ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូសាលារៀនជំនាន់ថ្មីមួយនៅក្នុងវិទ្យាស្ថានជាតិអប់រំ ដែលមានសកម្មភាពបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំជំនាញ សីលធម៌វិជ្ជាជីវៈ ការបង្រៀន និងការផ្តល់ប្រឹក្សាជាដើម។
កម្មវិធីនេះនឹងផ្តោតលើការបង្រៀនលើមេរៀនសំខាន់ៗចំនួន4 គឺទី1 សីលធម៌វិជ្ជាជីវៈ និងការផ្តល់ប្រឹក្សាគ្រូ។ ទី2 ភាសាអង់គ្លេសសម្រាប់ការស្រាវជ្រាវអប់រំ។ទី3 បច្ចេកវិទ្យា និងសារគមនាគមន៍ក្នុងការអប់រំ និងទី4 គោលការណ៍ និងប្រព័ន្ធគរុកោសល្យទូទៅ។
កម្មវិធីនេះនឹងប្រើប្រាស់សូហ្វវែរ (software) លំដាប់ថ្នាក់ពិភពលោកសម្រាប់ជួយផ្តល់ការប្រឹក្សាគ្រូការសិក្សាបែប Seminar ដែលមួយបន្ទប់មាននិស្សិត12នាក់ជាមួយសាស្ត្រាចារ្យ 2នាក់ ក្នុងអគារសិក្សាទំនើប។ កម្មវិធីនេះក៏មានការចុះកម្មវិសិក្សា និងសរសេរនិក្ខេបបទបញ្ចប់ការសិក្សាផងដែរ ដោយក្នុងឆ្នាំដំបូងនិស្សិតចំនួន 25នាក់នឹងទទួលបានអាហារូបករណ៍ដើម្បីសិក្សា។
គួរបញ្ជាក់ផងដែរថា ការបណ្តុះបណ្តាលគ្រូបង្រៀនជាផ្នែកយ៉ាងសំខាន់មួយដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងយកចិត្តទុកដាក់ ព្រោះសមត្ថភាពសិស្សអាចខ្លាំងទៅបានលុះត្រាតែមានគ្រូខ្លាំងជាមុនសិន។ កត្តានេះហើយទើបធ្វើឱ្យយើងត្រូវបណ្តុះបណ្តាលគ្រូដែលមានសមត្ថភាពខ្លាំងថ្មីៗជាច្រើនទៀតដើម្បីបណ្តុះបណ្តាលទាំងនៅក្នុងទីក្រុង និងពង្រាយតាមគោលដៅនានាពេញប្រទេសកម្ពុជា៕