បដិវត្តន៍ឧស្សាហកម្ម នឹងចូលមកដល់កម្ពុជាកាន់តែស៊ីជម្រៅទៅៗក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលធ្វើឱ្យតម្រូវការទីផ្សារការងារមានការប្រែប្រួលយ៉ាងច្រើន។កត្តានេះក៏ចាំបាច់ត្រូវមានការកែប្រែឱ្យកាន់តែប្រសើរឡើងផងដែរនូវរបត់នៃការអប់រំ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយរបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបរិបទថ្មីទាំងអស់នេះ ទាំងផ្នែកបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងជំនាញនវានុវត្តន៍ជាដើម។
ថ្ងៃនេះ អ្នកយកព័ត៌មាននៃកាសែត ឡារ៉ែន ពាណិជ្ជបានជួបសម្ភាសជាមួយនឹងលោក Paul Urbano នាយកសាលា Leaderland English Academy ដើម្បីបង្ហាញពីរបស់ថ្មីនៃការអប់រំ ដើម្បីជំរុញសិស្សានុសិស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់ជាអន្តរជាតិ សម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលអនាគត។
1. តើមូលហេតុអ្វីទើបនាំឱ្យមានការបង្កើតសាលា Leaderland English Academy នេះឡើង?
មូលហេតុសំខាន់ដែលនាំឱ្យមានការបង្កើតសាលាLeaderland English Academy នេះឡើង គឺយើងមានចក្ខុវិស័យ និងបេសកកម្មសំខាន់ដើម្បីជំរុញសិស្សានុសិស្សជំនាន់ថ្មីរបស់កម្ពុជាឱ្យក្លាយជាមនុស្សមានសមត្ថភាពខ្ពស់ទាំងផ្នែកភាសាសម្រាប់ទំនាក់ទំនង ផ្នែកភាពជាអ្នកដឹកនាំ មានទំនុកចិត្តខ្ពស់ និងបច្ចេកវិទ្យា។
យើងមិនត្រឹមតែបណ្តុះបណ្តាលជំនាញសម្រាប់តែនៅកម្ពុជានោះទេ តែយើងបណ្តុះបណ្តាលសម្រាប់សិស្សនៅទ្វីបអាស៊ីឱ្យមានជំនាញសំខាន់ៗទាំងអស់នេះប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ជំរុញពួកគេឱ្យក្លាយជាអនាគតអ្នកដឹកនាំដ៏ល្អសម្រាប់បន្តវេនលើគ្រប់វិស័យទាំងអស់។
2. តើ Leaderland English Academy មានចំណុចខ្លាំងអ្វីខ្លះក្នុងការអប់រំធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជា?
ដូចខ្ញុំបានបញ្ជាក់រួចមកហើយថា យើងមានចំណុចខ្លាំងលើការបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេសដែលជាភាសាសំខាន់សម្រាប់ការទំនាក់ទំនង និងជាស្ពានដ៏សំខាន់ក្នុងការសម្រេចបាននូវការងារជាច្រើនទៀតនៅថ្ងៃអនាគត។ នៅពេលដែលសិស្សមានចំណេះដឹងភាសាល្អ មានការប្រាស្រ័យទាក់ទងល្អ ពួកគេនឹងអាចមានឱកាសខ្ពស់ក្នុងការចាប់យកការងារល្អ ឬប្រកួតប្រជែងជាលក្ខណៈសកល មិនមែនប្រកួតប្រជែងតែក្នុងទីផ្សារកម្ពុជានោះទេ។
ក្រៅពីនេះ យើងក៏មានកម្មវិធីបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ឬការបង្កើតថ្មី ដែលជាជំនាញមានតម្រូវការខ្ពស់នៅថ្ងៃអនាគត។ ការសិក្សានៅទីនេះ គឺផ្តល់ឱកាសច្រើនដល់សិស្សដើម្បីអនុវត្តជាក់ស្តែងនូវបំណិនជីវិតជាច្រើនដែលជាជំនាញទន់ សម្រាប់ឱ្យពួកគេអាចសម្របខ្លួនបានល្អជាមួយនឹងការដឹកនាំជីវិតជាក់ស្តែងនៅថ្ងៃអនាគត ព្រោះថា ក្រោយបញ្ចប់ការសិក្សានៅទីនេះ សិស្សខ្លះគាត់អាចធ្វើការងារ ហើយសិស្សខ្លះអាចបន្តការសិក្សានៅមហាវិទ្យាល័យ ហេតុនេះជំនាញទាំងអស់នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញឱ្យពួកគេក្លាយជាបុគ្គលិក ឬសិស្សឆ្នើម។
លើសពីនេះទៅទៀត យើងក៏ផ្តល់ឱ្យពួកគេនូវមេរៀនពាក់ព័ន្ធនឹងបច្ចេកវិទ្យាដើម្បីឱ្យពួកគេមានឱកាសច្រើនក្នុងការសិក្សាដោយរីករាយជាមួយនឹងបច្ចេកវិទ្យាថ្មី។ ចំណុចនេះនឹងធ្វើឱ្យពួកគេមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហា និងការធ្វើការងារទាំងបច្ចុប្បន្ន និងអនាគត។
3. បច្ចុប្បន្ននេះកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាដែរ កំពុងចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្លាំងលើបដិវត្តន៍ឧស្សាហកម្មទី4 ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។ តើសាលាមានកម្មវិធី ឬបានត្រៀមខ្លួនល្អប៉ុនណាដែរ ដើម្បីបណ្តុះបណ្តាលសិស្សឱ្យឆ្លើយតបនឹងរបត់ថ្មីនេះ?
យើងបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការជំរុញឱ្យសិស្សរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ចំពោះជំនាញសតវត្សរ៍ទី21 ឬជំនាញដែលពិភពលោកត្រូវការក្នុងបដិវត្តន៍ឧស្សាហកម្ម។ យើងមានជំនាញភាពជាអ្នកដឹកនាំ ដូចជាជំនាញទម្លាប់ទាំង7 សម្រាប់បុគ្គលមានប្រសិទ្ធភាពខ្ពស់ជាដើម ជាជំនាញដែលពិភពលោកត្រូវការ។ យើងផ្តល់ឱ្យពួកគេនូវកម្មវិធីសម្រាប់អនុវត្ត និងទទួលយកនូវមេរៀនល្អៗទាំងអស់នោះពីអ្នកជំនាញៗ ព្រោះយើងមានសាលសម្រាប់ធ្វើបទបង្ហាញ រៀបចំសិក្ខាសាលា ឬការចែករំលែកគំនិតទំនើបដែលអាចធ្វើបទបង្ហាញលើប្រធានបទជាច្រើនដែលសំខាន់សម្រាប់ការរស់នៅរបស់សិស្ស។ យើងមានសាលធំទូលាយ ប្រៀបដូចជារោងកុន ដែលអាចធ្វើឱ្យសិស្សរីករាយនឹងទទួលយក និងចែករំលែកនូវគំនិតល្អៗប្រកបដោយប្រសិទ្ធភាព និងទាក់ទាញ ដែលធ្វើឱ្យសិស្សសិក្សាដោយភាពរីករាយ។
ក្រៅពីនេះ យើងក៏មានសម្ភារបរិក្ខារទំនើបៗដើម្បីឱ្យពួកគេសិក្សាដោយភ្ជាប់ខ្លួនជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពវិជ្ជមាន ដូចជាការរៀបចំសៀវភៅសិក្សាដោយមានភ្ជាប់ជាមួយនូវកម្មវិធី (software) ដែលអាចដាក់បង្ហាញជាមួយនឹងទូរទស្សន៍ឆ្លាតវៃ (smart TV) ដែលយើងបានបំពាក់នៅគ្រប់បន្ទប់សិក្សាទាំងអស់។ ក្រៅពីនេះយើងក៏មានក្តាខៀនឆ្លាតវៃដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់សម្រាប់គ្រូ និងសិស្សធ្វើបទបង្ហាញពីមេរៀនរបស់ពួកគេ ដែលអាចធ្វើឱ្យពួកគេមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ ម្យ៉ាងវិញទៀតយើងក៏មានការផ្តល់ឱ្យពួកគេនូវបទពិសោធពិតជាក់ស្តែងនៃការសិក្សាដោយការចុះធ្វើកម្មសិក្សាទៅកាន់ក្រុមហ៊ុនធំៗនៅកម្ពុជា ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាជាដើម ដើម្បីឱ្យពួកគេបានយល់កាន់តែច្បាស់ពីការអប់រំដែលផ្សារភ្ជាប់ជាមួយនឹងការធ្វើការងារពិតប្រាកដនិងបទពិសោធអប់រំដ៏ជក់ចិត្តជាមួយបចេ្ចកវិទ្យា (virtualreality experience) សម្រាប់សិស្សផងដែរ។
សាលា Leaderland English Academy ផ្តល់ការអប់រំដ៏ពិតប្រាកដ ដែលផ្តល់ឱ្យចំណេះដឹងដែលសិស្សត្រូវការសម្រាប់ការរស់នៅជាក់ស្តែងស្របជាមួយទេពកោសល្យរបស់សិស្ស មិនមែនរៀនដើម្បីតែឡើងថ្នាក់នោះទ។ កត្តាទាំងអស់នេះ ជាចំណុចខ្លាំងដែលអាចធ្វើឱ្យយើងបណ្តុះបណ្តាលធនធានមនុស្សខ្លាំងស្របតាមអ្វីដែលបដិវត្តន៍ឧស្សាហកម្មទី4 ត្រូវការ។
4. តើសាលា Leaderland English Academy មានកម្មវិធីអ្វីខ្លះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអាណាព្យាបាល ដែលនាំឱ្យការអប់រំរបស់សិស្សកាន់តែគ្រប់ជ្រុងជ្រោយ និងប្រសើរឡើង?
សម្រាប់ការទំនាក់ទំនងជាមួយអាណាព្យាបាល យើងមានកម្មវិធី (Apps) រួមទាំងគេហទំព័រដែលអាចធ្វើឱ្យអាណាព្យាបាលតាមដានការសិក្សារបស់កូនៗបានយ៉ាងងាយស្រួល។ ក្រៅពីនេះយើងក៏មានកម្មវិធីឱ្យសិស្សប្រើកាតអេឡិចត្រូនិក (electronic ID system)ដែលអាចឱ្យអាណាព្យាបាលដឹងគ្រប់ពេលដែលកូនស្គែនកាតចូលសាលា និងចេញពីសាលា។
លើសពីនេះទៅទៀត យើងក៏មានកម្មវិធីជួបជុំជាមួយអាណាព្យាបាល 2 ដងក្នុង 1ឆ្នាំ និងកម្មវិធីជាច្រើនផ្សេងទៀតដែលអនុញ្ញាតឱ្យអាណាព្យាបាលកាន់តែជិតស្និទ្ធជាមួយកូនៗ ក៏ដូចជាបានចូលរួមក្នុងសកម្មភាពនៃការអប់រំឱ្យកាន់តែរស់រវើកដែរ។
5. តើសាលាចាប់ទទួលសិស្សពីអាយុប៉ុន្មានឡើងទៅ? ហើយចាប់ផ្តើមបើកបវេសនកាលនៅពេលណា?
សាលា Leaderland English Academy ចាប់ទទួលសិស្សពីអាយុ 13ឆ្នាំឡើងទៅ ដែលយើងនឹងគ្រោងបើកបវេសនកាលថ្មីនៅខែសីហាខាងមុខនេះដែលសិស្សានុសិស្សទាំងអស់អាចចុះឈ្មោះចូលរៀនបាន ក្នុងនោះសិស្សានុសិស្សនៃសាលាវ៉េស្ទឡាញន៍ នឹងទទួលបានការបញ្ចុះតម្លៃពិសេសផងដែរ។
6. តើលោកមានយោបល់អ្វីបន្ថែមសម្រាប់ការអប់រំនៅសាលា Leaderland English Academy?
សម្រាប់ខ្ញុំ ខ្ញុំរំពឹងទុកថា សិស្សនៅសាលា Leaderland English Academy នឹងអាចក្លាយជាមនុស្សដែលមានសមត្ថភាពពិតប្រាកដ ហើយក្លាយជាប្រជាជនសកល ដែលមានសមត្ថភាពក្នុងការប្រកួតប្រជែងជាលក្ខណៈសកល។ យើងមិនមែនត្រឹមតែចង់ឱ្យសិស្សខ្លាំងក្នុងលក្ខខណ្ឌក្នុងប្រទេសប៉ុណ្ណោះទេ តែយើងចង់ឱ្យគាត់មានសមត្ថភាពដើម្បីចាប់យកអាហារូបករណ៍ ឬការប្រកួតប្រជែងជាច្រើនផ្សេងទៀតជាលក្ខណៈសកលផងដែរ។ យើងចង់ឱ្យសិស្សមកសិក្សានៅទីនេះ គឺអាចរៀន(Learn) ហើយអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សខ្លាំងពូកែនៅទីនេះ(Excel) និងសម្រេចបាននូវសមិទ្ធផលល្អៗ (Achieve)ពីទីនេះ ដើម្បីឱ្យអនាគតកាន់តែប្រសើរ៕