ដោយជាប់បំពេញការងារនៅតាមការិយាល័យ ការងារជួញដូរ ក៏ដូចជាការធ្វើអាជីវកម្មប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនបានឃ្លាតចេញពីការងារកសិកម្មកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន នេះបើតាមការលើកឡើងរបស់ស្ថាបនិកអង្គការសេដាក។
លោក យ៉ង សាំងកុមារ ទីប្រឹក្សាកសិកម្ម និងជាស្ថាបនិកអង្គការសេដាកមានប្រសាសន៍ថា និន្នាការនៃការចាកចេញពីការងារកសិកម្មកាន់តែច្រើននេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាយើងនោះទេ តែជានិន្នាការសកលនៅទូទាំងពិភពលោកតែម្តង ដោយហេតុថាការងារកសិកម្ម កសិករមិនសូវរកប្រាក់កម្រៃបានច្រើន ខណៈដែលសេដ្ឋកិច្ចកាន់តែរីកចម្រើន មនុស្សចេះតែធ្វើចំណាកស្រុករកការងារធ្វើ ទៅតាមការិយាល័យ ការងារសំណង់ ក៍ដូចជាការប្រកបរបរជួញដូរផ្សេងៗទៀត។
ទោះជាមានការងារធ្វើ ទទួលបានប្រាក់កម្រៃច្រើនក៏ដោយ ប៉ុន្តែពលរដ្ឋគួរចំណាយពេលរៀបចំសួនដាំបន្លែនៅតាមផ្ទះ ឱ្យបានគ្រប់គ្នាៗ បើសិនជាមានដីសេសសល់ឬអាចរៀបចំសួនដាំលើដំបូលផ្ទះក៏បាន។ ការដាំបន្លែនៅតាមផ្ទះ វាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់គ្រួសារនីមួយៗ ពិសេសប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ។ អត្ថប្រយោជន៍នៅត្រង់ថា នៅពេលគាត់ឆ្លៀតពេលមួយម៉ោង ក្រោយពេលចេញពីធ្វើការឬមុនពេលទៅធ្វើការ មករៀបចំសួននៅតាមផ្ទះសម្រាប់ដាំបន្លែ គឺយើងបានបញ្ចេញកម្លាំងពលកម្ម បញ្ចេញញើសបញ្ចេញជាតិពុលចេញពីក្នុងខ្លួន ប្រៀបដូចការធ្វើលំហាត់ប្រាណ ដើម្បីទទួលបានសុខភាពល្អផងដែរ ហើយចំណាយពេលមួយថ្ងៃកន្លះម៉ោង ឬមួយម៉ោងសម្រាប់ធ្វើការថែទាំដាក់ជីស្រោចទឹករៀងរាល់ថ្ងៃ ភ្លេចៗខ្លួនយើងទទួលបានបន្លែហូបនៅផ្ទះខ្លួនឯង មិនបាច់ចំណាយលុយទិញនៅផ្សារ អស់លុយហើយចង់មិនចង់ ទិញចំបន្លែមិនមានសុវត្ថិភាព ឬទិញមិនបានបន្លែសរីរាង្គមកទទួលទាន អស់លុយហើយបន្លែមិនឆ្ងាញ់ ឬប៉ះចំបន្លែគីមីប៉ះពាល់សុខភាពទៀតផង។
ប្រាកដណាស់ បើសិនជាទិញបន្លែតាមផ្សារខាងក្រៅនានា ក្នុងក្រុងភ្នំពេញ ភាគច្រើនជាបន្លែមានសារធាតុគីមី បន្លែមិនមានសុវត្ថិភាព នាំចូលមកពីទីផ្សារក្រៅប្រទេស ជាពិសេសនាំចូលពីប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាមជាដើម ឬជាបន្លែផលិតក្នុងស្រុកដែលគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញកសិកម្ម។ បន្លែសុវត្ថិភាពឬបន្លែសរីរាង្គ ត្រូវគេរកទិញបាននៅតាមតែផ្សារបន្លែសរីរាង្គ ឬផ្សារទំនើបមួយចំនួនប៉ុណ្ណោះនៅក្នុងក្រុងភ្នំពេញ។ លោកថាដើម្បីចៀសវាងការចំណាយប្រាក់ទិញបន្លែនៅខាងក្រៅ ប្រជាពលរដ្ឋគួរលៃលកដីនៅសល់ក្បែរផ្ទះ រៀបចំសួនបន្លែ ហើយរកល្បាយដីពីជនបទមកដាំនៅលើដំបូលផ្ទះដោយខ្លួនឯងក៏បាន ដែលជាកត្តាធ្វើឱ្យគ្រួសារ ទទួលបានផលចំណេញច្រើននឹកស្មានមិនដល់។ អត្ថប្រយោជន៍គ្រួសារដូចជា មិនចំណាយប្រាក់ទិញ បន្លែនៅផ្សារ ហើយទទួលបានបន្លែឆ្ងាញ់បន្លែធម្មជាតិពិតៗ ជួយឱ្យសុខភាពយើងល្អប្រសើរឡើងទៀតផង។
ដោយមើលឃើញតម្រូវការបន្លែធម្មជាតិ ទទួលទានសម្រាប់សុខភាពល្អ ស្ថាបនិកអង្គការសេដាកខាងលើ បានរៀបចំដីកសិកម្មចំនួន45ហិកតា នៅស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីពុះឡូត៍លក់ទៅឱ្យអតិថិជន នៅក្នុងក្រុងភ្នំពេញ។ ពុះឡូត៍នោះមិនមែនសម្រាប់សាងសង់ផ្ទះរស់នៅដូចដីឡូត៍ នៅជាយក្រុងនោះទេ ការពុះឡូត៍នោះមានទំហំ 20×40ម៉ែត្រ បង់រំលស់មួយខែ120ទៅដល់150ដុល្លារ សម្រាប់រៀបចំសួនដាំបន្លែ ដោយមានអ្នកថែទាំនៅទីនោះស្រាប់។គ្រាន់តែទិញដីពុះឡូត៍នោះ អតិថិជនចំណាយប្រាក់បង់ប្រចាំខែប្រហែលមួយឆ្នាំប៉ុណ្ណោះ នឹងបានផលជាបន្លែត្រឡប់មកវិញ ពោលគឺបន្ទាប់ពីមួយឆ្នាំក្រោយមក បន្លែនឹងចាប់ផ្តើមឱ្យផល អាចបេះយកមកទទួលទានគ្រួសារផ្ទាល់ខ្លួនផង ប្រមូលផលយកមកលក់បន្តឱ្យអ្នកជិតខាងយើងបានផង។
ក្នុងបរិមាណដីទំហំ20ម៉ែត្រគុណនឹង40ម៉ែត្រនោះ អតិថិជនអាចជ្រើសរើសបន្លែដែលខ្លួនពេញចិត្តសម្រាប់ដាំ តិចបំផុតឱ្យបានចាប់ពី10មុខឡើងទៅ ដោយនៅតាមរងសងខាងភាគច្រើនគេដាំស្តៅ និងម្រុំ ល្ហុង ចេក ស្រកានាគ ត្រសក់ សណ្តែកកួរ ដើមពោតបារាំងឬហៅថាដើមអូក្រា ស្លឹកគ្រៃ រំដេង រមៀត ខ្ញី ខ្ទឹមជាដើម។ល។ ក្រោយពីដំណាំទាំងនេះទទួលបានផលហើយ លោកបានរៀបចំរថយន្តដឹកយកមកដាក់ ទុកនៅផ្សារសេដាក ក្នុងខណ្ឌទួលគោកក្រុងភ្នំពេញជារៀងរាល់សប្តាហ៍ ដើម្បីឱ្យម្ចាស់សួនបន្លែនីមួយៗទៅយកមកទទួលទាន ឬសម្រាប់លក់បន្តទៅឱ្យអ្នកជិតខាង ឬលក់នៅតាមផ្សារបន្លែសរីរាង្គផ្សេងៗក៏បាន។
ហើយលើសពីនេះ លោកតែងរៀបចំដំណើរកម្សាន្តកសិទេសចរណ៍ ជាមួយសមាជិកសហគមន៍ជារៀងរាល់ខែ ដោយជួលរថយន្តក្រុង ដឹកសមាជិកទាំងអស់ទៅលេងចម្ការ បេះបន្លែផ្លែឈើ ស្ទូចត្រីធ្វើម្ហូបអាហារទទួលទានលក្ខណៈជាក្រុម ជារៀងរាល់ខែទៀតផង។ ព្រោះថាបរិមាណដីទំហុំ45ហិកតានេះ លោកកាត់យកពាក់កណ្តាលប៉ុណ្ណោះសម្រាប់ពុះឡូត៍ លក់ជូនអតិថិជនសម្រាប់ធ្វើដំណាំកសិកម្មនេះ នៅសល់ពាក់កណ្តាល លោកទុកសម្រាប់ជីកស្រះចិញ្ចឹមត្រី មានទាំងត្រីធម្មជាតិ មានទាំងត្រីផ្តល់ចំណីធម្មជាតិថែមទៀត ដែលសមាជិកអាចទៅស្ទូចយកមកធ្វើម្ហូបបាន ដោយមិនគិតលុយ ហើយសម្រាប់អ្នកមិនមែនជាសមាជិកក៏ទៅស្ទូចបានដែរ តែត្រូវបង់លុយខ្លះឱ្យថ្លៃពលកម្មអ្នកថែទាំទីនោះ។ នៅសល់ពីការធ្វើស្រះចិញ្ចឹមត្រី លោកទុកដីដាំព្រៃឈើបន្ថែមពីព្រៃធម្មជាតិ ធ្វើផ្លូវកាត់ព្រៃនីមួយៗឱ្យស្អាត សម្រាប់ធ្វើដំណើរកម្សាន្តក្នុងព្រៃ ដោយដាំដើមឈើអមសងខាងផ្លូវ ផ្លូវខ្លះដាំដើមក្ងោកសុទ្ធ ផ្លូវខ្លះដាំដើមអង្គាបុស្សសុទ្ឋ ដើមរំដួលដើមលឿងរាជ ដើមកកោះ បេង ក្រញូង និងដើមឈើរផ្សេងៗទៀត។
គួរបញ្ជាក់ថា សម្រាប់គម្រោងនេះបានចាប់ផ្តើមប្រមាណជា2ទៅ3ខែប៉ុណ្ណោះ មានអតិថិជនគ្រាំទ្រទិញអស់ប្រមាណជា 100ឡូត៍រួចទៅហើយ ហើយនៅសល់ប្រមាណជា50ឡូត៍ទៀតប៉ុណ្ណោះ។ ដើម្បីឱ្យគ្រួសារមានសុខភាពល្អ ពលរដ្ឋគួរទិញសួនបន្លែនេះ ទុកដាំដំណាំ ព្រោះថាយើងចំណាយប្រាក់តែមួយឆ្នាំដំបូងប៉ុណ្ណោះ ចាប់ពីឆ្នាំទី2យើង អាចបានបន្លែទទួលទានខ្លួនឯង ហើយលក់បានប្រាក់កម្រៃ សម្រាប់បង់ថ្លៃដីប្រចាំខែវិញហើយ៕