ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) ដែលជាក្រុមហ៊ុនដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ត្រូវបានផ្តល់ការអនុញ្ញាតកាលពីពេលថ្មីៗនេះដើម្បីសិក្សាអំពីលទ្ធភាពសាងសង់រោងចក្រថាមពលធ្យូង ថ្មដែលមានកម្លាំង 700មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុ។
លោក វិចទ័រ ហ្សូណា (Victor Jona) អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងថា ការអនុញ្ញាតឱ្យបន្តការសិក្សានេះត្រូវបានផ្តល់កាលពីក្នុងអំឡុងកិច្ចប្រជុំរវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។
លោក Jona បានមានប្រសាសន៍ថា៖“រ៉ូយ៉ាល់គ្រុបបានបញ្ចប់ការសិក្សាលទ្ធភាពសម្រាប់ គម្រោងនេះហើយ ប៉ុន្តែដោយសារបញ្ហាអគ្គិសនី មានតម្រូវការនាពេលបច្ចុប្បន្ន ក្រុមហ៊ុនបានស្នើពង្រីកសមត្ថភាពរបស់គម្រោងពី 450 ទៅ 700មេហ្កាវ៉ាត់”។
លោកបញ្ជាក់បន្ថែមថា៖“ការពង្រីកនេះ តម្រូវឱ្យមានការសិក្សាលទ្ធភាពជាថ្មី។ រដ្ឋាភិបាលបាន អនុញ្ញាតឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបធ្វើការសិក្សាអំពីរោងចក្រថាមពលធ្យូងថ្ម 450មេហ្កាវ៉ាត់ប៉ុន្ដែដោយសារតម្រូវការថាមពលរបស់ប្រទេសបានកើនឡើងខ្លាំងនៅចុងឆ្នាំមុន ដូច្នេះក្រុមហ៊ុនបានសម្រេចចិត្តធ្វើការផ្លាស់ប្តូរ ដោយបង្កើនសមត្ថភាពផលិតកម្មរបស់រោងចក្រ”។
លោកបន្តថា “ជាការពិត ការសិក្សាថ្មីមួយត្រូវបានទាមទារដោយសារការផ្លាស់ប្តូរសមត្ថភាពផលិតកម្ម។ វានឹងត្រូវចំណាយពេលពី18 ទៅ 20ខែដើម្បីបញ្ចប់ការសិក្សា។ បន្ទាប់មកនឹងត្រូវបានដាក់ជូនទៅរដ្ឋាភិបាលសម្រាប់ការអនុម័ត ហើយរដ្ឋាភិបាលនឹងចាំបាច់ត្រូវតែពិចារណាថា តើពន្ធអាករដែលនឹងត្រូវលក់ទៅបណ្តាញអគ្គិសនីថ្នាក់ជាតិ អាចទទួលយកបានទេ?”។ នេះបើតាមលោក Jona បានបញ្ជាក់។
លោក Jona បានមានប្រសាសន៍ទៀតថា៖“ឆ្នាំនេះយើងប្រឈមនឹងកង្វះខាតថាមពលធ្ងន់ធ្ងរ។ ដោយហេតុនេះហើយ ទើបយើងអនុញ្ញាតឱ្យវិនិយោគិន បង្កើនសមត្ថភាពគម្រោងរបស់ពួកគេ។ មិនដូចទំនប់វារីអគ្គិសនីទេ រោងចក្រថាមពលដើរដោយធ្យូងថ្ម គឺជាប្រភពថាមពលដែលមានស្ថិរភាពពេញមួយឆ្នាំ”។
សូមបញ្ជាក់ថា ក្រុមហ៊ុនថាមពលខេមបូឌា ខូអិលធីឌី(CEL) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននាំមុខគេនៃប្រទេសម៉ាឡេស៊ី ជាអ្នកដឹកនាំក្រុមហ៊ុនថាមពលធ្យូងថ្មចំនួន 2កន្លែងនៅព្រះសីហនុ គឺ1 មានថាមពលចំនួន 50មេហ្គា-វ៉ាត់ និងកំពុងសាងសង់រោងចក្រផលិតថាមពលអគ្គិសនីថ្មីចំនួន 150មេហ្កាវ៉ាត់ថែមទៀតដែលនឹងបញ្ចប់នៅខែតុលា ឆ្នាំនេះ។
ចំណែកក្រុមហ៊ុន CIIDG Erdos Hongjun Electric Power ក៏កំពុងប្រតិបត្តិការរោងចក្រថាមពលដំណើរការដោយធ្យូងថ្មចំនួន 135មេហ្គាវ៉ាត់នៅក្នុងខេត្តព្រះសីហនុដែរ។
ស្របពេលដែលវិស័យថាមពលអគ្គិសនីនៅកម្ពុជាកំពុងតែពង្រីកការសាងសង់រោងចក្រផលិតថាមពលអគ្គិសនី ដើម្បីបំពេញភាពខ្វះខាត ដែលកើតមានកន្លងមកនោះ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានចាប់ផ្តើមភាពជាដៃគូជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពន្លឿនការផ្លាស់ប្តូរទៅរកវិស័យថាមពលដែលមាននិរន្តរភាពសុវត្ថិភាព និងផ្តោតលើទីផ្សារនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ ត្រូវបានចុះហត្ថលេខាដោយអគ្គនាយកស្តីទីនៃទីភ្នាក់ងារ USAID ប្រចាំនៅអាស៊ី និងលោក Tomoyuki Kimura អគ្គនាយកនៃអគ្គនាយកដ្ឋានយុទ្ធសាស្ត្រគោលនយោបាយ និងពិនិត្យរបស់ ADB ដែលត្រូវបានរៀបចំនៅក្នុងការិយាល័យកណ្តាលរបស់ ADB។
ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ ទីភ្នាក់ងារUSAID និងធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើ ការប្រមូលប្រាក់វិនិយោគចំនួន 7ពាន់លានដុល្លារ សម្រាប់គម្រោងថាមពលនៅអាស៊ី និងប៉ាស៊ីហ្វិកក្នុងការបង្កើនសមត្ថភាពប្រព័ន្ធថាមពលស្អាត 7ជីហ្គាវ៉ាត់(gigawatts) និងបង្កើនពាណិជ្ជកម្មថាមពលក្នុងតំបន់ឱ្យបានចំនួន10% ក្នុងរយៈពេល 5ឆ្នាំខាងមុខ។កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ប្រសិទ្ធភាពថាម-ពល កំណែទម្រង់វិស័យថាមពល និងអភិបាលកិច្ចល្អនៃវិស័យថាមពលក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
ភាពជាដៃគូថ្មីនេះ ធ្វើឡើងបន្ទាប់ពីកិច្ចសហការអភិវឌ្ឍន៍របស់ទីភ្នាក់ងារ USAID និងសហភាពអឺរ៉ុប អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅខែក្រោយធ្វើខួប 1ឆ្នាំនៃការអភិវឌ្ឍអាស៊ី និងការរីកចម្រើនតាមរយៈថាមពលអាស៊ី ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយដែលជាការរួមចំណែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ធនាគារអភិវឌ្ឍន៍អាស៊ី បានប្តេជ្ញាក្នុងការចូលរួមអភិវឌ្ឍដល់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រកបដោយភាពរឹងមាំគ្រប់ជ្រុងជ្រោយ និងមាននិរន្តរភាព ខណៈកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីចូលរួមលុបបំបាត់ភាពក្រីក្រ។ កាលពីឆ្នាំ2018 ធនាគារនេះបានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន 21,6ពាន់លានដុល្លារ៕