ប្រជាជនខ្មែរជាច្រើនសុទ្ធតែធ្លាប់ដឹងហើយថា កម្ពុជានិងជប៉ុន គឺជាប្រទេសដែលមានទំនាក់ទំនងល្អជាមួយគ្នាលើវិស័យជាច្រើន ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ វិស័យពាណិជ្ជកម្ម និងអប់រំជាដើម។ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលជប៉ុន និងមូលនិធិធំៗរបស់ជប៉ុនបានផ្តល់ជំនួយជាច្រើនដល់កម្ពុជាដើម្បីផ្តល់ឱកាសឱ្យធនធានមនុស្សនៅកម្ពុជាបានបន្តការសិក្សា ផ្លាស់ប្តូរវប្បធម៌ និងអភិវឌ្ឍសមត្ថភាពតាមរយៈការផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ដើម្បីយកចំណេះដឹងទាំងអស់នោះមកចូលរួមអភិវឌ្ឍសង្គមជាតិ។
ថ្មីៗនេះតាមរយៈមូលនិធិគាំទ្រការអប់រំកម្ពុជាអន្តរជាតិ (CIEFS-Cambodia International Education Support Foundation)របស់ជប៉ុន បានបង្កើតជាសាលារៀនស្តង់ដាជប៉ុនថ្មីមួយនៅកម្ពុជា ដែលមានឈ្មោះថា សាលាបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ CIESF (CIEFS-Leaders Academy Kindergarten) ដើម្បីបណ្តុះបណ្តាលកុមារកម្ពុជាដោយឥតគិតថ្លៃ នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។
ថ្លែងនៅក្នុងកម្មវិធីសម្ពោធសាលាភាពជាអ្នកដឹកនាំ CIESF កាលពីដើមខែមិថុនានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា គោលបំណងនៃការបង្កើតសាលានេះ គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសកុមារកម្ពុជាតាមរយៈកម្មវិធីជប៉ុន ដើម្បីឱ្យពួកគេបានរៀនសូត្រទាំងភាសាខ្មែរ និងភាសាជប៉ុន។ សាលានេះក៏ធ្វើការអប់រំកុមារកម្ពុជាពីក្មេង ឱ្យស្គាល់ពីវប្បធម៌របស់ជប៉ុន ដើម្បីធ្វើឱ្យពួកគេបានយល់ដឹង និងមានទម្លាប់ល្អ ក្នុងការទំនាក់ទំនង ហើយអាចចូលធ្វើការងារនៅក្នុងក្រុមហ៊ុនជប៉ុនបាន។
ឯកឧត្តម ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា៖ “គោលដៅរបស់យើង គឺធ្វើយ៉ាងម៉េចដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើនដើម្បីដាក់ទុនវិនិយោគនៅកម្ពុជា”។
ឯកឧត្តមរដ្ឋមន្ត្រី ធ្លាប់បានលើកឡើងផងដែរពីបញ្ហាប្រឈមមួយចំនួនរបស់ធនធានមនុស្សនៅកម្ពុជា ដែលអ្នកវិនិយោគចង់ឱ្យមានការផ្លាស់ប្តូរ។ បញ្ហារបស់ប្រជាជនយើងអាចសិក្សាបានលើជំនាញរឹង ក៏ដូចជាជំនាញសម្រាប់អាជីពបានដោយមិនមានបញ្ហា តែពួកគេមិនសូវមានជំនាញទន់ ដូចជាជំនាញភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា របៀបធ្វើការងារជាក្រុម របៀបធ្វើការងារជាមួយនឹងជនបរទេសដែលមានវប្បធម៌ និងការយល់ឃើញខុសគ្នា និងការអភិវឌ្ឍសមត្ថភាពដើម្បីបង្កើតគំនិតច្នៃប្រឌិតជាដើម។ ជាដំណោះស្រាយក្រសួងអប់រំ ក៏បានរៀបចំបង្កើតកម្មវិធីជាច្រើនដើម្បីបណ្តុះបណ្តាលបន្ថែមទាំងធនធានគ្រូបង្រៀន និងទាំងសិស្ស-និស្សិតឱ្យមានជំនាញទន់កាន់តែច្រើនដើម្បីឆ្លើយតបជាមួយនឹងតម្រូវការជាក់ស្តែងរបស់អ្នកវិនិយោគ។ ការបង្កើតសាលាបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនេះ អាចជាមធ្យោបាយយ៉ាងសំខាន់ផងដែរ ដើម្បីបណ្តុះបណ្តាលកុមារកម្ពុជាទាំងចំណេះជំនាញ និងឥរិយាបថល្អសម្រាប់ការរស់នៅ។
សាលាបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ CIESF មានទីតាំងនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសាលានោះបានចាប់ផ្តើមដំណើរការជាផ្លូវការចាប់តាំងពីខែកញ្ញា ឆ្នាំ2016 មកម្ល៉េះ។ សិស្សដែលអាចចូលរៀន គឺជាកុមារដែលមានអាយុចាប់ពី 2ឆ្នាំឡើងទៅ ដោយមិនតម្រូវឱ្យបង់ប្រាក់ឡើយ តែអាណាព្យាបាលត្រូវបង់ជាប្រាក់វិភាគទានលើថ្លៃសម្ភារសិក្សា ថ្លៃឯកសណ្ឋានសិស្ស ថ្លៃឯកសណ្ឋានកីឡា មួកសិស្ស កន្សែងជូតដៃ អាហារសម្រន់ ថ្លៃដំណើរកម្សាន្តសិស្ស 2ដងក្នុង1ឆ្នាំ ដែលសរុបជាទឹកប្រាក់ប្រមាណ 420ដុល្លារក្នុង 1ឆ្នាំ ឬ 35ដុល្លារក្នុង 1ខែ។ ដើម្បីបានចូលរៀនសាលានេះបានអាណាព្យាបាលត្រូវឆ្លងកាត់ការសម្ភាស និងបំពេញលក្ខខណ្ឌដែលសាលាបានផ្តល់ជូនជាមុនសិនទើបអាចត្រូវបានសាលាជ្រើសរើសឱ្យចូលរៀនបាន។
ប្រធានមូលនិធិ CIESF លោក Okubo Hideo បានលើកឡើងថា សាលាបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ CIESF នេះត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលការអប់រំដែលគិតពីផលប្រយោជន៍ផែនដី ប្រកាន់ខ្ជាប់នូវទឹកចិត្តល្អចំពោះអ្នកដទៃ និងផ្តល់ឱកាសឱ្យកុមារបានរៀនសូត្រដោយខ្លួនឯង ហើយធ្វើការអភិវឌ្ឍខ្លួនដើម្បីបើកផ្លូវទៅកាន់អនាគតខ្លួនឯងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម និងពិភពលោក។ សាលានេះនឹងប្រគល់ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃអនាគតដើម្បីធ្វើជាសាលាគំរូសម្រាប់ការអប់រំ៕