ការប្រកួតកីឡាហែលទឹកជើងឯកយុវជនអាស៊ានប្រចាំឆ្នាំ2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងបំផុត ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយកាលពីម្សិលមិញនេះ នៅទីលានហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ការប្រកួតដែលបញ្ចប់កាលពីថ្ងៃទី30 ខែមិថុនាកន្លងទៅនេះបង្ហាញឱ្យឃើញថា យុវជនវៀតណាមធ្វើបានល្អជាងគេក្នុងចំណោម 10ប្រទេស គឺឈ្នះបានមេដាយមាសចំនួន43 ប្រាក់41 និងសំរឹទ្ធ25 សរុបចំនួន 109គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ1 តាមពីក្រោយដោយថៃ សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី។
គួរបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះកម្ពុជា និងប្រទេសចំនួន 3ផ្សេងទៀត រួមមានឡាវ មីយ៉ាន់ម៉ា និងប្រ៊ុយណេ មិនបានទទួលចំណាត់ថ្នាក់ក្នុងការប្រកួតនេះឡើយ ដោយមិនបានឈ្នះមេដាយសូម្បីតែ១គ្រឿងពីការប្រកួតនេះ៕