ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងបង្ហាញកំណើន និងសក្តានុពល ស្របពេលដែលនិន្នាការនេះកំពុងមានការរីកចម្រើននៅកម្ពុជា និងក្នុងពិភពលោក។
លោកឧកញ៉ា សៀ រិទ្ធីអគ្គ នាយកក្រុមហ៊ុន World Bridge Land ដែលបានពង្រីកក្រុមហ៊ុនធ្វើពាណិជ្ជកម្មតាមបច្ចេកវិទ្យាអនឡាញគឺក្រុមហ៊ុន World Bridge Ecommerce តាមរយៈវេបសាយ Maiomall.com បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី21 មិថុនានេះថា កម្លាំងចលករនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅលើពិភពលោក កំពុងតែផ្លាស់ប្តូរ ព្រោះមនុស្សកាន់តែពិបាកក្នុងការធ្វើដំណើរ ហេតុនេះពួកគេចាប់ផ្តើមទិញទំនិញតាមអនឡាញ។
លោកបន្តថា ចំណែកស្រុកខ្មែរវិញ ទោះបីជាមានប្រជាជនតិច តែមានប្រជាជនវ័យក្មេងច្រើន និងពួកគេប្រើប្រាស់អ៊ីនធើណេតច្រើន ហើយចរន្តនៃការធ្វើពាណិជ្ជកម្មកាន់តែផ្លាស់ប្តូរ និងចាប់ផ្តើមទិញ និងលក់ទំនិញតាមប្រព័ន្ធអនឡាញ។
លោកបន្តថា “អ្នកដើរផ្សារទំនើប ពួកគេភាគច្រើនទៅញុំាអាហារ និងកម្សាន្ត ពួកគេមិនទិញទំនិញច្រើនដូចមុនទេ ពួកគេចាប់ផ្តើមកុម្ម៉ង់ទិញទំនិញតាមអនឡាញ ប៉ុន្តែដោយសារយើងមិនទាន់មានច្បាប់ E-commerce ទើបធ្វើឲ្យការលូតលាស់នៃវិស័យនេះនៅមានកម្រិត”។ លោកបន្តថា “វាត្រូវការពេលវេលា និងត្រូវការពង្រីកបណ្តាញទីផ្សារបន្ថែមទៅកាន់ប្រទេសឡាវ និងភូមានាពេលខាងមុខ”។
លោកឧកញ៉ា សៀ រិទ្ធី បានបន្តថា “ទីផ្សារនេះកំពុងរីកចម្រើន ប៉ុន្តែនៅមានទំហំតូចនៅឡើយ ហេតុនេះទើបលោករំពឹងថា រយៈពេល 5ឆ្នាំខាងមុខទើបលោកអាចប្រមូលប្រាក់ចំណេញត្រឡប់មកវិញបាន”។
អគ្គនាយកក្រុមហ៊ុនលីហួរគ្រុប លោកឧកញ៉ា លី ហួរ ដែលបានបើកសេវាផ្ទេរប្រាក់លីហួរបានថ្លែងថា សេវាកម្មផ្ទេរប្រាក់នៅកម្ពុជាមានទីផ្សារតូច និងប្រជាជនតិច ប៉ុន្តែនិន្នាការនេះកំពុងបង្ហាញសញ្ញារីកចម្រើនហើយ។ លោកបន្តថា ដោយសារទីផ្សារនេះតូច ប្រជាជនតិចបានធ្វើឲ្យការប្រកួតប្រជែងមានសភាពខ្លាំងក្លា ហេតុនេះការរីកចម្រើនរបស់ក្រុមហ៊ុននីមួយៗវាអាស្រ័យលើការសហការ និងការពង្រីកបណ្តាញរបស់ខ្លួនបានទូលំទូលាយកម្រិតណា។
លោកបន្តថា “អ្នកជំនួញបច្ចុប្បន្នបាន និងកំពុងពង្រីកទីផ្សារចាប់ដៃគូជាមួយប្រទេសនានា ដើម្បីពង្រីកទីផ្សាររបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ព្រោះនៅពេលទីផ្សាររបស់យើងទូលាយ ទើបយើងមានឱកាសរកផលចំណេញបាន”។ លោកបន្តថា “យើងត្រូវការការសហការ ព្រោះបើពឹងផ្អែកតែទីផ្សារក្នុងស្រុកមិនអាចទទួលបានជោគជ័យនោះទេ”៕