ភ្នំពេញ៖ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Daren Tang នាយកប្រតិបត្តិនៃអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសិង្ហបុរី បានចុះហត្ថលេខារួមគ្នាលើកំណត់ហេតុនៃកិច្ចប្រជុំជាន់ខ្ពស់លើកទី5 ស្តីពីកិច្ចសហប្រតិបត្តិការ លើកម្មសិទ្ធិបញ្ញាឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ជាមួយអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសិង្ហបុរី។
មុនឈានដល់ពិធីចុះហត្ថលេខា ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោក Daren Tang បានបង្ហាញនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញានៃប្រទេសទាំងពីរដែលបើកផ្លូវឲ្យកម្ពុជាបានចាប់ដៃគូសហការជាមួយប្រទេសដទៃទៀត ដូចជាប្រទេសជប៉ុន និងសហគមន៍អឺរុបជាដើម លើកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្ម (Patent) នៃប្រទេសទាំងនោះនៅកម្ពុជា ។
បន្ទាប់ពីពិភាក្សា និងកែតម្រូវពាក្យពេចន៍ខ្លឹមសារក្នុងកំណត់ហេតុនៃកិច្ចប្រជុំជាន់ខ្ពស់លើកទី5 ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជាជាមួយអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសិង្ហបុរីរួចមក ភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំដែលធ្វើឡើងដោយក្រុមការងារជំនាញនៃប្រទេសទាំងពីរដែលកំណត់ហេតុនោះបានបង្ហាញពីវឌ្ឍនភាពការងារដោយធ្វើការកត់សម្គាល់ថា៖ លទ្ធផលនៃសំណើសុំការចុះបញ្ជីឡើងវិញ និងការចេញវិញ្ញាបនបត្របញ្ជាក់ប្រកាសនីយបត្រតក្កកម្មមានលក្ខណៈលឿនជាងការរំពឹងទុក គឺប្រើរយៈពេលតែ2 សប្តាហ៍ប៉ុណ្ណោះ។
គួររំឭកដែរថា ក្នុងនោះនៅឆ្នាំ2016 ក្រសួងបានទទួលពាក្យស្នើសុំចំនួន 12 និងបានផ្តល់វិញ្ញាបនបត្របញ្ជាក់បានចំនួន7 ហើយនៅឆ្នាំ2017 បានផ្តល់ចំនួន2 ក្នុងចំណោមការដាក់ពាក្យស្នើសុំចំនួន 7។ ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានធ្វើការកត់សម្គាល់ផងដែរ ពីភាពជឿនលឿនទៅមុខរបស់កម្ពុជាក្នុងវិស័យកម្មសិទ្ធិបញ្ញា ដែលដើរតួដោយក្រសួងឧស្សាហកម្ម និងសិប្បកម្មក្នុងរយះពេលកន្លងទៅថ្មីៗនេះ គឺកម្ពុជាបានចូលជាសមាជិកទី151 នៃសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (PCT) កាលពីថ្ងទី8 ខែធ្នូ ឆ្នាំ2016។ កម្ពុជាបានចូលរួមក្នុងកិច្ចព្រមព្រៀងទីក្រុងឡាអេ ( Hague Agreement) ទាក់ទងនឹងការចុះបញ្ជីជាអន្តរជាតិនៃគំនូរឧស្សាហកម្មដែលស្ថិតជាសមាជិកទី 66 កាលពីថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2017 កន្លងទៅ។ លើសពីនេះ កម្ពុជាបានតែងតាំងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) ជាអាជ្ញាធរស្រាវជ្រាវអន្តរជាតិ និងត្រួតពិនិត្យផ្តើមមុខគេ ( ISA/IPEA) បន្ទាប់ពីការចូលរបស់កម្ពុជាក្នុងសន្ធិសញ្ញា PCT។ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ IPOS ស្តីពីការស្រាវជ្រាវ និងត្រួតពិនិត្យការដាក់ពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្ម ហើយ IPOS យល់ព្រមផ្តល់នូវការបណ្តុះបណ្តាលដល់មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មដើម្បីអនុវត្តប្រព័ន្ធ PCT។
លទ្ធផលនៃជំនួបនេះ ភាគីទាំងពីរបានឯកភាពយកខែសីហា ឆ្នាំ2017 ខាងមុខនេះ សម្រាប់រៀបចំកិច្ចប្រជុំជាន់ខ្ពស់លើកទី6 នៅប្រទេសសិង្ហបុរី។ ដោយឡែកក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ បានផ្តល់សារៈសំខាន់ខ្ពស់ចំពោះការលើកឡើងរបស់លោក Daren Tang ដែលជារបត់ថ្មីមួយដោយចាត់ទុកវិស័យកម្មសិទ្ធិបញ្ញាសម្រាប់ពាណិជ្ជភាវូបនីយកម្ម (IP for Commercialization ) មានន័យថា ៖ ការធ្វើពាណិជ្ជកម្មប្រកបដោយជោគជ័យត្រូវផ្សារភ្ជាប់នឹងវិស័យកម្មសិទ្ធិបញ្ញា ដែលជាទំនុកចិត្តរបស់អតិថិជន និងអ្នកបញ្ជាទិញ៕