តើប្រិយមិត្តអ្នកអាន និងប្អូនៗដែលជាអ្នកម្ដាយថ្មោងថ្មីធ្លាប់នឹកឆ្ងល់ដែរទេថា តើទារកដែលទើបនឹងកើតអាចសម្លឹងមើលបានឆ្ងាយប៉ុនណា? និងតើទារកចូលចិត្តសម្លឹងមើលអ្វីជាពិសេសដែរឬទេ? លេខនេះអ្នកគ្រូ ឆវី មានលទ្ធផលនៃការស្រាវជ្រាវវិភាគមួយដែលនឹងបកស្រាយបញ្ជាក់ប្រាប់យើងអំពីចម្ងល់ទាំងអស់ខាងលើនេះបានដូចតទៅ ៖
បន្ទាប់ពីទារកបានប្រសូតចេញមកហើយ ជាប្រក្រតីទារកអាចសម្លឹងឃើញវត្ថុផ្សេងៗបានក្នុងចម្ងាយ 1ហ៊្វុត(ប្រមាណជាកន្លះម៉ែត្រ) និងអាចសម្លឹងមើលមួយកន្លែងបានយូរប្រមាណជា 4–10វិនាទី ហើយការវិវឌ្ឍទៅមុខនៃការមើលឃើញរបស់ទារកនោះអាចរៀបរៀងជាដំណាក់កាលបានដូចតទៅ ៖ទារកទើបនឹងកើតអាចចំណាំមុខឪពុកម្តាយបានក្រោយពេលកើត 4ថ្ងៃ។លុះអាយុបាន1ខែ ទារកអាចមើលឃើញរបស់របរផ្សេងៗបានក្នុងចម្ងាយ 15អុីញ(ប្រមាណជិត 4តឹក) ហើយដៃចាប់ផ្តើមឈោងទៅប៉ះវត្ថុដែលខ្លួនមើលឃើញនោះ។ពេលទារកអាយុបាន3ខែ ចាប់ផ្តើមចេះបែងចែករយៈចម្ងាយ ឆ្ងាយ-ជិតបាន ហើយពេលអាយុ4ខែ ទារកអាចសម្រួលការមើលឃើញរបស់ខ្លួនបានយ៉ាងពេញលេញ។
សំនួរដែលជួបប្រទះញឹកញាប់ : តើទារកចូលចិត្តសម្លឹងមើលអ្វីខ្លាំងបំផុត?
មានលទ្ធផលនៃការស្រាវជ្រាវវិភាគរបស់ Dr. Robert Fantz អ្នកស្រាវជ្រាវផ្នែកការប្រព្រឹត្តរបស់ទារកដែលបានសិក្សាអំពីរឿងថា តើទារកចូលចិត្តសម្លឹងមើលអ្វី និងបានធ្វើការសាកល្បងរហូតទទួលបានលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ដូចតទៅ ៖
1. ទារក ចូលចិត្តសម្លឹងផ្ទៃមុខរបស់ឪពុកម្តាយដែលបង្ហាញនូវសេចក្តីស្រឡាញ់ ភាពទន់ភ្លន់ ព្រោះពេលដែលទារកសម្លឹងមើលនោះ ទារកនឹងសម្លឹងត្រង់ចំកែវភ្នែករបស់ឪពុក និងម្តាយ ព្រោះស្នាមញញឹម និងខ្សែភ្នែកដ៏ស្រទន់របស់ឪពុកម្តាយបានបង្កើតនូវភាពកក់ក្តៅដល់ទារក។
2. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានចលនាច្រើនជាងវត្ថុដែលនៅស្ងៀមមួយកន្លែង។
3. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានពណ៌ផ្ទុយគ្នាយ៉ាងច្បាស់ៗ ដូចជា ពណ៌សផ្ទុយគ្នានឹងពណ៌ខ្មៅ ជាដើម។
តើយើងអាចជួយជំរុញការវិវឌ្ឍប្រព័ន្ធការមើលឃើញរបស់កូនតូចបានតាមរបៀបណា?
តិចនិកងាយៗដែលឪពុកម្តាយអាចជួយជំរុញការវិវឌ្ឍការមើលឃើញរបស់កូនបាន មានដូចខាងក្រោម ៖
1. ព្យាយាមមើលមុខកូនឱ្យបានញឹកញាប់ ព្រោះកែវភ្នែករបស់មនុស្សមានរាងមូល និងមានភាពផ្ទុយគ្នាយ៉ាងច្បាស់រវាងភ្នែកពណ៌ស និងប្រស្រីភ្នែកពណ៌ខ្មៅ ហើយអ្វីដែលសំខាន់បំផុតនោះគឺ កែវភ្នែកអាចរំកិលទៅឆ្វេង ស្តាំ លើក្រោមបានទៀតផង។
2. ផ្លាស់ប្ដូរឥរិយាបថដំណេករបស់កូន ដើម្បីឱ្យទារកបានមើលឃើញសភាពជុំវិញខ្លួនដែលមានការប្រែប្រួល។
3. រករូបថតមុខឪពុកម្តាយមកដាក់ក្បែរៗកន្លែងគេងរបស់កូន ដើម្បីឱ្យកូនបានមើលឃើញនិងចំណាំមុខបានកាន់តែឆាប់ឡើង។
4. ព្យួររបស់ផ្សេងៗដូចជា រូបបក្សីក្រដាសជាដើម នៅក្នុងទីតាំងដែលទារកអាចមើលឃើញនិងលូកដៃចាប់ប៉ះបាន។
5. ព្យាយាមលេងជាមួយកូនឱ្យបានញឹកញាប់ដូចជាឱ្យកូនមើលរូបខ្លួនឯងនៅក្នុងកញ្ចក់ ព្រមទាំងនិយាយលេងជាមួយកូនផង។ហ្វឹកហាត់ការមើលឃើញដល់កូនតាំងពីកំណើតបែបនេះ ដល់ពេលធំឡើងកូននឹងក្លាយជាមនុស្សដែលមានខ្សែភ្នែកមុតស្រួចមិនខាន។ ដោយបំណង និងក្តីប្រាថ្នាដ៏ល្អ ពីអ្នកគ្រូ ឆវី និងទស្សនាវដ្តី ឡារ៉ែន៕