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា៖“ជើងហោះហើរត្រង់នឹងបង្កើនលំហូរភ្ញៀវទេសចររវាងប្រទេសទាំង2។ ការហោះហើរត្រង់នេះ និងការកែលម្អសម្ភារនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញរបស់កម្ពុជាកំពុងក្លាយជាច្រកទ្វារចូលដ៏មានប្រសិទ្ធភាពនឹងជួយបង្កើនវិស័យទេសចរណ៍រវាងឥណ្ឌូនេស៊ី និងកម្ពុជា។ ខ្ញុំរំពឹងថា ភ្ញៀវទេសចរកម្ពុជាជាច្រើននឹងធ្វើដំណើរទៅកាន់កោះបាលី បូឡូប៊ូឌួ និងកន្លែងដ៏ស្រស់ស្អាតជាច្រើនទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី”។
ស្របជាមួយគ្នានេះ ក្នុងជំនួបពិភាក្សារវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយគណៈប្រតិភូចិនមកពីខេត្តជឺជាំង ដឹកនាំដោយលោកចាង សឺស៊ី (Zhang Zexi) អនុប្រធានសភាប្រឹក្សាយោបល់ខេត្តជឺជាំងក៏បានបង្ហាញពីគោលបំណងចង់មកវិនិយោគបង្កើតតំបន់ទេសចរណ៍នៅកម្ពុជា ជាពិសេសសម្រាប់ទេសចរវ័យចំណាស់ ខណៈការតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តមួយនេះត្រូវបានបញ្ជាក់ថា គ្រោងនឹងបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ2019 នេះ។
គណៈប្រតិភូចិនបានបញ្ជាក់ថា នៅខេត្តជឺជាំងសម្បូរទៅដោយប្រជាជនច្រើន ហើយនៅឆ្នាំ2018 ទេសចរចិននៅខេត្តជឺជាំងដែលបានចេញដើរកម្សាន្តនៅក្រៅប្រទេសមានចំនួន 2លាន 8 សែននាក់ ក្នុងនោះមកកម្ពុជាប្រមាណ 8ម៉ឺននាក់។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីចិនជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជឺជាំងមកកម្ពុជាឱ្យបានឆាប់រហ័ស ដើម្បីជំរុញកំណើនទេសចរពីខេត្តមួយនេះឱ្យបានកាន់តែច្រើនឡើង។ លោក ចាង សឺស៊ី បានឆ្លើយតបថា ខេត្តជឺជាំងរបស់លោកក៏បានខិតខំជំរុញការងារនេះដែរ ហើយនៅអំឡុងឆ្នាំ2019នេះ ជើងហោះហើរត្រង់ពីខេត្តជឺជាំងមកកម្ពុជានឹងត្រូវដំណើរការឡើងជាផ្លូវការ។
ដោយឡែកគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគរបស់ប្រទេសកូរ៉េក៏បានអះអាងឱ្យដឹងដែរថា ខ្លួនក៏មានបំណងវិនិយោគ និងធ្វើសហប្រតិបត្តិការវិនិយោគលើវិស័យចំនួន6 នៅក្នុងប្រទេសកម្ពុជាដែរ។
លោក Maeng Gyeong Jae នាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃខេត្តមួយរបស់កូរ៉េបានបញ្ជាក់ថា គម្រោងវិនិយោគទាំង6 នោះគឺ Bio Industry, Solar Power and New Energy Industry, Cosmetic and Beauty Industry, Organic andFood Industry, New Transportation and Aviation Industry និង ICT Convergence Industry ដែលក្នុងនោះក៏មានគម្រោងវិនិយោគផ្នែកអាកាសចរណ៍ផងដែរ។
ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរាជរដ្ឋាភិបាលផ្នែកអាកាសចរណ៍ស៊ីវិលបានប្រាប់កាសែត ឡារ៉ែន ពាណិជ្ជថា៖ “វិស័យអាកាសចរណ៍ជារៀងរាល់ឆ្នាំ យើងសង្ឃឹមថា នឹងមានកំណើន ចំណុចទី1-(ការកើនឡើងនូវជើងហោះហើរ កំណើនក្រុមហ៊ុនអាកាសចរណ៍ថ្មី និងកំណើនផ្លូវហោះថ្មី)នេះយើងគិតថា នឹងមានកំណើន។ ទី2-ខ្ញុំគិតថា អ្វីជាអត្ថប្រយោជន៍ យើងត្រូវគិតថា អាកាសចរណ៍មិនមែនកើនឡើងដោយខ្លួនឯងទេ វាជាកតាលីករមួយប៉ុណ្ណោះ ប៉ុន្តែដែលមានកំណើនបាន គឺដោយសារវិស័យទេសចរណ៍ វិស័យវិនិយោគ និងការធ្វើពាណិជ្ជកម្ម”។
ឯកឧត្តមបានបញ្ជាក់ថា៖“ជាដើមចម គឺចេញពីវិស័យ3 ខាងលើនេះ បានធ្វើឱ្យផ្នែកអាកាសចរណ៍កើនឡើង។ ខ្ញុំលើកឧទាហរណ៍ថា បើអ្នកវិនិយោគមកប្រទេសយើងចង់វិនិយោគ គាត់ត្រូវការជិះយន្តហោះ យើងមានកំណើនជើងហោះហើរ។ បើគាត់មកធ្វើពាណិជ្ជកម្ម គាត់ត្រូវធ្វើចរាចរណ៍ ធ្វើការទាក់ទងគ្នា យើងមានការកើនអ្នកដំណើរ និងពាណិជ្ជកម្មរួមទាំងកំណើនភ្ញៀវទេសចរផងដែរ”។
សម្រាប់ការពាក់ព័ន្ធទៅនឹងការវិនិយោគលើវិស័យអាកាសចរណ័នេះដែរ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានបញ្ជាក់ថា៖“បើនិយាយពីកំណើនជើងហោះហើរថ្មីដែលចូលមកស្រុកខ្មែរ យើងបានធ្វើការសិក្សារួចហើយពីអាកាសយានដ្ឋានដែលធ្វើការអភិវឌ្ឍរហូតដល់ឆ្នាំ2022 នឺងមានជើងហោះហើរថ្មីៗសម្រាប់អាកាសយានដ្ឋានសំខាន់ទាំង3 គឺអាកាសយានដ្ឋានភ្នំពេញនឹងមាន 19ក្រុមហ៊ុន នៅខេត្តសៀមរាបនឹងមាន 17ក្រុមហ៊ុន និងនៅខេត្តព្រះសីហនុនឹងមាន 10ក្រុមហ៊ុន”។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ “ដូច្នេះ គឺផ្នែកអភិវឌ្ឍន៍អាកាសយានដ្ឋានយើងបានត្រៀមរៀបចំខ្លួនសម្រាប់ត្រៀមដើម្បីពង្រឹង និងពង្រីកសមត្ថភាពខ្លួនឯង រួមទាំងហេដ្ឋារចនាសម្ព័ន្ធដើម្បីទទួលជើងហោះហើរ អ្នកដំណើរ និងអ្នកទេសចរ ហើយក៏អាចដូចនឹងអ្វីដែលជាការរំពឹងទុកដែរពីព្រោះគាត់បានសិក្សាលម្អិតដែរ ដោយយើងបានត្រៀមខ្លួនជាស្រេចក្នុងការទទួលនូវកំណើននេះ។ ពោលគឺយើងអាចទទួលយកបាននូវកំណើននេះដោយយើងនឹងគ្មានការលំបាក យើងមានសមត្ថភាពគ្រប់គ្រាន់ដោយពុំមានបញ្ហា”៕