រដ្ឋសភានៃប្រទេសកម្ពុជា បានសម្រេចអនុម័តយល់ព្រមលើគម្រោងសាងសង់វារីអគ្គិសនីរបស់ក្រុមហ៊ុន SPHP (ខេមបូឌា) ក្នុងការប្រើប្រាស់ទុនវិនិយោគប្រមាណជាង 200លានដុល្លារ សាងសង់វារីអគ្គិសនីមួយកន្លែង នៅក្នុងខេត្តពោធិ៍សាត់ដែលមានទំហំ 80មេហ្គាវ៉ាត់ ដោយគម្រោងនេះនឹងអនុញ្ញាតដាក់ឱ្យដំណើរការនៅឆ្នាំ2023 ខាងមុខ។
ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសវនកម្មនៃររដ្ឋសភា បានឱ្យដឹងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី2 នីតិកាលទី6 នៅថ្ងៃទី1 ខែកក្ដដា 2019 នេះថា រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក មានឈ្មោះដើម KTC Cable Co.Ltd សិក្សាអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់1 កម្លាំងអានុភាព 80មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តមបន្តថា៖«ការវិនិយោគទុនសាងសង់គម្រោងវារីអគ្គិសនីស្ទឺងពោធិ៍សាត់1 នេះត្រូវចំណាយថវិកាសរុប 231.10លានដុល្លាអាមេរិក ក្នុងរយៈពេលសម្បទាន 39ឆ្នាំ ដោយរយៈពេលសាងសង់ 4ឆ្នាំ និង 35ឆ្នាំសម្រាប់ធ្វើអាជីវកម្ម»។
សូមបញ្ជាក់ថា រដ្ឋាភិបាលកាលពីកន្លងទៅថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd ធ្វើការវិនិយោគលើគម្រោងសាងសង់ស្ថានីយវារីអគ្គិសនី 1កន្លែងនៅតាមស្ទឹងពោធិ៍សាត់ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) ដោយចំណាយទុនវិនិយោគ 231.10លានដុល្លារ សម្រាប់រយៈពេលសម្បទាន 39ឆ្នាំ។
ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការពង្រីកការវិនិយោគលើវិស័យថាមពលនេះអាចនិយាយថា ជារបត់ថ្មីមួយរបស់កម្ពុជាក្នុងការឈានឆ្ពោះទៅរកការពង្រឹងសន្តិសុខថាមពល ដើម្បីឆ្លើយតបនឹងកំណើននៃការប្រើប្រាស់ថាមពលដ៏ច្រើនពេលបច្ចុប្បន្ន។
ឯកឧត្តមបញ្ជាក់ថា យើងកំពុងរៀបចំពង្រឹងខ្លួនឯងដើម្បីធានាសន្តិសុខថាមពលដោយខ្លួន ឯង ដោយមិនពឹងពាក់ទាំងស្រុងទៅលើថាមពលដែលទទួលបានពីប្រទេសជិតខាងនោះទេ។
ជាមួយគ្នានេះផងដែរ រដ្ឋសភាជាតិក៏បានអនុម័តសេចក្តីព្រាងច្បាប់យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះគម្រោងវិនិយោគក្នុងវិស័យអគ្គិសនីចំនួន2 ផ្សេងទៀតដូចខាងក្រោម៖
1- គម្រោងវិយោគបន្ថែមសមត្ថភាពស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព 20មេហ្កាវ៉ាត់ថែមពីលើគម្រោងចាស់ 60មេហ្កាវ៉ាត់ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សរុបទាំងអស់ 80មេហ្កាវ៉ាត់។
2-គម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យថ្មី 2កន្លែង មានអានុភាព 120មេហ្កាវ៉ាត់នៅខេត្តកំពង់ឆ្នាំង មានអានុភាព 60មេហ្កាវ៉ាត់ និងនៅខេត្តពោធិ៍សាត់ មានអានុភាព 60មេហ្កាវ៉ាត់។
គោលដៅនៃគម្រោងទាំង3 ខាងលើ គឺដើម្បីជួយបន្ថែមសមត្ថភាពប្រភពអគ្គិសនី ទប់ទល់នឹងកំណើននៃសេចក្តីត្រូវការអគ្គិសនីនៅឆ្នាំ2021 ឆ្នាំ2022 និងឆ្នាំ2023។ គម្រោងអភិវឌ្ឍន៍មួយ ចំនួនទៀតនឹងដាក់ជូនសភាដើម្បីធ្វើការពិនិត្យ និងអនុម័តជាបន្តបន្ទាប់។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ2018 របស់អាជ្ញាធរអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាគ្រោងនឹងបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ 2,870មេហ្គាវ៉ាត់ នៅឆ្នាំ2019 ដែលកើនឡើងពី 2650.26មេហ្គាវ៉ាត់ក្នុងឆ្នាំ2018៕