អង្គការស៊ីប៉ា ដែលជាអង្គការធ្វើការងារលើគម្រោងជាច្រើនពាក់ព័ន្ធនឹងការអាន បានប្រកាសចាប់ផ្តើមគម្រោងថ្មីមួយរបស់ខ្លួនដើម្បីជួយអប់រំដល់អ្នកជាប់ទោស ឬទណ្ឌិតនៅក្នុងពន្ធនាគារឱ្យមានឱកាសសិក្សាស្វែងយល់ពីការរស់នៅល្អ និងកែប្រែសម្បទាឱ្យក្លាយជាពលរដ្ឋល្អក្រោយពេលចេញពីពន្ធនាគារ។ គម្រោងរបស់អង្គការសុីប៉ានេះមានឈ្មោះថា “គម្រោងបណ្ណាល័យក្នុងពន្ធនាគារ” ដែលមានរយៈពេល 3ឆ្នាំ ដែលគ្រោងចំណាយថវិកាប្រមាណ 53ម៉ឺនដុល្លារ ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍមូលនិធិ Pierre Bellon និងថវិកាផ្ទាល់របស់អង្គការស៊ីប៉ា។
នាយកអង្គការស៊ីប៉ា លោក ហុក សិទ្ធិ បានលើកឡើងថា នេះជាដំណាក់កាលទី3 នៃគម្រោងបណ្ណាល័យសម្រាប់ពន្ធនាគារដែលបានសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារចាប់តាំងពីឆ្នាំ2012 មកម្ល៉េះដើម្បីរៀបចំជាបណ្ណាល័យ និងផ្ដល់សៀវភៅដល់ទណ្ឌិតប្រមាណ 30,000នាក់ ដើម្បីអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈមុនពេលពួកគេចេញពីពន្ធនាគារ។ តាមរយៈគម្រោងនេះអ្នកជាប់ឃុំនឹងទទួលបានសេវាអប់រំកាន់តែប្រសើរ ហើយយើងក៏នឹងធ្វើការបណ្តុះបណ្តាលមន្ត្រីដែលបម្រើការងារក្នុងពន្ធធនាគារលើការគ្រប់គ្រងបណ្ណាល័យ និងជំនាញសំខាន់ៗមួយចំនួនផ្សេងទៀត។
ឧត្តមអគ្គានុរក្សថ្នាក់លេខ1 លោក ព្រុំ ចាន់នី ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា បានបញ្ជាក់ថា គម្រោងនេះផ្តោតសំខាន់លើការគាំទ្របណ្តាញបណ្ណាល័យថ្នាក់ជាតិដើម្បីអប់រំ និងកម្មវិធីសមាហរណកម្មជនជាប់ឃុំទៅក្នុងសង្គមវិញ។ គម្រោងបណ្ណាល័យជំហានថ្មីនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេល 3ឆ្នាំ គឺនៅដើមឆ្នាំ 2022 ដែលខាងស៊ីប៉ានឹងបញ្ចប់គម្រោងទាំងស្រុងរបស់ខ្លួន។
លោក ព្រុំ ចាន់នី បាននិយាយថា៖ “អង្គការស៊ីប៉ា បានខិតខំសម្រាំងនាំមកនូវសៀវភៅល្អៗសម្រាប់ឱ្យទណ្ឌិតឃុំបានអាន និងខ្ចីយកទៅអានក្នុងបន្ទប់ ដើម្បីសិក្សាស្រាវជ្រាវបង្កើនចំណេះដឹងផ្ទាល់ខ្លួន និងកែប្រែខ្លួនឱ្យក្លាយជាប្រជាជនល្អដើម្បីកាត់បន្ថយការប្រព្រឹត្តបទល្មើសជាថ្មី”។
លោកប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទាបានបន្ថែមទៀតថា តាមរយៈគម្រោងនេះយើងអាចកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារមួយរយៈពេលខ្លី និងធ្វើឱ្យបរិយាកាស និងការលម្ហែកាយខាងក្រៅបន្ទប់ឃុំឃាំងបានមួយរយៈពេលខ្លីផងដែរ។ ក្រៅពីនេះវាក៏អាចកាត់បន្ថយបាននូវការឡូឡា ឈ្លោះប្រកែកគ្នារវាងទណ្ឌិតនៅក្នុងបន្ទប់ជាមួយគ្នា កាត់បន្ថយអារម្មណ៍ស្មុគស្មាញ ការនឹកដល់ក្រុមគ្រួសារ និងកាត់បន្ថយការគិតពីល្បិចលួចចេញពីពន្ធនាគារផងដែរ។
បន្ថែមពីលើនេះ តាមរយៈការអាន ទណ្ឌិតក៏អាចកាត់បន្ថយបាននូវបញ្ហាជំងឺបាក់ទឹកចិត្តរបស់ពួកគេ ព្រោះវាអាចធ្វើឱ្យអារម្មណ៍ធូរស្រាល និងប្រសើរជាងមុនច្រើនដែលអាចជួយដល់ស្មារតីរបស់ពួកគេ។ វាក៏អាចជួយឱ្យអ្នកជាប់ឃុំទាំងអស់បង្កើនសមត្ថភាពសរសេរបានល្អ ទទួលបានចំណេះដឹងប្រសើរជាងមុន ព្រោះអាចយកចំណេះដឹងពីសៀវភៅដើម្បីប្រើប្រាស់ជាប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាន។ជាលទ្ធផលរំពឹងទុក នៅដំណាក់កាលថ្មីនៃគម្រោងនេះ អ្នកជាប់ឃុំប្រមាណ 35% ឬស្មើនឹងចំនួន30,000នាក់នឹងទទួលបានសេវាអប់រំល្អជាមុនដើម្បីចូលរួមចំណែកធ្វើឱ្យស្ថានភាពក្នុងពន្ធនាគារកាន់តែប្រសើរ និងធ្វើឱ្យពួកគេអាចធ្វើសមាហរណកម្មបានយ៉ាងល្អនៅពេលត្រឡប់ចូលទៅក្នុងសង្គមជាតិពេលដែលពួកគេមានសេរីភាពវិញ៕